ទំនាក់ទំនងរវាងអាមេរិក នឹងអីុរ៉ង់ កាន់តែមានភាពតានតឹងខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ក្រោយពេលដែល អាមេរិក បានដកកិច្ចព្រមព្រៀងបរមាណូ ជាមួយ អីុរ៉ង់ ។ នៅពេលនេះក្រុមអ្នកឯកទេស បានលើកឡើងថា អាមេរិកកំពុងតែអនុវត្តគោលនយោបាយផ្លាស់ប្តូររបបដឹកនាំអីុរ៉ង់ ។
សារព័ត៌មានស៊ីនហួ បានផ្សាយថា នៅ ពេលនេះដែរ ក្រសួងការបរទេសនៃ ប្រទេសអុីរ៉ង់ បានចេញមុខថ្កោលទោស ពេញមួយទំហឹង និងបង្ហាញក្តីខឹងសម្បាយ៉ាងខ្លាំងផងដែរ ចំពោះសហរដ្ឋអាមេរិក ក្រោយពីតុលាការនៃប្រទេសមហាអំណាចមួយនេះ បានធ្វើការកាត់សេចក្តី ដោយដាក់ប្រទេសអុីរ៉ង់ទៅក្នុងការពាក់ព័ន្ធនៃ ព្រឹត្តិការណ៍មហាភេរវកម្ម ថ្ងៃទី១១ ខែ កញ្ញា ឆ្នាំ២០០១ ដែលជាសោកនាដ កម្មធំធេងបំផុត ក្នុងប្រវត្តិសាស្ត្រអាមេរិក។
ចំណែកអីុរ៉ង់វិញក៏មិននៅស្ងៀមនោះដែរ ដោយដាក់ពាក្យបណ្តឹងប្តឹងអាមេរិកឡើងទៅកាន់តុលាការពីបទចូលរួមវាយប្រហារភេរវកម្ម នៅអីុរ៉ង់ កាលពីឆ្នាំ ២០១៧ និង ការបង្កើតក្រុមភេរវកម្ម ពិភពលោក ក្នុងគោលដៅបម្រើនយោ បាយរបស់ខ្លួន។
សារព័ត៌មានRussian today នៅថ្ងៃ ទី៣០ខែឧសភាបានផ្សាយថា ទីក្រុងតេអេរ៉ង់បានបង្ហាញពីបំណងចង់ដាក់ពាក្យ ប្ដឹងសហរដ្ឋអាមេរិក សម្រាប់ការជាប់ពាក់ព័ន្ធដោយប្រយោល ក្នុងការវាយប្រហារភេរវកម្មនៅក្នុងប្រទេសអុីរ៉ង់កាលពីឆ្នាំ២០១៧ ដែលផ្ដាច់ជីវិតមនុស្ស ១៧នាក់។ គម្រោងដាក់ពាក្យបណ្ដឹងរបស់អុីរ៉ង់ គឺធ្វើឡើង ដោយផ្អែកលើពាក្យសម្ដីរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបាន ទទួលស្គាល់ថា ទីក្រុងវ៉ាស៊ីនតោន បាន ចូលរួមបង្កើតពួក ISIS។
បើគេនៅចាំមិនភ្លេចទេ ក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតកាលពីឆ្នាំ ២០១៦ លោក ដូណាល់ ត្រាំ បានចោទប្រកាន់ជាច្រើនលើកច្រើនដងថា អតីតរដ្ឋបាលអាមេរិករបស់លោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា ជាពិសេសគឺអតីតគូប្រជែងរបស់ លោក និងជាអតីតរដ្ឋមន្ត្រីការបរទេស អាមេរិក លោកស្រី ហ៊ីលឡារី គ្លីនតុន បានចូលរួមចំណែកបង្កើតពួក ISIS។
«ហ៊ីលឡារី គ្លីនតុន បានបង្កើតពួក ISIS ជាមួយអូបាម៉ា»។ នេះគឺការលើក ឡើងរបស់លោក ត្រាំ ទៅកាន់អ្នកគាំទ្រ កាលពីខែមករា ឆ្នាំ២០១៦។ បន្ថែមពី លើនេះ រហូតដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦ ប្រធានាធិបតីរូបនេះនៅតែអះអាងដដែលថា លោកស្រី គ្លីនតុន បាន បង្កើត ISIS ជាមួយគោលនយោបាយឆ្កួតឡប់របស់លោកស្រី»។
