ព័ត៌មានទាន់ហេតុការណ៍៖

លោក ប៉ា សុជាតិវង្ស ជំរុញឲ្យប្រធានក្រុមបក្ស និងប្រធានសាខា-អនុសាខាបក្សគៀងគរសមាជិកឲ្យទៅបោះឆ្នោត

ចែករំលែក៖

ភ្នំពេញ៖ លោក ប៉ា សុជាតិវង្ស សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការបក្សរាជធានីភ្នំពេញ អនុប្រធានក្រុមការងារចុះជួយរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយខណ្ឌមានជ័យ បានជំរុញឲ្យប្រធានក្រុមការងារបក្ស ប្រធានសាខា អនុសាខាត្រូវតែដើរគៀងគរសមាជិកបក្ស និងដើរប្រាប់តាមគ្រួសារនិមួយៗអ្នកនៅឆ្ងាយក្តី ជិតក្តីឲ្យមកបោះឆ្នោត អ្នកដែលបានចុះឈ្មោះបោះឆ្នោត និងប្រាប់គាត់ឲ្យត្រៀមឯកសារបោះឆ្នោត ហើយឯកសារដែលត្រូវបោះឆ្នោតនោះក៏ត្រូវដឹងខ្លួនថា នៅការិយាល័យណា នៅកន្លែងណា។ លោកក៏បានពន្យល់ផងដែរថា ការិយាល័យនេះមិនខុសគ្នាពីមុនប៉ុន្មាននោះទេ គ្រាន់តែប្រែប្រួលខ្លះព្រោះកំណើនខុសគ្នាខ្លះ។ ហេតុដូច្នេះខាង គ.ជ.ប រៀបការិយាល័យថែម។ លោកក៏បានស្នើសុំឲ្យក្រុមការងារមូលដ្ឋានត្រូវតែយកចិត្តទុកដាក់ចំពោះបញ្ហានេះ និងត្រូវចេះគ្រប់គ្រងសមាជិកបក្សឲ្យបានល្អ ត្រូវចុះជួបសំណេះសំណាលជាប្រចាំជាមួយសមាជិក ទោះតិចក្តីច្រើនក្តី។

នេះជាការលើកឡើងរបស់លោក ប៉ា សុជាតោវង្ស ប្រធានក្រុមការងារចុះជួយខណ្ឌមានជ័យ សមាជិកគណៈកម្មាធិការបក្សប្រជាជកម្ពុជា ប្រធានគណៈកម្មាធិការបក្សរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃអាទិត្យ ៥រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨ នៅឯវិមានសុភមង្គល ស្ថិតក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ខណៈដែលលោកអញ្ជើញជាអធិបតីភាពជួបសំណេះសំណាលជាមួយសាខាបក្សខណ្ឌមានជ័យ ប្រធានសាខាបក្ស អនុសាខាបក្ស និងប្រធានក្រុមបក្ស នៃគណៈកម្មាធិការបក្សសង្កាត់ស្ទឹងមានជ័យទី១/ទី២ និងទី៣ សរុប២១១៨នាក់។

លោកបានបន្តលើកឡើងដោយសង្កត់ធ្ងន់ថា បច្ចុប្បន្នកម្ពុជាបានអនុវត្តយកលទិ្ធប្រជាធិបតេយ្យសេរីពហុបក្ស បើអត់មានគណបក្សCNRPមួយដែលត្រូវបានតុលាការកំពូលប្រកាស់រំលាយស្ថាពរទៅហើយនោះ មិនមែនបានន័យថាអត់លទិ្ធប្រជាធិបតេយ្យនោះទេ។ លោក ប៉ា សុជាតិវង្ស ក៏បានលើកឡើងជាឧទាហរណ៍ថា កីឡាប្រដាល់អន្តរជាតិម៉ៃថៃសាន់ បានខាំត្រចៀកហូលីហ្វីលហើយត្រូវបានគេបញ្ឈប់មិនឲ្យម៉ៃថៃសាន់ឡើងប្រដាល់ទៀតជាច្រើនឆ្នាំ។ អត់មានម៉ៃថៃសាន់ ក៏គេនៅតែប្រកួតបានដដែល។ លទិ្ធប្រជាធិបតេយ្យនៅកម្ពុជាអត់បាត់បង់ទេ ហើយបើអត់បក្សCNRPក៏នៅមានបក្សផ្សេងទៀតគេចូលរួមប្រកួតជាក់ស្តែងមាន២០គណបក្ស។ លោកក៏បានបន្តថា អ្វីដែលគេលើកនោះវាគ្រាន់តែឧបាយកលក្នុងគោលបំណងបំផុសផុលបំផ្លាញការបោះឆ្នោតប៉ុណ្ណោះ ពហិការមិនទៅបោះឆ្នោត។ អ្នកមិនបានទៅបោះឆ្នោតនោះជារឿងមួយ តែផ្ទុយទៅវិញអ្នកដែលរារាំងទប់ស្កាត់គេមិនឲ្យទៅបោះឆ្នោតវិញនោះត្រូវមានទោស។

លោក ប៉ា សុជាតិវង្ស ក៏បានពន្យល់បញ្ជាក់បន្ថែមថា គណបក្សប្រឆាំងគេបាននិងកំពុងអនុវត្តនូវរូបមន្តរបស់គេ គឺ៣កុំ ៣ទារ និង៣សន្យា។ លោកក៏បានសូមឲ្យគណបក្សនយោបាយដ៏ទៃ គួរកុំដើរតាមរូបមន្តនេះទេ មកឃោសនាបោកប្រាស់ប្រជាពលរដ្ឋ។៣កុំ ៣ទារ ៣សន្យា បើគេនៅក្រៅប្រទេស គេប្រើ៣កុំ គឺគេកុំឲ្យអ្នកវិនិយោគមកដាក់ទុនវិនិយោគនៅកម្ពុជា គេកុំឲ្យបញ្ជាទិញទំនិញរោងចក្រពីកម្ពុជា និងកុំឲ្យផ្តល់ជំនួយដល់កម្ពុជា។ ៣ទារ គេប្រើប្រាស់នៅក្នុងស្រុក គឺគេទារធ្វើប្រធានរដ្ឋសភា ទារធ្វើបាតុកម្ម ទារធ្វើពហិការមិនចូលសភា។ និង៣សន្យា គឺសន្យាដល់ពលរដ្ឋគ្រប់យ៉ាង។

ជាមួយគ្នានេះផងដែរ លោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ និងជាប្រធានគណបក្សខណ្ឌក៏បានឲ្យដឹងដែរថា ប្រធានក្រុមការងារបានចុះជួបសមាជិក៥,៥០៤៣នាក់ចំពោះសង្កាត់ស្ទឹងមានជ័យទី១ បានជួបសំណេះសំណាលជាមួយសមាជិកបក្ស៤,៧៦៣នាក់សង្កាត់ស្ទឹងមានជ័យទី២ ចំនួន៥,២៤៩នាក់ និងសង្កាត់ស្ទឹងមានជ័យទី៣ បានជួបសំណេះសំណាលជាមួយសមាជិកបក្ស១,៥២៣នាក់។

គួរបញ្ជាក់ថា ក្នុងការជួបសំណេះសំណាលជាមួយសមាជិករបស់ខ្លួន លោកប្រធានក្រុមការងារក៏បានផ្តល់នូវថវិកា៥ម៉ឺនរៀលដល់ប្រធានសាខាបក្ស និងសមាជិក២ម៉ឺនរៀលផងដែរ ៕ តាឡឹម


ចែករំលែក៖