ព័ត៌មានទាន់ហេតុការណ៍៖

មន្ទីរកសិកម្មខេត្តព្រះសីហនុប្តឹងស្ត្រី មឿង ស្រីទូច ពីបទលក់ដីរដ្ឋ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ អតីតប្រធានក្រុម ប្រឹក្សាឃុំបិតត្រាង និងលោកស្រី មឿង ស្រីទូច ដែលប៉ុនបងសម្លាប់មន្ត្រីកងរាជ អាវុធហត្ថខេត្តព្រះសីហនុនោះ ពេលនេះ ត្រូវបានលោក កែ ផា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដាក់ពាក្យបណ្តឹងចូលទៅកាន់លោកស្រីព្រះរាជអាជ្ញាអម សាលាដំបូងខេត្តព្រះសីហនុចោទប្រកាន់ស៊ីញ៉េលើលិខិតលក់-ទិញដីលើដៅគម្រប ព្រៃឈើរបស់រដ្ឋនិងហ៊ុមព័ទ្ធកាន់កាប់ដីព្រៃឈើរបស់រដ្ឋនៅតំបន់ពយម៉ាចូវ ស្ថិត ក្នុងភូមិគគីរ ឃុំបិតត្រាង ស្រុកព្រៃនប់ ។

យោងតាមពាក្យបណ្តឹងរបស់លោក កែ ផា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តព្រះសីហនុចុះថ្ងៃទី៣ ខែ មេសា ឆ្នាំ២០១៨ បានដាក់ពាក្យបណ្តឹង ចូលទៅលោកស្រីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុដោយចោទប្រកាន់ទី១-លោក ឡាក់ គៀន អតីតមេឃុំបិតត្រាង ពីបទចុះហត្ថលេខាបញ្ជាក់លើលិខិតទិញ-លក់ ដីធ្លីមានទីតាំងស្ថិតក្នុងគម្របព្រៃឈើឆ្នាំ២០០២ ប្រព្រឹត្តនៅតំបន់ពយម៉ាចូវ ក្នុង ភូមគគីរ ឃុំបិតត្រាង ស្រុកព្រៃនប់ និងទី ២-ប្តឹងលោកស្រី មឿង ស្រីទូច ពីបទហ៊ុម ព័ទ្ធកាន់កាប់ដីព្រៃឈើ របស់រដ្ឋនៅតំបន់ ពយម៉ាចូវ ក្នុងភូមិគគីរ ឃុំបិតត្រាង ស្រុក ព្រៃនប់ ខេត្តព្រះសីហនុ ។

ក្នុងពាក្យបណ្តឹងរបស់មន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទបានរៀបរាប់ថា កាល ពីអំឡុងឆ្នាំ២០១៥-២០១៦ កើតមាន ចលនាទិញ-លក់ដីដែកមានទីតាំងស្ថិតក្នុងដែនគម្របព្រៃឈើក្នុងភូមិសាស្រ្តខាងលើ យ៉ាងផុសផុលដែលសកម្មភាពនេះត្រូវ បានលោក ឡាក់ គៀន អតីតមេឃុំស៊ីញ៉េបញ្ជាក់លើលិខិតស្នាមទាំងនោះទើបបង្ក ឲ្យមានដើមចមចូលកាន់កាប់ ហ៊ុមព័ទ្ធយក ដីព្រៃឈើធ្វើជាកម្មសិទ្ធិមានសន្ទុះកាន់តែ រីកខ្លាំងឡើងគួរឲ្យព្រួយបារម្ភ និងឈាន ដល់ការពិបាកគ្រប់គ្រងរហូតដល់បច្ចុប្បន្ន។

