ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីចិន ស៊ី ជីនពីង ជូនមេដាយមិត្តភាពដល់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន

ចែករំលែក៖

កាលពីថ្ងៃទី៨ ខែមិថុនា ប្រធានាធិប តីចិន លោកស៊ី ជីនពីងបានប្រគល់មេដាយ មិត្តភាពជាលើកទីមួយ ជូនប្រធានាធិប តីពូទីន ពេលបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង។ការប្រគល់ជូនមេដាយមិត្តភាពនេះ ត្រូវបានប្រព្រឹត្តទៅនៅខណៈដែល ប្រទេសទាំង២ ចិននិងរុស្ស៊ី បានខិតខំ រឹតចំណងមិត្តភាពនឹងគ្នា នៅក្នុងការប្រឈមនឹងបញ្ហានានានៅចំពោះមុខអាមេរិករបស់លោកDonald Trump។

ប្រធានាធិបតីរុស្ស៊ី លោក ពូទីន បានទទួលកិត្តិយសគ្រប់សព្វពីសំណាក់ទីក្រុងប៉េកាំងក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការមួយរបស់លោកនៅក្នុងប្រទេសចិន។ ជាដំណើរទស្សនកិច្ចដែលលោក ពូទីនត្រូវបន្តរហូតដល់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យទៀតនៅ តំបន់ Qingdao ភាគខាងកើត ប្រទេសចិន។ នៅទីនោះ លោកពូទីន ត្រូវចូលរូមនៅក្នុងជំនួបកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃ (OCS) របស់បណ្តា ប្រទេសអាស៊ី។ ម្យ៉ាងទៀត ជំនួបកំពូល នេះ ត្រូវប្រព្រឹត្តទៅនៅដំណាលគ្នានឹងជំនួបកំពូលG 7 របស់បណ្តាប្រទេសលោកខាងលិចដែលរួមប្រជុំគ្នានៅប្រទេសកាណាដា(Canada)។

សូមបញ្ជាក់ថា មេដាយលើកកិត្តិយស ជនបរទេសនេះ ជាមេដាយដែលចិន ត្រូវ ជូនដល់ជនបរទេសណាមួយដែលបាន ចូលរួមចំណែកដ៏ពិសេសនៅក្នុងដំណើរការធ្វើទំនើបកម្មសង្គមនិយមរបស់ប្រទេសចិននិងក៏នៅក្នុងប្រទេសដទៃផ្សេងទៀតនៅក្នុងពិភពលោក រួមទាំងកិច្ចការពាររក្សាសន្តិភាពពិភពលោកផងដែរ-នេះបើយោងតាមការលើកបញ្ជាក់របស់ទីភ្នាក់ងារព័ត៌មានចិនថ្មី។

នាឱកាសសន្ទនាជាទ្វេភាគីជាមួយ លោក ពូទីននោះ ប្រធានាធិបតីចិន បានសម្តែងការអបអរសាទរដោយបានធានាអះអាងថា បើទោះបីជាស្ថានការណ៍អន្តរ ជាតិ មានការប្រែប្រួលយ៉ាងណាក្តី ក៏ ប្រទេសទាំងពីរ ចិននិងរុស្សី នៅតែចាត់ ទុកជានិច្ចថា ការពង្រីកទំនាក់ទំនងរវាង ចិននឹងរុស្ស៊ី គឺជាបញ្ហាអាទិភាពមួយរបស់ប្រទេសខ្លួន។

គួរកត់សម្គាល់ថា ប្រមុខដឹកនាំមហាអំណាចទាំងពីរប្រទេសរុស្ស៊ីនិងចិន នា អំឡុងប៉ុន្មានខែចុងក្រោយនេះ បានខិតជិតចូលគ្នាដើម្បីពួតកម្លាំងគ្នា ក្នុងការប្រឈមមុខទល់នឹងការទិតៀនរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។ លោក ដូណាល់ ត្រាំ ដែលមើលឃើញទីក្រុងប៉េកាំងនិងមូស្គូ ថាជាប្រទេសគូប្រជែងដ៏ខ្លាំងក្លាបំផុតនៅក្នុងវិស័យសេដ្ឋកិច្ចព្រមទាំង គំរាមដល់ផលប្រយោជន៍និងតម្លៃរបស់ អាមេរិកផងទៀត៕ ម៉ែវ សាធី


ចែករំលែក៖