ព័ត៌មានទាន់ហេតុការណ៍៖

គីម ជុងអ៊ុន ផ្ញើលិខិតទៅកាន់លោក ត្រាំ ស្តីពីការប្តេជ្ញាបោះបង់អាវុធបរមាណូ

ចែករំលែក៖

សារព័ត៌មានកូរ៉េខាងជើង KCNA កាលពីថ្ងៃទី៣១ ខែឧសភាបានផ្សាយថា មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានផ្ញើលិខិតទៅកាន់ប្រធានាធិបតី ត្រាំ បញ្ជាក់ពីគោលជំហររបស់ទីក្រុងព្យុងយ៉ាងពីការលុបបំបាត់អាវុធបរមាណូ ដោយមិនមានការផ្លាស់ប្តូឡើយ។ សកម្មភាពខាងលើរបស់មេដឹកនាំកូរ៉េខាងជើង កើតឡើងនៅមុនជំនួបកំពូលជាមួយលោក ត្រាំ នៅសិង្ហបុរីនាថ្ងៃទី១២ ខែមិថុនា។

នេះជាការប្រកាសរបស់លោក គីម ជុងអ៊ុន ក្នុងពេលជំនួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov ដែលបានបំពេញទស្សនកិច្ចទៅកាន់ទីក្រុងព្យុងយ៉ាង។ ក្នុងពេលជាមួយគ្នានេះទីក្រុងព្យុងយ៉ាង និងទីក្រុងមូស្គូក៏នឹងរៀបចំជំនួបកំពូលទ្វេភាគីជាមួយប្រធានាធិបតី ពូទីន ផងដែរនៅក្នុងឆ្នាំនេះ។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីធ្វើដំណើរទៅកាន់ទីក្រុងព្យុងយ៉ាងនៅថ្ងៃទី៣១ ខែឧសភា តាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងលោក Ri Yong ho។

សារព័ត៌មានកូរ៉េខាងជើង KCNA បានផ្សាយថា «មេដឹកនាំ គីម ជុងអ៊ុន បានបញ្ជាក់ពីការប្តេជ្ញារបស់ទីក្រុងព្យុងយ៉ាង នៅក្នុងការលុបបំបាត់បរមាណូ ដោយមិនមានការផ្លាស់ប្តូរឡើយ។ លោក គីម សង្ឃឹមថា ទំនាក់ទំនងជាមួយអាមេរិក ក៏នឹងប្រសើរឡើងផងដែរ ដើម្បីជួយដល់សេដ្ឋកិច្ចជាតិកូរ៉េខាងជើងមានការរីកចម្រើន»។

ចំណែករដ្ឋមន្ត្រីការបរទេសរុស្ស៊ីក៏បានបញ្ជាក់ផងដែរពីការប្តេជ្ញារបស់មេដឹកនាំកូរ៉េខាងជើង នៅក្នុងការសន្យាបោះបង់អាវុធបរមាណូ និងបង្កើនទំនាក់ទំនងល្អប្រសើរជាមួយពិភពលោក។ ជាមួយគ្នានេះ លោក Lavrovជាមួយ និងមន្ត្រីកូរ៉េខាងជើងពិភាក្សាគ្នាលើបញ្ហាបង្កើនកិច្ចសហប្រតិបត្តិការ ទាំងសេដ្ឋកិច្ចនិងនយោបាយ។

កាលពីថ្ងៃទី៣១ ខែឧសភា ដែរសេតវិមានអាមេរិកក៏បានប្រកាសផងដែរថា មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង លោក Kim Yong Chol បានបំពេញទស្សនកិច្ចទៅកាន់សេតវិមាន នៅថ្ងៃទី១ ខែមិថុនា ដោយបាន ប្រគលលិខិតមួយច្បាប់ដល់ប្រធានាធិបតី ដូណាល់ ត្រាំ ផងដែរ ដែលជាលិខិតផ្ទាល់ដៃរបស់ គីម ជុងអ៊ុន។

នៅពេលនេះដែរ មន្ត្រីកំពូលអាមេរិក និងកូរ៉េខាងជើង បានជួបប្រជុំគ្នានៅក្នុងទីក្រុងញូយ៉ក សម្រាប់ជំនួបរយៈពេលពីរថ្ងៃ ដើម្បីជជែកគ្នាពីអនាគតអាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង និងការរៀបចំជំនួបរវាងលោកប្រធានាធិបតី ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី៣១ ខែឧសភា ឆ្នាំ២០១៨។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo និងលោក Kim Yong Chol ជាដៃស្ដាំរបស់លោក គីម ជុងអ៊ុន បានជួបពិភាក្សាគ្នារយៈពេល៩០នាទី នៅអំឡុងអាហារពេលល្ងាច ហើយបានចាកចេញដោយមិនបានផ្ដល់ព័ត៌មានអ្វី ទៅកាន់អ្នកសារព័ត៌មានដែល រង់ចាំនៅខាងក្រៅឡើយ។ ចំណែកឯលោក Pompeo គ្រាន់តែនិយាយថា អាហារពេលល្ងាចអស្ចារ្យណាស់ ហើយថាអ្នកទាំងពីរ បានទទួលអាហារបែបអាមេរិកកាំងតែប៉ុណ្ណោះ។

គួរបញ្ជាក់ថា មកពេលនេះគេមិនទាន់ដឹងនៅឡើយទេថា តើមន្ត្រីកំពូលទាំងពីររូប បានបង្កើតបរិយាកាសអំណោយផល ឬក៏រីកចម្រើនដល់ទំនាក់ទំនងជាសត្រូវអស់រយៈ ពេលរាប់ទសវត្សមកនេះ រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាង ឬយ៉ាងណានោះទេ ខណៈសេតវិមានបង្ហាញពីក្ដីសង្ឃឹមថា ជំនួប ត្រាំ-គីម អាចនឹងត្រូវធ្វើឡើងនៅថ្ងៃទី១២ ខែមិថុនា ខាងមុខនេះក្នុងប្រទេសសិង្ហបុរី៕ ម៉ែវ សាធី


ចែករំលែក៖