ខេត្តមណ្ឌលគិរី ៖ អស់រយៈពេលជាង មួយសប្តាហ៍មកហើយគេសង្កេតឃើញដីចម្ការស្រល់របស់រដ្ឋរាប់សិបហិកតានៅក្នុងស្រុកអូររាំង ខេត្តមណ្ឌលគិរីត្រូវអ្នកមាន លុយឃុបឃិតជាមួយអាជ្ញាធរធ្វើរបងព័ទ្ធយកជាកម្មសិទ្ធិឯកជន។ ខណៈប្រជាសហគមន៍រស់នៅក្នុងឃុំសែនមនោរម្យបានដាក់ ការសង្ស័យថា មានការឃុបឃិតគ្នាជាប្រព័ន្ធ ដើម្បីលក់ដីនោះទៅឲ្យកសិដ្ឋានចិញ្ចឹមគោ។
លោក នង ទុណ្ណារី អភិបាលស្រុកអូររាំង និងមន្ត្រីនគរបាលម្នាក់ឈ្មោះ តេង ត្រូវ បានមហាជនចោទប្រកាន់ថា ជាអ្នកឃុបឃិតគ្នាជាមួយឧកញ៉ាម្នាក់នៅរាជធានី ភ្នំពេញដែលល្បីខាងជំនួញដីធ្លីដើម្បីយកដីចម្ការស្រល់ប្រមាណជិត១០០ហិកតា ធ្វើជាកម្មសិទ្ធិតាមរូបភាពញុះញង់ប្រជា ពលរដ្ឋជាអ្នកចេញមុខផ្តិតមេដៃលក់ដីនេះឲ្យខ្លួន ។
ប្រភពច្បាស់ការណ៍បានបង្ហើបថា សកម្មភាពធ្វើរបងព័ទ្ធយកដីចម្ការស្រល់នេះលោកអភិបាលស្រុកអូររាំងទទួលបានថវិកាចូលហោប៉ៅមិនក្រោម១សែនដុល្លារឡើយ។ ខណៈមន្ត្រីរាជការជាច្រើននាក់នៅ ស្រុកអូររាំងបានកើតទុក្ខមិនសុខចិត្តចំពោះ សកម្មភាពលោកអភិបាលស្រុកដែលបានលួចកាត់ដីចម្ការស្រល់លក់ជារឿយៗ ។
លោកស្រី ខ្វាន់ ត្រែល មេឃុំសែន មនោរម្យ ស្រុកអូររាំងបានឲ្យដឹងថា ចំពោះដីចម្ការស្រល់នៅច្រកចូលទៅទឹកជ្រោះ រម្យនា១ដែលគេកំពុងធ្វើរបងព័ទ្ឋជុំវិញនេះ គឺជាដីរបស់ឯកជនមិនមែនជាដីរបស់ក្រុមហ៊ុន ឬដីរបស់រដ្ឋទេ។ ចំពោះដើមស្រល់ដាំ នៅលើដីនេះភាគីម្ចាស់ដីធ្លាប់បានប្រាប់ទៅភាគីក្រុមហ៊ុនដាំដើមស្រល់។ ប៉ុន្តែក្រុមហ៊ុននៅតែដាំលើដីប្រជាពលរដ្ឋ ខណៈ ដែលប្រជាពលរដ្ឋមានលិខិតកាន់កាប់ តាំងពីឆ្នាំ២០០០មកម្លេ៉ះ ។
លោកស្រីមេឃុំសែនមនោរម្យបានបន្តទៀតថា ដីខាងលើនោះមានម្ចាស់ចំនួន៤គ្រួសារគ្រប់គ្រងលើផ្ទៃដីសរុបប្រមាណ ៥០ហិកតា ។
លោក នង ទុណ្ណារី អភិបាលស្រុកអូររាំង បានឲ្យដឹងយ៉ាងខ្លីថា កសិដ្ឋានចិញ្ចឹមគោ គឺបានទិញដីពីប្រជាពលរដ្ឋប្រមណន១០ទៅ២០ហិកតា ហើយជាដីដែលក្រុមហ៊ុន ចិនហ្វូស៊ីឆាងបានដាំដើមស្រល់នាពេល កន្លងមក ។
ជុំវិញករណីខាងលើនេះរដ្ឋបាលសាលាខេត្តមណ្ឌលគិរីបានឲ្យអ្នកយកព័ត៌មាន ដឹងថា នៅមិនទាន់អាចឆ្លើយតបបានទេ រង់ចាំពិនិត្យជាក់ស្តែងសិន ។
ប្រភពដោយឡែកមួយទៀតបានចោទ ប្រកាន់ថា តាំងពីលោក នង ទុណ្ណារី ចូលកាន់តំណែងជាអភិបាលស្រុកអូររាំងក្នុង រយៈពេលជាង៣ឆ្នាំមកនេះលោកបានកាត់ដីចម្ការស្រល់អស់ជាច្រើនកន្លែងរួចលក់យកលុយដាក់ហោប៉ៅផ្ទាល់ខ្លួនដោយគ្មានខ្លាចច្បាប់ឡើយ ។
ប្រជាពលរដ្ឋរស់នៅស្រុកអូររាំងបានស្នើដល់អាជ្ញាធរខេត្តជួយចុះពិនិត្យមើលរឿងមិនប្រក្រតីរបស់លោកអភិបាលស្រុក ដែលកំពុងប្រើរូបភាពយកលេសប្រជា ពលរដ្ឋឈរឈ្មោះជំនួសខ្លួនដើម្បីផ្តិតមេដៃលក់យកលុយសម្រាប់ខ្លួនឯង ៕ ហេង សូរិយា