ប្រធានាធិបតីអាមេរិកបានឲ្យដឹងថា លោកបានឲ្យលេខទូរស័ព្ទផ្ទាល់ខ្លួនដល់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដើម្បីអាចជួបពិភាក្សា នៅពេលណាមួយក៏បាន។
សារព័ត៌យ៉ុនហាប់របស់កូរ៉េខាងត្បូងបានដកស្រង់សម្តីប្រធានាធិបតីអាមេរិកដែលបានប្រកាស់នៅសេតវិមាន កាលពីថ្ងៃទី១៥ ខែមិថុនាថា «ខ្ញុំបានឲ្យលេខទូរស័ព្ទផ្ទាល់ខ្លួនរបស់ខ្ញុំទៅគាត់ «គីម ជុងអ៊ុន» ដើម្បីអាចពិភាក្សាជាមួយខ្ញុំគ្រប់ពេល»។
ប្រមុខដឹកនាំសេតវិមានអាមេរិក បានបញ្ជាក់ទៀតថា លោកនឹងមានគម្រោងពិភាក្សាជាមួយ មេដឹកនាំ គីម ជុងអ៊ុន តាមទូរស័ទ្ទនៅថ្ងៃទី១៧ ខែមិថុនា។ ប្រធានាធិបតី ត្រាំ បានបង្ហាញពីមោទនភាពរបស់ខ្លួនថា លោកបានដោះស្រាយជិតរួចរាល់នូវបញ្ហាកូរ៉េខាងជើង ដោយសារតែមានទំនាក់ទំនងល្អជាមួយ គីម ជុងអ៊ុន។ លោក ត្រាំ បញ្ជាក់ថា «ខ្ញុំបានដោះស្រាយបញ្ហាបានមួយផ្នែកធំ យើងបានចុះកិច្ចព្រមព្រៀងយ៉ាងល្អប្រសើរ ប៉ុន្តែអ្វីដែលសំខាន់ជាងកិច្ចព្រមព្រៀងនោះគឺទំនាក់ទំនងដ៏ល្អបំផុត។
ក្នុងថ្ងៃជាមួយគ្នានោះ លោក ត្រាំ បានផ្សាយ ឃ្លីបវីដេអូ មានរយៈពេល៣នាទី សរសើរដល់កិច្ចប្រជុំកំពូលអាមេរិកកូរ៉េខាងជើង។ លោក ត្រាំ បញ្ជាក់ថា កិច្ចប្រជុំពិតជារឿងដ៏អស្ចារ្យ វាមានតម្លៃគ្រប់វិនាទី។ នៅពេលនេះ ពលរដ្ឋអាស៊ី និងពិភពលោកទាំងមូលមានអារម្មណ៍ថាមានសុវត្ថិភាពក្រោយកិច្ចប្រជុំ។
ប៉ុន្តែបើទោះបីមានការរីកចម្រើននៅក្នុងទំនាក់ទំនង តែអាមេរិកមិនទាន់លុបទណ្ឌកម្មដល់កូរ៉េខាងជើងនៅឡើយ រហូតដល់ប្រទេសនេះលុបបំបាត់បរមាណូទាំងស្រុង។ ប៉ុន្តែ អាមេរិកនឹងផ្អាកសកម្មភាពធ្វើសមយុទ្ធរួមជាមួយកូរ៉េខាងត្បូង ដើម្បីផ្តល់ទំនុកចិត្តដល់កូរ៉េខាងជើងនៅក្នុងកិច្ចពិភាក្សា។
ពាក់ព័ន្ធសមយុទ្ធរួម សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង នៅខែក្រោយប្រហែលជានឹងសម្រេចចិត្តថា តើគួរឬមិនគួរបញ្ឈប់ការធ្វើសមយុទ្ធយោធារួមគ្នារបស់សម្ពន្ធមិត្តទាំងពីរ ដើម្បីបង្កើតជាលក្ខខណ្ឌអំណោយផល សម្រាប់ការរំសាយអាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង។
ក្នុងអំឡុងការធ្វើសន្និសីទមួយ នៅក្រោយកិច្ចប្រជុំកំពូលអាមេរិក-កូរ៉េខាងជើង ជាមួយលោក គីម ជុងអ៊ុន លោក ដូណាល់ ត្រាំ បានធ្វើសេចក្តីប្រកាសដ៏ភ្ញាក់ផ្អើលខាងលើនេះថា រូបលោកនឹងបញ្ឈប់ការធ្វើសមយុទ្ធទ្រង់ទ្រាយធំប្រចាំឆ្នាំ Ulchi Freedom Guardian ដែលតែងតែប្រារព្ធឡើងជារៀងរាល់ខែសីហា ជាមួយកូរ៉េខាងត្បូង ព្រមទាំងសមយុទ្ធធំៗមួយចំនួនទៀត។
ជុំវិញបញ្ហានេះ ក្រសួងការពារជាតិកូរ៉េខាងត្បូង បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយដូច្នេះថា «បញ្ហានេះកំពុងស្ថិតក្រោមការពិចារណាតបតាមសំណើរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន ហើយការសម្រេចចិត្តច្បាស់មួយ អាចត្រូវរំពឹងថានឹងធ្វើឡើងនៅក្នុងខែកក្កដាខាងមុខនេះ»។
គួរជម្រាបថា ការប៉ុនប៉ងផ្អាកសមយុទ្ធយោធាពីសំណាក់សហរដ្ឋអាមេរិក ក៏ត្រូវបានពិភាក្សាតាមប្រព័ន្ធទូរស័ព្ទ រវាងរដ្ឋមន្រ្តីការបរទេសអាមេរិក លោក ជែម ម៉ាទីស (James Mattis) នឹងរដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូង លោក សុង យុងមូ (Song Young-moo) ផងដែរ ដោយលោក Mattis បានធានាដល់សមភាគីរបស់លោកអំពីសម្ពន្ធមិត្តដ៏រឹងមាំរបស់ប្រជាជាតិទាំងពីរ៕ ម៉ែវ សាធី