ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោហៅការបំបែកកូនពីម្តាយនៅព្រំដែនម៉ិចសុីកូជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា សហរដ្ឋអាមេរិកដែលជាប្រទេសបិតាលទ្ធិប្រជាធិបតេយ្យ និង បិតាគោរពសិទ្ធិមនុស្សនោះកំពុងតែរំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរបំផុតដោយសារការចាប់បំបែកកូនតូចៗចេញពីម្ដាយឪពុករបស់ពួកគេ ហើយយកទៅដាក់នៅ មណ្ឌលឃុំឃាំងក្នុងរដ្ឋតិចសាស់ដែលនៅជាប់ព្រំដែនជាមួយប្រទេសម៉ិចស៊ីកូ ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ ថា តុលាការអាមេរិកចាត់ទុកថា អ្វីដែលជាការសម្រេចរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ គឺត្រឹមត្រូវទាំងអស់ ខណៈដែលមុននេះតុលាការអាមេរិកចាត់ទុកការសម្រេចនេះមិនត្រឹមត្រូវនោះទេ។ បើតាមសម្ដេចតេជោនាយករដ្ឋមន្ដ្រីបញ្ជាក់បើទោះបីរឿងនោះកើតនៅសហអាមេរិក តែបង្កផលប៉ះពាល់ដល់ប្រទេសដទៃទៀត។

ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃពុធ ១៥កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ ក្នុងឱកាសសម្ដេចអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនីសរុបប្រមាណ២៤.៣៧៥នាក់ មកពីរោងចក្រចំនួន៥ ស្ថិតនៅស្រុកសាមគ្គី មានជ័យ ខេត្តកំពង់ឆ្នាំង ។

សម្ដេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះថា «ឥឡូវ ប៉ុន្មានថ្ងៃនេះនៅសហរដ្ឋអាមេរិកអំពើ រំលោភសិទ្ធិមនុស្សត្រូវកើតឡើងយ៉ាងធំដោយបំបែកកូនពីម្ដាយនៅព្រំដែនប្រទេស ម៉ិចស៊ីកូ។ តុលាការអាមេរិកចាត់ទុកថា អ្វីដែលជាការសម្រេចរបស់ប្រធានាធិបតី អាមេរិក ដូណាល់ ត្រាំ គឺត្រឹមត្រូវទាំងអស់ ដែលមុននេះតុលាការអាមេរិកចាត់ទុកថា ការសម្រេចរបស់ប្រធានាធិបតីមិនត្រឹម ត្រូវ តែឥឡូវការហាមឃាត់ការធ្វើដំណើរពីប្រទេសនីមួយៗទៅកាន់សហរដ្ឋអាមេរិក តុលាការកំពូលអាមេរិកចាត់ទុកថា ត្រឹម ត្រូវ»។

និយាយដល់ចំណុចនេះសម្តេចតេជោបានរំលឹកពីបញ្ហាជនភៀសខ្លួននៅកម្ពុជា ដោយសារតែរបបប្រល័យពូជសាសន៍ ប៉ុល ពត បានធ្វើឲ្យពលរដ្ឋកម្ពុជាភៀសខ្លួន ទៅនៅប្រទេសដទៃ។ ដូច្នេះមិនត្រូវធ្វើឲ្យពលរដ្ឋកម្ពុជាមានការភៀសខ្លួនដោយសារ ភ្លើងសង្គ្រាមទៀតនោះទេ ។

សម្ដេចតេជោ ហ៊ុន សែន នៅតែបន្ដ អំពាវនាវដល់កម្មករកម្មការិនីបន្តរួមគ្នាថែ រក្សាឲ្យបាននូវសុខសន្តិភាពដើម្បីធានាដល់ការអភិវឌ្ឍ និងដើម្បីធានាដល់ប្រាក់ខែ ដែលកំពុងមាននាពេលបច្ចុប្បន្ននេះ ហើយ ការធានាមិនឲ្យមានសង្គ្រាមមិនឲ្យមានពលរដ្ឋភៀសខ្លួនដូចអតីតកាលជាការងាយស្រួលនោះទេគឺគ្រាន់តែបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជាលេខរៀងទី២០ នៅចុងខែកក្កដាខាងមុខនេះ ។

សូមជម្រាបថា ពាក់ព័ន្ធការរំលោភសិទ្ធិ មនុស្សដ៏ធ្ងន់ធ្ងររបស់ប្រទេសមហាអំណាច មួយនេះ ឧត្តមស្នងការទទួលបន្ទុកសិទ្ធិ មនុស្សអង្គការសហប្រជាជាតិ (UN) លោក ហ្សេដ រ៉ាអាដ អាល់ ហ៊ូស្សេន (Zeid Ra’ad Al Hussein) បានចេញមុខថ្កោលទោល ចំពោះគោលនយោបាយគ្មានត្រាប្រណីលើ ជនអន្តោប្រវេសន៍មកពីប្រទេសមុិចស៊ីកូ របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលបានបំបែកបំបាក់កុមារជាង២ពាន់ នាក់ចេញពីឪពុកម្ដាយរបស់ពួកគេដែលត្រូវបានអាជ្ញាធរអាមេរិកចាប់ឃុំខ្លួន ។

ដោយឡែកបើយើងងាកមកប្រទេស កម្ពុជាឯណេះវិញអតីតបុគ្គលិកស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាចំនួន៣២នាក់ត្រូវបានស្ថានទូតបណ្ដេញចេញពីការងារដោយគ្មានភ័ស្ដុតាងច្បាស់លាស់រហូតដល់ពួកគាត់ទាំង៣២នាក់បានធ្វើបាតុកម្មតវ៉ានឹងការសម្រេចរបស់ស្ថានទូតប្រទេសមហា អំណាចមួយនេះ។ ក្រៅពីការធ្វើបាតុកម្ម អតីតបុគ្គលិកស្ថានទូតអាមេរិកបានដាក់ញត្តិ ដើម្បីស្វែងរកកិច្ចអន្ដរាគមន៍ពីខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន, ក្រសួងការបរ ទេស និងសហប្រតិបត្តិការអន្ដរជាតិ និង ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ផងដែរ ៕ ហេង សូរិយា


ចែករំលែក៖