ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសថៃអស់សង្ឃឹមនៅក្នុងការស្វែងរកក្រុមកីឡាករវ័យក្មេងបាត់ខ្លួននៅក្នុងរូងភ្នំ

ចែករំលែក៖

កម្លាំងជួយសង្គ្រោះថៃ បានខិតខំប្រជែងនឹងពេលវេលានៅក្នុងការស្វែងរកកុមារដែលជាក្រុមកីឡាករ ដែលបានជាប់គាំងនៅ ក្នុងរូងភ្នំ ស្ថិតនៅភាគខាងជើងប្រទេសនេះ នាប៉ុន្មានថ្ងៃកន្លងមក។

កម្លាំងទាហានជើងទឹកថៃ បច្ចុប្បន្នកំពុងតែស្វែងរកកុមារ១២នាក់និងគ្រូបង្វឹកម្នាក់ របស់ក្រុមកីឡាកុមារ ដែលជាប់គាំងនៅ ខាងក្នុងរូងភ្នំ Tham Luang Nang Non ស្ថិតនៅខេត្តឈៀងរ៉ៃភាគខាងជើងប្រទេសថៃ។ក្រុមជួយសង្គ្រោះបានខិតខំប្រជែងនឹងពេលវេលា យន្តហោះគ្មានមនុស្សបើក នាវាមុជទឹកបញ្ជាខ្នាតតូច ក៏បានបញ្ជូន ទៅស្វែងរក និងជួយសង្គ្រោះផងដែរ។ អភិបាលខេត្ត ឈៀងរ៉ៃ លោក Narongsak Osottanakorn បានឲ្យដឹងថា«យើងត្រូវតែរកឲ្យឃើញកុមារទាំងអស់នោះនៅថ្ងៃនេះ ។ យើងសង្ឃឹមថាពួកគេនៅមានជីវិតហើយជាប់គាំងនៅកន្លែងណាមួយខាងក្នុងរូងភ្នំនោះ។

ដោយសារតែភ្លៀងធ្លាក់ខ្លាំង បណ្តាលឲ្យទឹកនៅក្នុងរូងភ្នំកើនឡើងរហូតដល់ទៅជិត៦ម៉ែត្រ បង្កផលលំបាកយ៉ាងខ្លាំងដល់សកម្មភាពស្វែងរកជនរងគ្រោះ។ មន្ត្រី ក្នុងតំបន់ក៏បាន ដាក់បន្ថែមម៉ាស៊ីន បូមទឹក ចេញពីរូងភ្នំ ប៉ុន្តែ ភក់ល្បាប់ បានគ្រប់ ដណ្តប់នៅតំបន់នោះធ្វើឲ្យទឹកក្នុងរូងភ្នំបន្តកើនឡើងពិបាកនៅក្នុងការស្វែងរក។

កុមារដែលជាប់គាំងនៅខាងក្នុងមានអាយុ ចាប់ពី១១-១៦ឆ្នាំ និងគ្រូបង្វឹក មានអាយុ២៥ឆ្នាំ បានបាត់ស្រមោល ក្រោយការហ្វឹកហាត់នៅព្រឹកថ្ងៃទី២៣ខែមិថុនា ពេលពួកគេចូលទៅក្នុងរូងភ្នំ ។ ការស្វែងរកបានចាប់ផ្តើមនៅពេលដែល ឪពុកម្តាយ ក្រុមកីឡាករខាងលើ ប្តឹងប៉ូលិសក្រោយពីមិនឃើញកូនវិលត្រឡប់ទៅផ្ទះវិញ៕ ម៉ែវ សាធី


ចែករំលែក៖