ប្រទេសថៃ៖ នៅព្រឹកថ្ងៃសៅរ៍ ៤កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួម កិច្ចប្រជុំកំពូល យុទ្ឋសាស្រ្តនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវាឌី-ចៅប្រាយ៉ា-មេគង្គ (Ayeyawady-Chao Phraya-Mekong Economic Cooperation Strategy/ACMECS) លើកទី៨ នៅសណ្ឋាគារសាំងគ្រីឡា ក្រុងបាងកក ប្រទេសថៃ។
ក្នុងកិច្ចប្រជុំកំពូល ACMECS លើកទី៨នេះ គឺមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃប្រទេសជាសមាជិកទាំងអស់ និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀតផងដែរ។
ប្រមុខដឹកនាំនៃប្រទេសសមាជិកទាំងអៃ់ បានឡើងថ្លែងសន្ទរកថាគន្លឹះ ដែលក្នុងនោះសម្ដេចតេជោ នាយករដ្ឋមន្ត្រីក៏បានអញ្ជើញឡើងថ្លែងសុន្ទរកថាគន្លឹះ ផ្ដោតលើការរីកចម្រើនគួរឲ្យកត់សម្គាល់រយៈពេល២ឆ្នាំចុងក្រោយនៃ កិច្ចសហប្រតិបត្តិការអេកម៉ិកមាន ជាពិសេស លើវិស័យពាណិជ្ជកម្ម និងការវិនិយោគ ការតភ្ជាប់ការដឹកជញ្ជូន វិស័យទេសចរណ៍ សុខាភិបាលសាធារណៈ និងការអភិវឌ្ឍធនធានមនុស្ស។ល។
ជាមួយគ្នានេះដែរ សម្ដេចតេជោ នាយករដ្ឋមន្ត្រីក៏បានលើកពី បញ្ហាប្រឈមថ្មីៗជាច្រើនដែលកំពុងជួបប្រទះ រួមមាន ការកើនឡើងនៃនិន្នាការគាំពារនិយមផ្នែកពាណិជ្ជកម្ម និងករប្រឆាំងសកលភាវូបនីយកម្ម បញ្ហាមិនមែនប្រពៃណីផ្សេងៗ និងការប្រែប្រួលអាកាសធាតុជាដើម។ មិនតែប៉ុណ្ណោះ ការខ្វះខាតហិរញ្ញប្បទានសម្រាប់អនុវត្តគម្រោងនិងកង្វះការស្រាវជ្រាវរួមគ្នាក៏នៅតែបន្តជាឧបសគ្គសម្រាប់អេកម៉ិករបស់យើង។ សម្ដេចតេជោ បានបន្តថា ដើម្បីដោះស្រាយនូវបញ្ហាប្រឈម យើងត្រូវតែបន្តផ្តោតអាទិភាពលើការកែទម្រង់អេកម៉ិក ការម្របសម្រួលឲ្យកាន់តែប្រសើរឡើងរវាងអេម៉ិកជាមួយក្របខណ្ឌកិច្ចសហប្រតិបត្តិការអនុតំបន់ពាក់ព័ន្ធនានា, ការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសសមាជិកអេកម៉ិក, និងការអនុវត្តឲ្យបានពេញលេញ និងមានប្រសិទ្ធភាពនូវអ្វីដែលយើងបានឯកភាពគ្នា។
នៅក្នុងកិច្ចប្រជុំកំពូល ACMECS លើកទី៨ នាពេលនេះ សម្ដេចតេជោ បានផ្ដល់នូវអនុសាសន៍មួយចំនួនសំដៅពង្រីងកិច្ចសហប្រតិបត្តិការអនាគតរបស់ ACMECS ដូចខាងក្រោម៖
ទី១) សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានបង្ហាញនូវការគាំទ្រនូវ ការផ្តួចផ្តើមរៀបចំតាក់តែងផែនការមេអេកម៉ិកឆ្នាំ ២០១៩-២០២៣ សំដៅកែលម្អហេដ្ឋារចនាសម្ព័ន្ធប្រតិបត្តិការអេកម៉ិក និងប្រើប្រាស់សក្តានុពលអេកម៉ិកឲ្យបានពេញលញ និងបានឯកភាពជាគោលការណ៍លើកគំនិតផ្តួចផ្តើមរបស់ប្រទេសថៃ ក្នុងការបង្កើតមូលនិធិហេដ្ឋារចនាសម្ព័ន្ធ និងបរធនបាលកិច្ចអេកម៉ិក (ACMECS Infrastructure Fund and Trust) ។ សម្ដេចតេជោ ក៏បានស្នើមន្ត្រីបច្ចេកទេសធ្វើការពិភាក្សា និងស្វែងយល់ឲ្យបានច្បាស់អំពីយន្តការ, ទម្រង់, សមិទ្ធិលទ្ធភាព និងលក្ខណយោងផ្នែកបច្ចេកទេស (Terms of Reference-Tor) នៃមូលនិធិនេះ ដើម្បីអាចរៀបចំដាក់ឲ្យអនុវត្តទៅបាន។
២)វិស័យឯកជនមានតួនាទីសំខាន់ក្នុងការជំរុញការអភិវឌ្ឍ។ដូ ចនេះយើងត្រូវបន្តជំរុញភាពជាដៃគូរវាងវិស័យសាធារណៈ និងវិស័យឯកជនដែលជាកម្លាំងចលករនៃកំណើនសេដ្ឋកិច្ច និងត្រូវបន្តផ្តល់អាទិភាពទៅលើការកែលម្អបរិស្ថានធុរកិច្ចជាពិសេសតាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន,ការពង្រឹងប្រព័ន្ធឡូជីស្ទីក,ការសម្រួលពាណិជ្ជកម្មនិងការជំរុញកសាងតំបន់សេដ្ឋកិច្ចពិសេស។
៣)ការពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធលើផ្នែកពាណិជ្ជកម្ម, ការវិនិយោគ និងឧស្សាហកម្មរវាង សមាជិកអនុតំបន់អេកម៉ិក ក្នុងខ្សែច្រវ៉ាក់ផលិតកម្មតំបន់ និងសកលលោក (Global and Regional Value Chains) គឺជាការងារដែលយើងត្រូវបន្តជំរុញ ដើម្បីទទួលបានផលចំណេញពីការហៀរចេញ នូវបច្ចេកវិទ្យា និងការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ប្រទេសមួយចំនួននៅក្នុងតំបន់ ពីឧស្សាហកម្មពឺងផ្នែកលើពលកម្ម មកកាន់សេដ្ឋកិច្ចដែលពឹកផ្អែកលើមូលធន។
៤)ការថែរក្សាបាននូវសន្តិភាព,សន្តិសុខ និងស្ថិរភាពក្នុងតំបន់ និងអនុតំបន់ នៅតែបន្តជាការងារដ៏សំខាន់មួយ សម្រាប់កិច្ចប្រឹងប្រែងអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចរបស់យើង ទាំងនៅក្នុងកម្រិតថ្នាក់ជាតិ និងទាំងនៅក្នុងកម្រិតអនុតំបន់ និងតំបន់។
៥)សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះចក្ខុវិស័យរួមនៃការអភិវឌ្ឍនៅក្នុងបណ្តាប្រទេសអេកម៉ិក ជាពិសេសខ្ញុំសូមគាំទ្រការអនុម័តសេចក្តីថ្លែងការណ៍ទីក្រុងបាងកក នៃកិច្ចប្រជុំកំពូលអេកម៉ិក លើកទី៨ និងផែនការមេអេកម៉ិក ២០១៩-២០២៣៕
រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