បច្ចុប្បន្ន ប្រទេសផលិតប្រេងលំដាប់ ពិភពលោក នៅតែបន្តខ្វែងគំនិតគ្នា ពីរឿង បង្កើនការផលិតប្រេង ក្នុងពេលដែលតម្លៃប្រេងនៅលើពិភពលោក កំពុងកើនឡើង ខ្ពស់។
ប្រសិនបើគ្មានការបោះឆ្នោតជាឯកច្ឆន្ទទេនោះ ក្រុមប្រទេសផលិតប្រេង នឹងមិនអាចចេញកិច្ចព្រមព្រៀងរួមបានទេ។ យ៉ាងណាក៏ដោយ គេវាយតម្លៃថា ទោះជា អុីរ៉ង់ និងអារ៉ាប៊ីសាអ៊ូឌីត ជាសត្រូវដណ្តើមឥទ្ធិពលគ្នានៅតំបន់មជ្ឈិមបូព៌ា ប៉ុន្តែរឿង ជំនួញត្រូវបានប្រទេសទាំងពីរដាក់ដោយឡែកមិនលាយឡំក្នុងជម្លោះភូមិសាស្រ្តនយោបាយនោះទេ។ នៅចុងឆ្នាំ ២០១៦ ទោះជាមានការប្រឆាំងពីអុីរ៉ង់ក្តី ប៉ុន្តែ នៅ ទីបំផុត អង្គការក្រុមប្រទេសផលិតប្រេង OPEC ដែលមានអុីរ៉ង់ជាសមាជិក បានបោះឆ្នោត អនុម័ត កិច្ចព្រមព្រៀងមួយ ដែលសម្រេចឲ្យកាត់បន្ថយការផលិត ប្រេង។ លើកនេះ អុីរ៉ង់នៅទីបំផុតអាចយល់ ព្រម ឲ្យគេបង្កើនការផលិតប្រេងឡើងវិញ ប៉ុន្តែ អុីរ៉ង់ទំនងជាទាមទារចង់ឲ្យគេសរសេរបញ្ជាក់ នៅក្នុងកិច្ចព្រមព្រៀងថា អាមេរិក ដែលត្រលប់មកដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើអុីរ៉ង់ គឺជាដើមហេតុ ធ្វើឲ្យតម្លៃប្រេងឡើងថ្លៃនៅលើទីផ្សារ។ ត្រង់ចំណុចនេះ អុីរ៉ង់ចង់ឲ្យក្រុមប្រទេសផលិតប្រេងជួយ ចង្អុលមុខរកអ្នកដែលធ្វើឲ្យតម្លៃប្រេងឡើងថ្លៃនោះ គឺអាមេរិក។ គឺទណ្ឌកម្មរបស់អាមេរិក ទៅលើអុីរ៉ង់ និងវេណេហ្ស៊ុយអេឡា ដែលធ្វើឲ្យការផ្គត់ផ្គង់ប្រេង ថយចុះ រហូតធ្វើឲ្យតម្លៃប្រេងនៅលើទីផ្សារ កើនឡើង យ៉ាងដូច្នេះ។
ក្រុមប្រទេសផលិតប្រេងធំៗនៅលើ ពិភពលោកបាន ជួបប្រជុំគ្នា នៅថ្ងៃ២២ ខែមិថុនា នៅក្នុងទីក្រុងវីយ៉ែន ប្រទេស អូទ្រីស។ ប្រធានបទសំខាន់ដែលប្រទេសផលិតប្រេងទាំង២៤ ត្រូវជជែកគ្នា គឺ សំណើចង់បង្កើនការផលិតប្រេងបន្ថែម។ នៅមុនកិច្ចប្រជុំរបស់អង្គការប្រទេសផលិតប្រេង OPEC ហើយនិងប្រទេសមិនមែន សមាជិករបស់OPEC គឺប្រទេសរុស្ស៊ី និង អារ៉ាប៊ីសាអ៊ូឌីត ដែលជាប្រទេសបូមប្រេងច្រើនជាងគេក្នុងលោក បានព្រមព្រៀងគ្នា រួចហើយ ចង់ឲ្យមានការបង្កើនការផលិត ប៉ុន្តែ អុីរ៉ង់វិញបានបដិសេធមិនចង់ឲ្យបង្កើនការផលិតប្រេងនោះឡើយ។ តើក្រុមប្រទេសផលិតប្រេងអាចរកឃើញកិច្ចព្រមព្រៀងដើម្បីបង្កើនបរិមាណផលិតប្រេងដែរឬទេ?
