សារព័ត៌មានរ៉យទ័របានផ្សាយថា មន្ត្រីជាន់ខ្ពស់ជិតស្និទ្ធបំផុតជាមួយមេដឹកនាំ កូរ៉េខាងជើង បានទៅដល់ប្រទេសសិង្ហបុរី កាលពីយប់ថ្ងៃទី ២៨ខែឧសភា ដើម្បី ត្រៀមលក្ខណៈសម្រាប់ជំនួបកំពូលរវាង លោកត្រាំនឹងគីម ជុងអ៊ុន។ កិច្ចពិភាក្សាជាន់ខ្ពស់ដែលរងការគំរាមកំហែង លុបចោល ជាច្រើនលើកច្រើនសានោះ ពេលនេះ កំពុងតែលេច ចេញជារូបរាងហើយ។
សារព័ត៌មានជប៉ុន NHK បានផ្សាយថា ប្រធានការិយាល័យ រដ្ឋាភិបាលកូរ៉េខាង ជើង លោក Kim Chang Son ដែលជា ទីប្រឹក្សាជិតស្និទ្ធបំផុត របស់មេដឹកនាំគីម ជុងអ៊ុន បានទៅដល់សិង្ហបុរី តាមជើង ហោះហើរប្រទេសចិន ។ជាមួយគ្នានោះ អនុប្រធានការិយាល័យសេតវិមាន អាមេ រិក លោក Joe Hagin ក៏បានទៅកាន់សិង្ហ បុរីដើម្បីត្រៀមរៀបចំជំនួបកំពូល របស់មេ ដឹកនាំប្រទេសទាំងពីរដែរ។
នៅក្នុងហេតុការណ៍ពាក់ព័ន្ធនោះដែរ ទីក្រុងវ៉ាស៊ីនតោនបានសម្រេចចិត្ត «ផ្អាកការដាក់កញ្ចប់ទណ្ឌកម្មថ្មី» ដែលត្រូវបាន ត្រៀមរួចជាស្រេច ដើម្បីប្រឆាំងនឹងទីក្រុងព្យុងយ៉ាង ដែលការសម្រេចចិត្តនេះត្រូវបានធ្វើឡើងស្របពេលដែលកិច្ចប្រជុំកំពូលរវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ នឹងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានវិលត្រឡប់ទៅរកភាពប្រសើរឡើងវិញ។
កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន សេត វិមានបានបញ្ចេញលិខិតរបស់លោក ដូណាល់ ត្រាំ ដែលបានជូនដំណឹងទៅកាន់ លោក គីម ជុងអ៊ុន អំពីការសម្រេចចិត្ត របស់លោក ក្នុងការលុបចោលជំនួបកំពូល រវាងប្រទេសទាំងពីរនៅប្រទេសសិង្ហបុរី ដែលត្រូវបានកំណត់ថា នឹងរៀបចំឡើង នៅថ្ងៃទី១២ ខែមិថុនា។ ប៉ុន្តែក្រោយមក លោក ត្រាំ បានប្រែទៅជានិយាយដូច្នេះ វិញថា លោកនៅតែចង់ជួបមុខលោក គីម ដូចការគ្រោងទុកដដែល។
គួរជម្រាបថា បើតាមសារព័ត៌មានអាមេ រិក Wall Street Journal ទីក្រុងវ៉ាស៊ីនតោន បានត្រៀមខ្លួនជាស្រេចដើម្បីដាក់ទណ្ឌ កម្មកាន់តែធ្ងន់ថែមទៀត ទៅលើរបបដឹក នាំទីក្រុងព្យុងយ៉ាង នៅថ្ងៃអង្គារសប្តាហ៍ នេះ ប៉ុន្តែបានសម្រេចផ្អាកទៅវិញ បន្ទាប់ ពីលោក ត្រាំ បានសម្រេចចិត្តស្រោចស្រង់កិច្ចប្រជុំកំពូលជាប្រវត្តិសាស្រ្ត របស់លោក ជាមួយលោក គីម ឡើងវិញ។
ចំពោះកូរ៉េខាងជើង វិញក៏បានបំផ្លាញទីតាំងសាកល្បងគ្រាប់បែកបរមាណូ Pung gye-ri ក៏ដូចជាទីតាំង សាកល្បងមីស៊ីល ដែរ ។ ទាំងនោះជាឆន្ទៈក្នុងការបំពេញការងារដើម្បីពិភពលោកគ្មានអាវុធនុយក្លេអ៊ែរ។
សារព័ត៌មានផ្លូវការ Rodong Sinmun របស់កូរ៉េខាងជើងបានឲ្យដឹង នៅថ្ងៃចន្ទ ទី២៨ ខែឧសភា ថា វិធានការវិជ្ជមានដែលធ្វើឡើងដោយកូរ៉េខាងជើង ក្នុងការរុះរើទី តាំងបាញ់សាកល្បង អាវុធនុយក្លេអ៊ែរ ក្រោមដី បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសំណាក់ពិភពលោក។ សារព័ត៌មាន ដដែលនេះបានបន្ថែមថា ដោយបានអញ្ជើញប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ មកផ្តិតយករូបភាពនៃព្រឹត្តិការណ៍នេះ, កូរ៉េខាងជើង បានបង្ហាញពីតម្លាភាពនៅក្នុងការបញ្ឈប់ការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ។
គណបក្សពលករកូរ៉េ (WPK) ដែល កំពុងកាន់អំណាចបានលើកឡើងកាលពីខែមុន ក្នុង សម័យប្រជុំពេញអង្គថា កូរ៉េ ខាងជើង នឹងបញ្ឈប់ការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ និងគ្រាប់មីស៊ីល ហើយ នឹងផ្តោតលើកិច្ចខិតខំប្រឹងប្រែងទាំងអស់ របស់ខ្លួន ស្តីពីការកសាងសេដ្ឋកិច្ច ដើម្បីធ្វើឲ្យប្រសើរឡើងនូវការរស់នៅនៃប្រជា ពលរដ្ឋរបស់ខ្លួន៕ ម៉ែវ សាធី