មន្ត្រីជាន់ខ្ពស់មួយរូបនៅក្នុងក្រសួង ការបរទេសអាមេរិក កាលពីថ្ងៃទី២៦ ខែ មិថុនា បានបញ្ជាំក់ថា ទីក្រុងវ៉ាស៊ីនតោន សង្ឃឹមថា បណ្តាប្រទេសជុំវិញពិភពលោក នឹងផ្អាកទិញប្រេងពីអុីរ៉ង់រហូតដល់ថ្ងៃទី៤ ខែវិច្ឆិកា បើមិនដូច្នោះទេ នឹងត្រូវទទួលរងនូវការដាក់ទណ្ឌកម្មជាមិនខាន។
សកម្មភាពខាងលើបង្ហាញឲ្យឃើញថា រដ្ឋាភិបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ កំពុងតែអនុវត្តគោលនយោបាយតឹងតែងទៅលើប្រទេសអុីរ៉ង់ក្នុងការបិទសេដ្ឋកិច្ចនយោបាយប្រទេសនេះ។ ការដាក់ គំនាបទៅលើប្រទេសអុីរ៉ង់គឺជាអាទិភាពនៅក្នុងគោលនយោបាយសន្តិសុខជាតិ អាមេរិក។
ក្នុងពេលជាមួយគ្នានេះ រដ្ឋាភិបាល អាមេរិកបានជំរុញឲ្យប្រទេសជាមិត្តក្នុងនោះមាន ជប៉ុន ជាដើម ឲ្យផ្អាកទិញប្រេងពីប្រទេសអុីរ៉ង់។ សំណើខាងលើត្រូវបានធ្វើឡើងនៅក្នុងជំនួបទ្វេភាគីជាមួយទីក្រុងតូក្យូនាពេលកន្លងមកថ្មីៗ ក្រោយពេល ដែលបានពិភាក្សាស្តីពីការដាក់ទណ្ឌកម្មថ្មីទៅលើប្រទេសអុីរ៉ង់។
ក្រុមប្រទេសទិញប្រេងពីអុីរ៉ង់ កន្លងមកបានបង្ហាញក្តីសង្ឃឹមថាអាមេរិកនឹងអូស បន្លាយពេលវេលា ដើម្បីប្រទេសទាំងនោះ កាត់បន្ថយ ការទិញប្រេងពីអុីរ៉ង់បន្តិចម្តង ក៏ដូចជាបញ្ឈប់ការអាស្រ័យទៅលើប្រេងអុីរ៉ង់។ ប៉ុន្តែការ គំរាមដាក់ទណ្ឌកម្មខាងលើរបស់អាមេរិក នឹងធ្វើឲ្យប្រទេសជា ច្រើនរងផលប៉ះពាល់។
នៅពេលនេះតម្លៃប្រេងពិភពលោក កើនឡើងរហូតដល់ទៅ៣ភាគរយ ក្នុង ពេលទទួលបានព័ត៌មានខាងលើភ្លាម។ នៅលើទីផ្សារទីក្រុងញូវយ៉ក តម្លៃប្រេងក៏ បានកើនឡើងផងដែរ។
សកម្មភាពរបស់អាមេរិកត្រូវបានក្រុមអ្នកឯកទេសវាយតម្លៃថា នឹងធ្វើឲ្យទីផ្សារប្រេងនៅលើពិភពលោកធ្លាក់នៅក្នុងសភាព ចលាចលសាជាថ្មី និងធ្វើឲ្យតម្លៃប្រេង កើនឡើងខ្ពស់៕ ម៉ែវ សាធី