រដ្ឋមន្រ្តីរបស់ក្រុមប្រទេសផលិតប្រេង OPEC ហើយនិងប្រទេសដៃគូ ដែលរួម មាន២៤ប្រទេស បានបើកកិច្ចប្រជុំនៅថ្ងៃ សុក្រ និងថ្ងៃសៅរ៍ ដើម្បីជជែកពីគម្រោងចង់បង្កើនការផលិតប្រេង នៅទូទាំងពិភព លោក។ នៅចុងឆ្នាំ ២០១៦ ដើម្បីធ្វើឲ្យតម្លៃប្រេងឆៅឡើងថ្លៃវិញ ប្រទេសផលិត ប្រេងទាំង២៤ បានចុះហត្ថលេខាលើកិច្ច ព្រមព្រៀង កាត់បន្ថយការបូមប្រេង ប្រមាណ១លានបារ៉ែល ពោលគឺគេបាន ព្រមព្រៀងគ្នាផលិតប្រេងប្រមាណ ៣២ លានបារ៉ែលប៉ុណ្ណោះ ក្នុងមួយថ្ងៃ។ កិច្ច ព្រមព្រៀងនេះបានជួយស្រោចស្រង់តម្លៃប្រេង ដែលធ្លាក់ចុះខ្លាំងក្នុងទីផ្សារប្រេង រហូតដល់ ៣០ដុល្លារ ក្នុងមួយបារ៉ែល នៅឆ្នាំ ២០១៦ ឲ្យកើនឡើងដល់៧៨ ដុល្លារវិញ នៅថ្ងៃបើកប្រជុំរបស់OPEC។
ប៉ុន្តែសម្រាប់អារ៉ាប៊ីសាអ៊ូឌីត ដែលជាប្រទេសនាំចេញប្រេងធំជាងគេក្នុងលោក អង្គការ OPEC និងក្រុមប្រទេសផលិតប្រេង ផ្សេងទៀត ត្រូវសើរើកិច្ចព្រមព្រៀងឡើង វិញ ដើម្បីឆ្លើយតបនឹងតម្រូវការប្រេងក្នុង ទីផ្សារ។ តាមកិច្ចព្រមព្រៀង ឆ្នាំ ២០១៦ ក្រុមប្រទេសផលិតប្រេង ត្រូវកាត់បន្ថយ ការបូមប្រេង រហូតដល់ចុងឆ្នាំ ២០១៨ ដើម្បីស្រោចស្រង់តម្លៃប្រេងឆៅឡើងវិញ។
កន្លងមក អារ៉ាប៊ីសាអ៊ូឌីត ប្រទេសនាំ មុខគេរបស់ OPEC ហើយនិងរុស្ស៊ីដែល មិនមែនជាសមាជិករបស់ OPEC បាន ទាមទារឲ្យគេបង្កើនបរិមាណផលិតប្រេង ចាប់ពីខែកក្កដា ដោយមិនចាំបាច់ត្រូវរង់ចាំដល់ដំណាច់ឆ្នាំនេះ តាមកិច្ចព្រមព្រៀងឆ្នាំ ២០១៦នោះទេ។ ដើម្បីបញ្ចុះបញ្ចូលប្រទេសផលិតប្រេងផ្សេងទៀតឲ្យយល់ព្រមបោះឆ្នោតគាំទ្រកិច្ចព្រមព្រៀងថ្មី អារ៉ាប៊ីសាអ៊ូ ឌីត បានលើកឡើងពីការតវ៉ារបស់ប្រទេសទិញប្រេង ដែលមានដូចជាអាមេរិក ចិន និងឥណ្ឌា ដែលត្អូញ ពីតម្លៃប្រេងឡើងថ្លៃ ដោយសារតែនយោបាយកាត់បន្ថយការ ផលិតប្រេងកន្លងមករបស់ប្រទេស OPEC។ អ្នកវិភាគមួយចំនួន បានវាយ តម្លៃថា