ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងចម្រុះស្រុកកណ្ដៀងចុះបង្រ្កាបបទល្មើសនេសាទខណៈត្រីកំពុងពងកូន

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ លោក អភិបាល អភិបាលរងស្រុកកណ្ដៀងដឹកនាំកម្លាំងចម្រុះ ចុះបង្រ្កាបបទល្មើសនេសាទប្រើប្រាសឧបករណ៍ខុសច្បាប់ស្ដីពីជលផល ខណៈត្រីកំពុងពងកូននាទឹកទន្លេមេគង់កំពុងហកឡើង ដោយកាប់បំផ្លាញ និងដុតកម្ទេចចោលនូវត្ថុតាង ។

ប្រតិបត្តិការខាងលើធ្វើឡើងនាព្រឹកថ្ងៃពុធ ១៥កើត ខែបឋមាសាឍ ឆ្នាំច សំរិទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ នៅលើផ្ទៃទឹកបឹងទ្លេសាប ត្រង់ចំណុចជ្រោយវែង ស្ថិតក្នុងភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីកម្លាំងចុះប្រតិបត្តិការខាងលើបានឲ្យដឹងថា លទ្ធផល៖ កម្លាំងបង្រ្កាបឧបករណ៍បទល្មើសនេសាទខុសច្បាប់ស្ដីពីជលផលប្រភេទរួមផ្សាំបានរួមមាន ក្បាកបរចំនួន ០២គ្រឿង ក្បាលឡុកចំនួន ០៣ សាច់សំឡាញ(អួន)ប្រវែងចំនួន ១០០០ម៉ែត្រ និងបង្គោលចំរឹងចំនួន ៧៣០ដើម ។

ប្រភពដដែលខាងលើបន្តទៀតថា វត្ថុតាងជាលទ្ធផលក្នុងការបង្រ្កាបបទល្មើសនេសាទបានកាប់បំផ្លាញ និងដុតកម្ទេចចោលនៅនឹងកន្លែង ហើយកម្លាំងសន្យានឹងបន្តបង្រ្កាបទៀត ដរាបណាបទល្មើសនេសាទខុសច្បាប់ស្ដីពីជលផល ប្រភេទឧបករណ៍រួមផ្សំទាំងនោះមានការថយចុះ ។

ដោយឡែក៖ ប្រភពរាយការណ៍ក្ដៅៗពីប្រជានេសាទនៅតំនោះ នារសៀលថ្ងៃខែឆ្នាំដដែលនេះ បានលើកឡើងស្រឌៀងៗគ្នាថា កម្លាំងចម្រុះដែលដឹកនាំដោយលោក អភិបាល អភិបាលរងនៃស្រុកកណ្ដៀង ក៏រងនូវការរិះគន់ផងដែរដោយបង្រ្កាបមានភាពលំអៀង(បែបគំគួន) ព្រោះថាបទល្មើសប្រភេទនេះកើតមានច្រើនស្ទើររាប់មិនអស់ នៅក្នុងដែនសហគមន៍នេសាទស្រីចឹក និងកោះក្អែក ប៉ុន្តែគេឃើញកម្លាំងទាំងនោះបង្រ្កាបតែ(មួយចំណុចពីកន្លែង) ហើយមានប្រវែងតែចំនួន ៦១០ម៉ែត្រប៉ុណ្ណោះ៕ ប៉ឹម ពិន


ចែករំលែក៖