ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីការពារជាតិអាមេរិកបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន

ចែករំលែក៖

កាលពីថ្ងៃទី២៦ ខែមិថុនា រដ្ឋមន្ត្រីក្រសួង ការពារជាតិអាមេរិក លោក James Mattis បានបំពេញទស្សនកិច្ច ទៅកាន់ទីក្រុង ប៉េកាំងរយៈពេល៣ថ្ងៃ។ ដំណើរទស្សន កិច្ចកើតឡើងក្នុងពេលដែល អាមេរិកចិន កំពុងប្រឈមមុខតានតឹងដាក់គ្នាក្នុងវិស័យ ពាណិជ្ជកម្ម។

ក្នុងរយៈពេល១៧ខែកន្លងមក ចាប់តាំងពីឡើងកាន់តំណែងរដ្ឋមន្ត្រីក្រសួង ការពារជាតិ លោក Mattis បានបំពេញ ទស្សនកិច្ចទៅកាន់ទ្វីបអាស៊ី៧លើកមកហើយ ហើយនេះជាលើកទី៣នៅក្នុងឆ្នាំ ២០១៨នេះ តែជាលើកទីមួយ ដែល ទស្សនកិច្ចទៅកាន់ប្រទេសចិន។ ដំណើរ ទស្សនកិច្ច របស់រដ្ឋមន្ត្រីការពារជាតិអាមេ រិកនាពេលចុងក្រោយ គឺនៅខែមេសា ឆ្នាំ ២០១៤ ពេលនោះលោក Chuck Hagel ជារដ្ឋមន្ត្រី។

លោក Mattis ពេលថ្មីនេះ បានរិះគន់ យ៉ាងខ្លាំងដល់ប្រទេសចិន ដែលបង្កើន កម្លាំងយោធានៅក្នុងតំបន់សមុទ្រចិនភាគខាងត្បូង និងគំរាមកំហែងដល់ប្រទេសជិត ខាង។ លោក Mattis ក៏បានសម្រេចដក ការអញ្ជើញចិនចូលរួមធ្វើសមយុទ្ធពហុ ប្រទេស ដោយសារតែបញ្ហាខាងលើ។

សារព័ត៌មានរ៉យទ័របានផ្សាយថា លើកនេះ លោកនឹងមានការទន់ភ្លន់ជាង មុន នៅក្នុងជំនួបផ្ទាល់ជាមួយទីក្រុង ប៉េកាំង។ មុនពេលធ្វើដំណើរទៅកាន់ ប្រទេសចិន លោក Mattis បញ្ជាក់ថា «ខ្ញុំ នឹងជ្រើសរើសយកវិធីសាស្ត្រចាំស្តាប់»។

ប្រធានបទនៅក្នុងជំនួបជាមួយភាគីចិន របស់លោក Mattis មិនត្រូវបានប្រកាសជាសាធារណៈនោះឡើយ។ ប៉ុន្តែមន្ត្រីជាន់ ខ្ពស់នៅក្នុងក្រសួងការពារជាតិ អាមេរិក បញ្ជាក់ថា លោក Mattis នឹងបញ្ចៀសកិច្ចពិភាក្សាដែលបង្កឲ្យគូភាគីពិបាកទ្រាំ។

ប្រភពព័ត៌មានបានឲ្យដឹងថា ការ រំសាយអាវុធបរមាណូកូរ៉េខាងជើង បាន ដើរតួនាទីយ៉ាងសំខាន់នៅក្នុងជំនួប ពិភាក្សាខាងលើ។ រដ្ឋមន្ត្រីការបរទេស អាមេរិកនឹងពិភាក្សាផ្តោតទៅលើសន្តិសុខ និងយុទ្ធសាស្ត្រ៕ ម៉ែវ សាធី


ចែករំលែក៖