អារ៉ាប៊ីសាអ៊ូឌីត មិនចំណេញ ពីនយោបាយបង្កើនការផលិតប្រេងនេះទេ ប៉ុន្តែ អារ៉ាប៊ីសាអ៊ូឌីត បានយល់ព្រមចង់ឲ្យបង្កើនការផលិតប្រេងឡើងវិញ ដើម្បីទម្លាក់តម្លៃប្រេងឆៅទៅតាមការដាក់សម្ពាធរបស់អាមេរិក។ អាចនិយាយថា អារ៉ាប៊ីសាអ៊ូឌីត ធ្វើដូច្នេះ ដើម្បីសងគុណអាមេរិករបស់ លោកដូណាល់ ត្រាំ ដែលបានបើកផ្លូវឲ្យមានការដាក់ទណ្ឌកម្មសាជាថ្មី លើអុីរ៉ង់ ដែលជាគូប្រជែងរបស់អារ៉ាប៊ីសាអ៊ូឌីត ទាំងផ្នែកឥទ្ធិពល និងសេដ្ឋកិច្ចនៅក្នុង តំបន់។
នៅមុនការជួបប្រជុំ របស់OPEC លោក ដូណាល់ ត្រាំ ធ្លាប់បានរិះគន់ ក្រុមប្រទេស ផលិតប្រេង OPECថាជាអ្នកធ្វើឲ្យតម្លៃប្រេងឡើងថ្លៃ។ គេវាយតម្លៃថា លោកដូណាល់ ត្រាំ ស្រែកទម្លាក់កំហុស លើក្រុមប្រទេស ផលិតប្រេង ដោយសារតែហេតុផលសន្លឹក ឆ្នោត។ នៅអាមេរិកដែលជាប្រទេសនាំ ចូលប្រេងច្រើនបន្ទាប់ពីចិន ប្រជាជនអាមេ រិក រអ៊ូពីតម្លៃប្រេងឡើងថ្លៃ នៅមុនពេល បោះឆ្នោតសភា អាមេរិក ដែលត្រូវធ្វើនៅខែវិច្ឆិកាខាងមុខនេះ។
ចំណែកភាគីរុស្ស៊ីវិញ ដែលជាប្រទេស ផលិតប្រេងធំទី ២លើលោកបានទាមទារ ឲ្យបង្កើនការផលិតប្រេងឡើងវិញ ដើម្បី ឆ្លើយតបនឹងការទាមទារ របស់អ្នកភាគ ហ៊ុនរុស្ស៊ី។ អ្នកមាននៅរុស្ស៊ី ចង់ឲ្យគេ បង្កើនការរុករក ធ្វើអាជីវកម្មប្រេងបន្ថែមទៀតនៅរុស្ស៊ីព្រោះថា ធនធានធម្មជាតិ របស់រុស្ស៊ី នៅមានច្រើន ដែលមិនទាន់ធ្វើ អាជីវកម្ម នៅឡើយ។
នៅមុនកិច្ចប្រជុំត្រៀម របស់ OPEC នៅថ្ងៃទី២២ ខែមិថុនា រដ្ឋមន្រ្តីថាមពលអុីរ៉ង់បានបញ្ជាក់រួចហើយថា នឹងគ្មានការបង្កើនការបូមប្រេងបន្ថែម ទៅតាមការចង់បានរបស់អារ៉ាប៊ីសាអ៊ូឌីតនោះទែ។