គួរបញ្ជាក់ថា ប្រតិកម្មរបស់អុីរ៉ង់កើត មានឡើង ក្រោយតុលាការទីក្រុងញូវយ៉ក របស់សហរដ្ឋអាមេរិក បានធ្វើការកាត់ សេចក្តីដោយដាក់ ប្រទេសអុីរ៉ង់ទៅក្នុងការពាក់ព័ន្ធនៃព្រឹត្តិការណ៍មហាភេរវកម្ម ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០០១ ដែលជាសោក នាដកម្មធំធេងបំផុត ក្នុងប្រវត្តិសាស្ត្រអាមេ រិក ហើយអុីរ៉ង់ក៏កំពុងបញ្ចេញប្រតិកម្មខ្លាំងក្លា ប្រឆាំងនឹងការចោទប្រកាន់នេះដែរ។
ដោយឡែកសារព័ត៌មានរុស្ស៊ីវិញបានផ្សាយថា សហរដ្ឋអាមេរិកនេះជាអ្នកដឹកនាំឆាកល្ខោន នៃការវាយប្រហារដោយអាវុធគីមីនៅស៊ីរី ក្នុងគោលបំណងទម្លាក់មេដឹកនាំស៊ីរីលោកអាល់អាសាដ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីរី Sana បានអះអាងថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក គឺជាអ្នករៀបចំគម្រោងវាយប្រហារដោយអាវុធគីមីនៅក្នុងប្រទេសស៊ីរី ហើយប្រទេស មួយចំនួនទៀតដូចជា បារាំង និងអង់គ្លេស ក៏បានចូលរួមក្នុងការ រៀបចំឈុតឆាក វាយប្រហារដោយអាវុធ គីមីនេះដែរ។
យោងតាម Sana ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក បាននិងកំពុងបន្តរៀបចំឈុតឆាកវាយប្រហារដោយអាវុធគីមីនៅក្នុងប្រទេសស៊ីរី ហើយការលើកឡើង បែបនេះ ធ្វើឡើងដោយផ្អែកលើគណៈ កម្មាធិការជាតិស៊ីរី សម្រាប់ការលុបបំបាត់ អាវុធគីមី។ Sana បានគូសបញ្ជាក់យ៉ាង ដូច្នេះថា «សហរដ្ឋអាមេរិក និងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ពួកគេ បាននិង កំពុងបន្តរៀបចំឈុតឆាកវាយប្រហារដោយអាវុធគីមីប្រឆាំងនឹងជនស៊ីវិល នៅតាមតំបន់មួយចំនួនក្នុងប្រទេសស៊ីរី ដើម្បីចោទ ប្រកាន់ និងទម្លាក់កំហុសលើរដ្ឋាភិបាលទីក្រុងដាម៉ាស់»។
លើសពីនេះទៅទៀត ទីភ្នាក់ងារសារ ព័ត៌មានមួយនេះក៏បានបញ្ជាក់ថា ប្រទេស ដទៃទៀតដូចជាបារាំង និងអង់គ្លេស ក៏ទំនងជាបាននិងកំពុងចូលរួមជាមួយសហរដ្ឋ អាមេរិកផងដែរ។
គួររំលឹកថា កាលពីថ្ងៃទី១៤ ខែមេសា សហរដ្ឋអាមេរិក បារាំង និងអង់គ្លេស បានបាញ់មីស៊ីលរាប់សិបគ្រាប់ទៅលើមូលដ្ឋានជាច្រើន របស់កងកម្លាំងរដ្ឋាភិបាលស៊ីរី ដែលសង្ស័យថា មានលាក់អាវុធគីមី ហើយការវាយប្រហារនេះ ធ្វើឡើងបន្ទាប់ពីមានសេចក្ដីរាយការណ៍ថា ជនស៊ីវិល ជាច្រើននាក់បានស្លាប់ ដោយសារការវាយ ប្រហារដោយអាវុធគីមី នៅក្នុងទីក្រុងឌួម៉ា៕ ម៉ែវ សាធី