ព័ត៌មានទាន់ហេតុការណ៍៖

មេដឹកនាំប្រទេសអភិវឌ្ឍន៍ទាំង៧ជួបប្រជុំគ្នា រុស្ស៊ីច្រានចោលសំណើវិលត្រឡប់ចូលG8វិញ

ចែករំលែក៖

នៅព្រឹកថ្ងៃទី៩ខែមិថុនា ប្រទេសជា សមាជិត G 7 បានជួបប្រជុំតុមូល នៅ Charlevoix ទីក្រុង Quebec ប្រទេស កាណាដា ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី កាណាដា លោក Justin Trudeau ។

ប្រធានបទនៅក្នុងកិច្ចប្រជុំតុមូលលើកនេះរួមមាន ការបង្កើនវិនិយោគ បង្កើនការងារធ្វើជំរុញកំណើនសេដ្ឋកិច្ចនិងតម្លាភាពភេទ។ ប៉ុន្តែ វិវាទ ពាណិជ្ជកម្ម ជាមួយអាមេរិកដោយសារតែការដំឡើងពន្ធនៅតែជាប្រធានបទសំខាន់នៅក្នុងកិច្ចប្រជុំដដែល។ ប្រទេសជាសម្ពន្ធមិត្តអាមេរិកបានថ្កោលទោសទៅលើសកម្មភាពដំឡើងពន្ធរបស់លោកត្រាំទៅលើប្រទេសសមាជិកG7។

កិច្ចប្រជុំធ្វើឡើងរយៈពេល២ថ្ងៃ ប្រទេស ជាសមាជិក នឹងបង្ហាញពីគោលជំហរប្រឆាំងនឹងប្រធានាធិបតីដូណាល់ ត្រាំ ដែលបង្ក ឲ្យមានវិវាទនៅក្នុងវិស័យពាណិជ្ជកម្ម ។ ប្រទេសជាម្ចាស់ផ្ទះកាណាដា បានបង្ហាញពីការខកចិត្តចំពោះសកម្មភាពរបស់លោកត្រាំលើវិស័យពាណិជ្ជកម្ម។

បញ្ហាដែលចាប់អារម្មណ៍បំផុតនៅក្នុងកិច្ចប្រជុំ G7ឆ្នាំនេះគឺ អាមេរិកបានអំពាវ នាវឲ្យបញ្ចប់ការដករុស្ស៊ីចេញពីសមាជិកប្រទេស G8 (គឺG7បច្ចុប្បន្ន) ដោយបាន បញ្ជាក់ពីតួនាទីយ៉ាងសមខាន់របស់រុស្ស៊ី នៅក្នុងកិច្ចប្រជុំនោះ។

ប៉ុន្តែរុស្ស៊ីបានច្រានចោលសំណើឲ្យ វិលត្រឡប់ចូលរួមកិច្ចប្រជុំតុមូល ប្រទេស អភិវឌ្ឍន៍ទាំង ៨ ដោយរុស្ស៊ីបញ្ជាក់ថា ពេលនេះទីក្រុងមូស្គូកំពុងតែផ្តោតទៅលើគម្រោងសហប្រតិបត្តិការជាមួយដៃគូរ ផ្សេង។

ប្រទេសG7 គឺជាប្រទេសដែលមានវិស័យឧស្សាហកម្មរីកចម្រើនបំផុតលើពិភពលោកក្នុងនោះមានអាមេរិក អាល្លឺម៉ង់ អង់គ្លេស ជប៉ុន បារាំង អីុតាលី កាដាណា និង សហ គមន៍អឺរ៉ុប។ តាមគម្រោង ក្រោយកិច្ចប្រជុំប្រទេសទាំងអស់នឹងចុះហត្ថលេខាលើ សេចក្តីប្រកាសរួម ។ ប៉ុន្តែ ភាគីអាមេរិក អាចនឹងចូលរួមនៅក្នុងសេចក្តីប្រកាសរួមដែរឬទេ?

ក្រោយកិច្ចប្រជុំនេះ ប្រធានាធិបតីអាមេ​រិកដូណាល់ ត្រាំនឹងបន្តដំណើរទៅកាន់ ប្រទេសសឹង្ហបុរី តែម្តងដើម្បីចូលរួមជំនួប កំពូលជាប្រវត្តិសាស្ត្រជាមួយមេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុន នាថ្ងៃទី ១២ខែមិថុនា ខាងមុខ ៕ ម៉ែវ សាធី


ចែករំលែក៖