បណ្តឹងរបស់លោក កែ ផា បានឲ្យដឹង ថា ចំពោះលោកស្រី មឿង ស្រីទូច បានធ្វើ សកម្មភាពហ៊ុមព័ទ្ធ កាន់កាប់ដីព្រៃឈើក្នុងតំបន់ខាងលើជាចំហ និងបានធ្វើឲ្យកាន់តែស្មុគស្មាញថែមទៀត។ មិនតែប៉ុណ្ណោះបាន យកឈ្មោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំខេត្តមកប្រើជាមធ្យោបាយដើម្បី គំរាមកំហែងប្រជាពលរដ្ឋស្លូតត្រង់រំលោភយកដីធ្លីផងដែរ ។

សូមបញ្ជាក់ថា កន្លងមករដ្ឋបាលខេត្ត ព្រះសីហនុដឹកនាំដោយលោក ស្រុន ស្រ៊ន់ អភិបាលរងខេត្តបានដឹកនាំមន្ត្រីជំនាញ ចាត់វិធានការទប់ស្កាត់បន្ទាន់រួមទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ដើម្បីគ្រប់គ្រងតំបន់នេះតាមរយៈការបង្កើតក្រុមការងារចម្រុះរបស់គណៈបញ្ជាការឯកភាព ខេត្តផងដែរ ប៉ុន្តែគ្មានប្រសិទ្ធភាពនោះទេ។

បច្ចុប្បន្នសំណុំរឿងពាក់ព័ន្ធការំលោភបំពាន់កាន់កាប់ដីគម្របព្រៃឈើរបស់រដ្ឋ នៅពយម៉ាចូវនេះមាន៥ករណី ទី១-លោក ញ៉ាក់ គឹមតុង (២សំណុំរឿង), ទី២-ឈ្មោះ ឈឹម សុផាត, ទី៣-ឈ្មោះ យូ ណារិន, ទី ៤-ឈ្មោះ រ៉ែម ផលចាន់លី និងទី៥-ឈ្មោះ យក់ សុផល ។

សូមរំឭកថា សំណុំរឿងស្រ្តីជើងខ្លាំង ឈ្មោះ មឿង ស្រីទូច ដែលរងការចោទ ប្រកាន់ពីបទប៉ុនប៉ងមនុស្សឃាតមិនបានសម្រេចលើមន្ត្រីកងរាជអាវុធហត្ថខេត្តព្រះសីហនុកាលពីពេលថ្មីៗកន្លងទៅកំពុងតែស្ថិតក្នុងដៃចៅក្រមស៊ើបសួរដើម្បីបន្ត នីតិ វិធី ប៉ុន្តែលទ្ធផលយ៉ាងណានោះមិនទាន់ ដឹងច្បាស់នៅឡើយទេ ។

លោកស្រី ចាត សូរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុធ្លាប់បានថ្លែងថា បទល្មើសខាងលើនេះជាករណីជាក់ស្តែងហើយជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកត្រូវបានឃុំខ្លួនបណ្តោះអាសន្នក្នុងពន្ធនាគារ។ ករណីនេះតំណាងអយ្យការ បានបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរដើម្បីបន្តនីតិវិធីចាប់តាំងពីពេលនោះមក។

លោកអនុសេនីយ៍ឯក ញ៉ា ពិសិទ្ធ មន្ត្រីកងរាជអាវុធហត្ថខេត្តព្រះសីហនុបានរង របួសធ្ងន់ពេលចុះបំពេញភារកិច្ចហើយត្រូវបានក្រុមស្រ្តីជើងឆើតឈ្មោះ មឿង ស្រីទូច និងបក្ខពួកប្រមាណ៣ទៅ៤នាក់ទៀតបាន ធ្វើសកម្មភាពប៉ុនប៉ងសម្លាប់កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៨កន្លងទៅ។ ប៉ុន្តែមិន បានសម្រេចវេលាម៉ោង១០និង៣០នាទី បានកើតឡើងនៅមុខស្ថានីយប្រេងឥន្ធនៈសូគីម៉ិច ក្នុងក្រុម៣ ភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុដែលសកម្មភាពប៉ងសម្លាប់នេះរៀបចំឡើងដោយស្ត្រីជើងឆើតឈ្មោះ មឿង ស្រីទូច ៕ ហេង សូរិយា


ចែករំលែក៖