ព័ត៌មានទាន់ហេតុការណ៍៖

មួយឃ្លារបស់យុវតីពិការកម្សត់នៅសៀមរាបធ្វើឲ្យ អាឡាស្កូ នៅមិនស្ងៀម

ចែករំលែក៖

ភ្នំពេញ៖ យុវតីពិការមានជំងឺប្រចាំកាយគួរឲ្យអាណិតឈ្មោះ ម៉ែន យេន នៅស្រុកជីក្រែងខេត្តសៀមរាប បានធ្វើឲ្យអ្នកលេងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកអាណិតអាសូរខ្លាំង ។
ពាក្យថា មិនដើមសុំទានគេទេខ្លាចបាប បានធ្វើឲ្យតារាសម្តែង និងពិធីករ លោក អាឡាស្កូក្តុកក្តួលរន្ធត់ក្នុងចិត្តរហូតសម្រេចចិត្តចេញមុខស្វែងរកជំនួយសប្បុរសធម៌ជួយដល់ក្មេងស្រីរូបនេះ ។  ក្នុងវីដេអូឃ្លីបខ្លីដែលត្រូវបានសម្ភាសន៍ដោយព្រះតេជគុណមួយព្រះអង្គបានបង្ហាញថា យុវតី ម៉ែន យេន មានអាយុ២៨ ឆ្នាំ រស់នៅភូមិខ្លាឃ្មុំ ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប ។
តាមការរៀបរាប់បានបញ្ជាក់ថា នាងរស់នៅក្នុងក្រុមគ្រួសារដែលមានជីវភាពក្រីក្រ និងមានជំងឺស្វិតដៃជើង និងក្លាយជាពិការភាពតាំងពីវ័យកុមារមកម៉្លេះ ហើយនាងក៏មានជំងឺស្កាន់ប្រចាំកាយដែលត្រូវប្រើប្រាស់ថ្នាំជារៀងរាល់ខែ ។
ព្រោះតែជីវភាពខ្វះខាតនាងរៀនបានត្រឹមថ្នាក់ទី៥ ហើយសម្រេចចិត្តយករបររើសអេតចាយដើម្បីចិញ្ចឹមជីវិត ។   យុវតីរូបនេះបញ្ជាក់ថា នាងត្រូវធ្វើដំណើរទៅណាមកណាដោយប្រើរទេះដែលអាចធ្វើចលនាដោយប្រើប្រាស់ដៃ ហើយនាងបានធ្វើដំណើរទៅកាន់តំបន់ឆ្ងាយៗពីភូមិជាច្រើនគីឡូម៉ែត្រ ស្ទើរជារៀងរាល់ថ្ងៃដើម្បីរើសអេតចាយ  ។
នាងថា ទោះបីក្រីក្រធ្លាក់ខ្លួនពិការ ប៉ុន្តែនាងមិនសម្រេចចិត្តទៅសុំទានគេនោះទេ ព្រោះខ្លាចបាប ហើយសុខចិត្តលំបាកដោយការធ្វើដំណើរគ្រប់ច្រកល្អទាំងភ្លៀងក្តៅរងារ ដើម្បីរើសអេតចាយចិញ្ចឹមជីវិត ។
ឃើញសភាពដ៏គួរឲ្យអាណិតអាសូរ តារាសម្តែង ចម្រៀង និងពិធីករ លោក អាឡាស្កូ បានសម្រេចចិត្តចេញមុខស្វែងរកថវិកាជួយសម្រាលការលំបាករបស់ក្មេងស្រីខាងលើ ។
លោកបញ្ជាក់ថា លោកធ្លាប់ទៅដល់អង្គការជនពិកាជាច្រើន ប៉ុន្តែឃើញសមភាពយុវតីម្នាក់នេះធ្វើឲ្យលោកក្តុកក្តួលជាពន់ពេកស្ទើរទប់ទឹកភ្នែកមិនបាន ។  លោកថាអ្វីដែលធ្វើឲ្យលោកកាន់តែអាសូរចំពោះក្មេងស្រីរូបនេះគឺក្រោយនាងពោលពាក្យ មិនលើកដៃសុំទានគេទេ គឺសុខចិត្តដើររើសអេតចាយ បានតិចតួចដើម្បីជួយខ្លួនឯងនិងគ្រួសារ ។
លោកបញ្ជាក់ដែរថា លោកកាន់តែរំភើបក្រោយពីទស្សនិកជន មិត្តភ័ក្កិជាច្រើនបានគាំទ្រ និងជួយសកម្មភាពមួយនេះដែលរហូតមកដល់ពេលនេះមានសប្បុរសជនមិត្តភ័ក្កិមួយចំនួនបានផ្តល់ថវិកាតាមរយៈលោកជួយដល់យុវតីខាងលើ ។
លោកថា លោកនឹងចេញដំណើរទៅកាន់លំនៅដ្ឋានយុវតីនេះ ដោយផ្ទាល់ នៅថ្ងៃទី១៩ ខែមិថុនា ដើម្បីសួរសុខទុក្ខ និងស្វែងយល់ពីការលំបាករបស់យុវតីខាងលើ ។
លោកថាពេលនេះជំនួយក្នុងដៃមានថវិកា មិនក្រោម៦០០ដុល្លារអាមេរិកទេ ដែលលោកទទួលបាន ហើយលោកក៏ចង់ជួយបង្កើតមុខរបរមួយសមរម្យសម្រាប់យុវតីរូបនេះ ជាជាងការឲ្យនាងដើររើសសំរាម ដោយប្រឈមនឹងគ្រោះថ្នាក់ ព្រោះជំងឺប្រចាំកាយ ។
លោកបញ្ជាក់ដែរថា លោករំភើបនឹងទឹកចិត្តជួយរបស់សប្បុរសជន និងការលើកទឹកចិត្តរបស់ទស្សនិជនជាច្រើន ដែលវាឆ្លុះបញ្ចាំងពីទឹកចិត្តអាណិតស្រឡាញ់ជួយគ្នាប្រកបដោយភាពស្និទ្ធស្នាល ហើយលោកក៏រំពឹងដែរថាប្រជាជនខ្មែរជាច្រើនទៀត ក៏អាចធ្វើសកម្មភាពមនុស្សធម៌ស្រដៀងគ្នានេះដែរ ដើម្បីជួយដល់ប្រជាជនខ្មែរដូចគ្នា ដែលជួបការលំបាក និងត្រូវការការជួយទាំងកម្លាំងចិត្ត និងថវិកានោះ៕ វឌ្ឍនា

ចែករំលែក៖