នៅក្នុងកិច្ចព្រមព្រៀងរបស់OPEC នៅចុងឆ្នាំ ២០១៦ នៅពេលក្រុមប្រទេសផលិតប្រេងសម្រេចថា ត្រូវកាត់បន្ថយការ បូមប្រេង ដើម្បីធ្វើឲ្យតម្លៃប្រេងឆៅកើនឡើងវិញ នៅទីផ្សារ អុីរ៉ង់ ជាប្រទេសតែមួយ ដែលត្រូវបានគេអនុញ្ញាតឲ្យបន្តបង្កើនការបូមប្រេង។ នយោបាយយោគយល់ដល់ អុីរ៉ង់ ធ្វើឡើងនៅក្នុងបរិបទដែលអុីរ៉ង់ ទើបបានចុះកិច្ចព្រមព្រៀងនុយក្លេអ៊ែរអន្តរជាតិ ដែលបានជួយឲ្យអុីរ៉ង់រួចផុតពីទណ្ឌកម្មសេដ្ឋកិច្ចពីសហគមន៍អន្តរជាតិ និងជា ពិសេសពីអាមេរិក។ នៅពេលនោះ អុីរ៉ង់ បានជំរុញ វិស័យបូម និងនាំចេញប្រេង ដែលធ្លាប់រាំងស្ទះ ដោយសារតែទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិក។
ប៉ុន្តែនៅក្នុងបរិបទថ្មី អុីរ៉ង់បានត្រលប់ ទៅជាប់ស៊ង ជាថ្មី នៃទណ្ឌកម្មសេដ្ឋកិច្ច របស់លោកដូណាល់ ត្រាំ អុីរ៉ង់ នឹងមិនអាច ចំណេញបានច្រើនដែរ ទោះជាអុីរ៉ង់ ត្រូវ បង្កើនការផលិតប្រេងក៏ដោយ។ ដោយសារតែខ្លាចជាប់ទណ្ឌកម្មរបស់អាមេរិក គ្មានប្រទេសណា ក្រុមហ៊ុនណាហ៊ានទិញប្រេងពីអុីរ៉ង់នោះទេ។
នៅក្នុងរឿងបង្កើនការផលិតប្រេងនេះ មិនមែនមានតែអុីរ៉ង់ម្នាក់ទេ ដែលប្រឆាំង មិនចង់ឲ្យគេបង្កើនការផលិតប្រេងឡើងវិញ ដែលអាចជាដើមហេតុធ្វើឲ្យតម្លៃប្រេងចុះថ្លៃនោះ។ អុីរ៉ាក់ និងវេណេហ្សុ៊យអេឡា ដែលជាប្រទេសផលិតប្រេងសំខាន់មួយដែរនោះ ក៏ឈរនៅខាងអុីរ៉ង់ ដែរ។ អុីរ៉ាក់ កំពុងមានសេដ្ឋកិច្ចអូសជើង ដោយសារ សង្រ្គាម ត្រូវការចង់ឲ្យប្រេងនៅមានតម្លៃ ខ្ពស់។ ចំណែកវេណេហ្សុ៊យអេឡា ត្រូវបង្ខំ ចិត្ត កាត់បន្ថយការផលិតប្រេង ដោយ សារតែគ្មានអ្នកទិញ ដោយសារនយោបាយដាក់ទណ្ឌកម្មរបស់អាមេរិក។
ជារួមអុីរ៉ង់ អុីរ៉ាក់ ហើយនិងវេណេហ្សុ៊យ អេឡា ដែលអាចបញ្ចេញប្រេងទៅលក់ ដោយមានកំណត់ នៅទីផ្សារអន្តរជាតិ ដោយសារតែទណ្ឌកម្មរបស់អាមេរិក នឹង ខាតបង់ប្រាក់ចំណូល ច្រើន ដោយសារ ប្រេងអាចចុះថោក នៅពេលទីផ្សារប្រេងមានតម្រូវការតិចជាងការផ្គត់ផ្គង់។ ដោយ សារតែមិនចំណេញ គឺមានតែការខាតបង់ ទើបបានជាប្រទេសទាំងបី មិនគាំទ្រចង់ឲ្យ OPEC បង្កើនការផលិត ប្រេងឡើងវិញ នោះ៕ ម៉ែវ សាធី