ព័ត៌មានទាន់ហេតុការណ៍៖

អបអរសាទរ កម្ពុជាជាប្រទេសទី១លើពិភពលោកបង្កើតក្រមាវែងបំផុត

ចែករំលែក៖

ភ្នំពេញ៖ ទីបំផុតកម្ពុជាអាចធ្វើបានក្នុងការបែកំណត់ត្រាក្រមាវែងបំផុតលើពិភពលោក ។ លទ្ធផលប្រកាសជាផ្លូវការនៅព្រឹកថ្ងៃទី០១ខែកក្កដាឆ្នាំ២០១៨នេះ ដោយ គណៈកម្មការ World Guiness Records គឺ កម្ពុជាបានឈ្នះការបំបែកកំណត់ត្រក្រមាវែងជាងគេក្នុងលោក ។

បន្ទាប់ពីត្បាញបានប្រវែងជាង ១០០០ម៉ែត្រតាមការគ្រោងទុកហើយនោះ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨នេះ ក្រមាត្រូវបានពន្លាដោយមានការវាស់វែងពីគណៈកម្មការឯកទគ្គកម្មពិភពលោក (Guinness World Records) ផងដែរ ។ បន្ទាប់ពីការវាស់វែង និងពិនិត្យយ៉ាងល្អិតល្អន់ហើយនោះ គណៈកម្មការមួយនេះ បានសម្រេចឲ្យក្រមាខ្មែរជាប់ឯតទគ្គកម្មពិភពលោកជាក្រមាវែងជាងគេ ។ គណៈកម្មការ បានអះអាងថាកម្ពុជាជាប្រទេសទី១បង្កើតក្រមាវែងបំផុតលើពិភពលោក ដែលគ្មានប្រទេសណាធ្វើដូច ។ ការវិនិច្ឆ័យផ្អែកលើចំណុចសំខាន់ពីររួមមាន កម្ពុជាបានត្បាញក្រមាដែលសាច់ក្រមាតឹងណែនល្អ និងត្បាញក្រមាវែងបំផុតជិត ១២០០ម៉ែត្រ ។ នេះជាសមិទ្ធផលថ្មីមួយទៀតរបស់កម្ពុជា ក្រោមការផ្ដួចផ្ដើមដោយសហភាពសហព័ន្ធយុវជនកម្ពុជា និងក្រុមចលនា Go Go Cambodia ក្រោមអត្ថន័យស្នូលដ៏សំខាន់ «រួមគ្នាជឿថាខ្មែរធ្វើបាន» ពោលគឺការបំបែកកំណត់ត្រាឯតទគ្គកម្ម «ក្រមាវែងជាងគេលើពិភពលោក» ដែលកើតចេញពីស្មារតី និងឆន្ទៈនៃការរួមគ្នាជាធ្លុងមួយចូលរួមអភិវឌ្ឍន៍ប្រទេសលើកកម្ពស់កិត្យានុភាពជាតិ និងថែរក្សាមរតក វប្បធម៌ ប្រពៃណីក្រោម ដំបូលនៃសុខសន្តិភាព ស្ថិរភាពសង្គម ។

គួរបញ្ជាក់ដែរថាកម្មវិធីបំបែកឯតទគ្គកម្មក្រមាដែលវែងជាងគេលើពិភពលោក បានចាប់ដំណើរការពីថ្ងៃទី១៤ ខែកុម្ភៈ រហូតដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដោយកម្មវិធីទទួលបានភ្ញៀវចំនួនសរុប ៣៣៨,០៥០នាក់ ដែលក្នុងនោះមានអ្នកចុះឈ្មោះរៀនត្បាញចំនួន២២,៣១៥នាក់ និងអ្នកចូលរួមត្បាញក្រមា ១០០០ម៉ែត្រ ចំនួន១៩,៧៧១ ។ ប្រសិនបើយើងយកសរសៃរនិមួយៗ នៃក្រមានេះមកបន្តគ្នាតែមួយសរសៃរប្រវែងប្រមាណ ២,៩១២,៦២៥ម៉ែត្រ ។ អ្នកចុះឈ្មោះរៀនត្បាញទាំង ២២,៣១៥ រួមមាន៖ ប្រុស ១៤,២៤០នាក់ និង ស្រី ៨,០៧៤នាក់ ។ ចំណែកភ្ញៀវជាតិបានអញ្ជើញមកទាំង២៥រាជធានី-ខេត្ត និងសមាសភាព៖ ព្រះមហាក្សត្រ, ព្រះវរាជ្យមាតាជាតិ, នាយករដ្ឋមន្រ្តី, រដ្ឋមន្រ្តីតាមបណ្តាក្រសួងនានា, មន្រ្តីរាជការ, ជនពិការ (ពិការដៃ ជើង និងភ្នេក), កុមារកំព្រា, ស្រ្តីមានផ្ទៃពោះ, ស្ថាប័នឯកជន, សិស្សនិស្សិត, សិល្បៈករ និងកីឡាករល្បីៗ និងសាធារណៈជនទូទៅ ។ ភ្ញៀងអន្តរជាតិ ចំនួន១,១៣១នាក់ បានអញ្ជើញមកពីប្រទេសចំនួន ៥៧ប្រទេសជុំវិញពិភពលោក ដែលប្រទេសចូលរួមត្បាញបានច្រើនជាងគេគឺ សហរដ្ឋអាមេរិក បារាំង ចិន ថៃ និងជប៉ុន ។ អ្នកចូលរួមចុះឈ្មោះមានវ័យចាប់ពី ៤ឆ្នាំ រហូតដល់ ៨៨ឆ្នាំ៕ វឌ្ឍនា


ចែករំលែក៖