កូរ៉េខាងជើង ទើបតែផ្លាស់់ប្តូររដ្ឋមន្ត្រីការពារជាតិថ្មី ដោយតែងតាំងមន្ត្រីដែលមានទស្សនៈផ្សះផ្សា ជាងការធ្វើសង្គ្រាម ។ ការផ្លាស់់ប្តូរដ៏សំខាន់ខាងលើកើតឡើងនៅមុនជំនួបកំពូលរវាងលោកគីម ជុងអ៊ុន នឹងប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ ស្តីពីសន្តិភាព និងលុបបំបាត់បរមាណូនៅកូរ៉េខាងជើង ។
សារព័ត៌មាន យ៉ុនហាប់របស់កូរ៉េខាងត្បូង នៅថ្ងៃទី ៣ ខែមិថុនា បានផ្សាយថា កូរ៉េខាងជើង បានផ្លាស់ប្តូរដ្ឋមន្ត្រីការពារជាតិ លោក Pak Yong Sikជំនួសវិញ ដោយលោក No Kwang Chol ដែលជាប្រធានទីពីរគណៈកម្មការសេដ្ឋកិច្ចជាតិកូរ៉េខាងជើង ។ លោកNo Kwang cholធ្លាប់កាន់តំណែងជា មេបញ្ជាការកងទ័ព ប្រជាជនកូរ៉េខាងជើង KPA និងជាបុគ្គលមានទស្សនៈនយោបាយផ្សះផ្សាជាង រដ្ឋមន្ត្រីការពារជាតិចាស់ ។
សារព័ត៌មានជប៉ុន Asahi Shimbun បានផ្សាយថា លោក Ri Myong Suមេបញ្ជាការកងទ័ពប្រជាជនកូរ៉េខាងជើង ក៏ត្រូវបានផ្លាស់ប្តូរផងដែរ។ សារព័ត៌មានខាងលើ បានផ្សាយថា កូរ៉េខាងជើង កំពុងតែផ្លាស់ប្តូរ ជាទ្រង់ទ្រាយធំនៅក្នុងជួរកងទ័ព ដោយដាក់មន្ត្រីដែលមានទស្សនៈផ្សះផ្សា ជាសញ្ញានៃការចង់បានសន្តិភាព ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចជួយដល់ពលរដ្ឋមានជីវភាពល្អប្រសើរ។
លោក Pak Yong Sik កាន់តំណែងរដ្ឋមន្ត្រីការពារជាតិ កូរ៉េខាងជើង កាលពីខែឧសភា ឆ្នាំ២០១៥ ហើយលោកក៏បានចូលរួមនៅក្នុងជំនួប កំពូលរវាង មេដឹកនាំគីម ជុងអ៊ុន នឹងប្រធានាធិបតីកូរ៉េខាងត្បូង ម៉ូន ជេអីន កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ ។
នៅក្នុងព្រិត្តិការណ៍មួយ ផ្សេងទៀតដែលពាក់ព័ន្ធនោះដែរ អាមេរិក មិនកាត់បន្ថយ ទណ្ឌកម្ម ឬលុបទណ្ឌកម្មនៅពេលនេះ នៅឡើយ ។ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Jim Mattis នៅថ្ងៃទី៣ ខែមិថុនា នឹងមិនបន្ថយទណ្ឌកម្ម ដែលអនុម័តដោយអង្គការសហប្រជាជាតិទៅលើកូរ៉េខាងជើងនោះឡើយ រហូតដល់កូរ៉េខាងជើង បោះបង់ បរមាណូ។
មានប្រសាសន៍នៅក្នុងជំនួប ត្រីភាគី ជាមួយសមភាគី ជប៉ុន និងកូរ៉េខាងត្បូង បន្ទាប់ពីកិច្ចប្រជុំ Shangri La នៅសឹង្ហបុរី លោក Mattis បញ្ជាក់ថា វិថីឆ្ពោះទៅកាន់ កិច្ចពិភាក្សាសន្តិភាព នៅវែងឆ្ងាយ ដូច្នេះ នៅតែបន្តរក្សាការដាក់ទណ្ឌកម្ម ទៅលើកូរ៉េខាងជើង ដូចដើម ៕ ម៉ែវ សាធី