ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឡិចស៊ីសRX300បើកលឿនបុកម៉ូតូពីក្រោយអូសជាច្រើនម៉ែត្រ ស្លាប់បុរសម្នាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ បុរសវ័យចំណាស់ម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈដែលជិះម៉ូតូម្នាក់ឯង ហើយត្រូវបានរថយន្តឡិចស៊ីសRX300បើកបរក្នុងល្បឿនលឿនបុកពីក្រោយយ៉ាងពេញទំហឹងអូសជាច្រើនម៉ែត្រកាលពីវេលាម៉ោង០៩និង៥០នាទីព្រឹកថ្ងៃពុធ ១៥កើត ខែបឋមាសាឍ ឆ្នាំច សំរិទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវ លេខ៤ត្រង់ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៦២ទៅលេខ៦៣ ចំណុចភូមិអន្លង់ថ្លឹង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

តាមសម្តីរបស់មន្ត្រីនគរបាលចរាចរណ៍ស្រុកភ្នំស្រួចបាននិយាយឲ្យដឹងថា នៅមុនពេលកើតហេតុមានរថយន្តមួយ គ្រឿង ម៉ាក ឡិចស៊ីសRX 300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AU 7025 អ្នកបើកបរមិស្គាល់ឈ្មោះ មិនស្គាល់អាស័យដ្ឋាននោះទេ បាន បើកបរតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីទិសខាងកើតទៅទិសខាងលិចលុះធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ បានបុកម៉ូតូមួយគ្រឿងម៉ាកហុងដា សេ 125 ពណ៌ខ្មៅស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ កំពង់ស្ពឺ 1 I 2398 អ្នកបើកបរឈ្មោះ ខៀវ ហិត ហៅ ឃឿន ភេទ ប្រុស អាយុ៥៨ ឆ្នាំជាកសិករ រស់នៅភូមិ ក្រាំងថ្នល់ ឃុំមហាសាំងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលបលកបរស្របទិសគ្នា បណ្តាលឲ្យអ្នកបើកបរម៉ូតូបានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ។ ចំពោះអ្នកបើករបររថយន្តក្រោយ ពេលបើករថយន្ត បុក ម៉ូតូរួចបានថតរថយន្តទុកចោលចុះរត់គេចខ្លួន បាត់ស្រមោល ។ ក្រោយកើតហេតុនគរបាលបានចុះធ្វើវាស់វែង សពត្រូវបាននគរបាលជំនាញប្រគល់ឲ្យ ក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យ តាមប្រពៃណី ។

ចំពោះ វត្ថុតាងទាំងពីរគ្រឿងនគរបាលជំនាញបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួចរង់ចាំដោះស្រាយនៅពេលក្រោយនិងកសាងសំណុំរឿង ដើម្បីចាត់ការតាមនិតិវិធី ៕ សេនា សក្តិ


ចែករំលែក៖