សារព័ត៌មាន Bloomberg នៅថ្ងៃទី១៥ ខែមិថុនានេះបានផ្សាយថា លោកត្រាំបានអនុម័តដំឡើងពន្ធលើទំនិញនាំចូលពី ប្រទេសចិនដែលមានតម្លៃ ៥០ពាន់លាន ដុល្លារ។ កន្លងមកលោកត្រាំបានបញ្ជាក់ថា ចិនអាចនឹងពិបាកទ្រាំដោយការអនុម័ត ច្បាប់ដំឡើងពន្ធដែលត្រូវធ្វើឡើងនៅថ្ងៃទី១៥ខែមិថុនា។
កាលពីខេមេសាកន្លងមក អាមេរិកក៏ បានបង្ហាញពីបញ្ជី ឈ្មោះមុខទំនិញចិន រហូតដល់ទៅ១៣០០មុខ ត្រូវដំឡើងពន្ធ មានតម្លៃប្រមាណ៥០ពាន់លានដុល្លារ ដែលត្រូវនាំចូលអាមេរិក។ ប៉ុន្តែការដំឡើងពន្ធត្រូវបានផ្អាកក្រោយពីដំណើរទស្សន កិច្ចទៅកាន់អាមេរិក របស់ឧបនាយករដ្ឋ មន្ត្រីចិន។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវគេរាយការណ៍ថា បានផ្តល់ការអនុញ្ញាតដល់គម្រោងដំឡើងពន្ធលើផលិត ផលនាំចូលរបស់ចិនគិតជាទំហំទឹកប្រាក់ប្រហែល៥០ពាន់លានដុល្លារ ខណៈទង្វើនេះកាន់តែបង្កឲ្យមានការប្រឈមមុខលើ វិស័យពាណិជ្ជកម្មថែមទៀត រហូតអាចនឹងបណ្តាលឲ្យមានចំណាត់ការតបតភ្លាមៗពីទីក្រុងប៉េកាំង។
បើតាមមន្រ្តីអាមេរិក៥រូប ដែលបាន ដឹងឮពីបញ្ហានេះបានបង្ហើបប្រាប់ថា រដ្ឋ បាលលោក ដូណាល់ ត្រាំ កំពុងរៀបចំ បញ្ចេញបញ្ជីដែលបានឆ្លងកាត់ការកែ សម្រួលថ្មី ស្តីពីផលិតផលនាំចូលរបស់ចិន ដែលនឹងទទួលរងការដំឡើងពន្ធធ្ងន់ធ្ងរ ដោយវាមានការផ្តោតការយកចិត្តទុកដាក់សំខាន់ទៅលើ បច្ចេកវិទ្យានានា ដែលចិនមានបំណងចង់អភិវឌ្ឍខ្លួនឲ្យក្លាយជាអ្នកឈានមុខក្នុងវិស័យទាំងនោះ។ ដោយ ឡែក កាលពីខែមេសាកន្លងទៅ អាមេរិក បានបញ្ចេញបញ្ជីដើមមុនដំបូង ដែលមានគោលដៅទៅលើផលិតផលនាំចូលប្រមាណ១,៣០០មុខរបស់ចិន ដែលគិតជាតម្លៃស្មើ៥០ពាន់លាដុល្លារ។
បើតាមប្រភពដដែលបានឲ្យដឹងទៀត ថា សហរដ្ឋអាមេរិក ត្រូវគេរំពឹងថានឹង បញ្ចេញបញ្ជីដំឡើងពន្ធលើផលិតផលចិន ដែលត្រូវបានធ្វើបច្ចុប្បន្នភាពរួច កាលពី ថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅអាមេ រិក) ហើយបន្ទាប់មកវានឹងត្រូវអនុវត្តភ្លាមៗ ទោះបីជាពុំមានកាលបរិច្ឆេទកំណត់ច្បាស់ក៏ដោយ។
គួរជម្រាបថា ទាក់ទិននឹងបញ្ហានេះ ចិនក៏ធ្លាប់បានព្រមានថានឹងចាត់វិធានការតបតទៅវិញផងដែរ ដោយកាលពីខែមេសា កន្លងទៅ ចិនបានអះអាងថានឹងដំឡើង ពន្ធ២៥ភាគរយទៅលើផលិតផលនាំចូលពីអាមេរិកចំនួន១០៦មុខ ដើម្បីឆ្លើយតប នឹងការដំឡើងពន្ធរបស់រដ្ឋាភិបាលលោក ត្រាំ។ ម៉្យាងវិញទៀត ក្នុងខែនេះ ទីក្រុង ប៉េកាំង បានបញ្ជាក់ថា កិច្ចប្រឹងប្រែងនិងប្តេជ្ញាទាំងប៉ុន្មាន ដែលត្រូវបានធ្វើឡើងក្នុងកិច្ចចរចា ជាមួយសហរដ្ឋអាមេរិកនាពេលកន្លងមកនេះ នឹងត្រូវបោះបង់ចោលវិញ ប្រសិនបើការគំរាមកំហែងដំឡើងពន្ធ ត្រូវ បានអនុវត្តន៍មែននោះ៕ ម៉ែវ សាធី