ព័ត៌មានទាន់ហេតុការណ៍៖

ឥណ្ឌូនេស៊ី៖ យ៉ាងហោចណាស់មនុស្ស២៩នាក់ស្លាប់នៅក្នុងការលិចសាឡាងដឹកអ្នកដំណើរ, ការស្វែងរកនៅតែបន្ត

ចែករំលែក៖

ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃពុធថា យ៉ាងហោចណាស់មានមនុស្ស២៩នាក់បានស្លាប់ បន្ទាប់ពី សាឡាងបានលិចនៅកោះ Sulawesi ប្រទេសឥណ្ឌូនេស៊ី ។ ពេលនេះក្រុមអ្នកជួយសង្គ្រោះបានបន្តស្វែងរកអ្នកដំណើរបាត់ខ្លួនរាប់សិបនាក់ទៀត មួយថ្ងៃបន្ទាប់ពីកើតមានគ្រោះមហន្តរាយលិចសាឡាងចុងក្រោយបំផុតរបស់ប្រទេសមួយនេះ ។

ការលិចសាឡាងនេះ បានកើតឡើងកាលពីថ្ងៃអង្គារ គឺកើតឡើងពីរ បី សប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពី សាឡាងចម្លងអ្នកដំណើរមួយគ្រឿងផ្សេងទៀត បានលិចនៅទន្លេ តូបា មានជម្រៅបំផុតរបស់ពិភពលោក ហើយមន្ត្រីបានអះអាងថា បណ្តាលឲ្យមានមនុស្សរហូតដល់ជាង២០០នាក់​បាត់បង់ជីវិត ។

ក្រុមភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយក្នុងតំបន់បាននិយាយថា ហេតុការណ៍គ្រោះថ្នាក់ចុងក្រោយនេះ រកឃើញមនុស្ស២៩នាក់បានស្លាប់ និង៤១នាក់ទៀតនៅបាត់ខ្លួន ។ អ្នកដំណើរ៦៩ នាក់ត្រូវបានជួយសង្គ្រោះទាន់ពេល រួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត ។

សាឡាងនេះ បានដឹកយានយន្តដែលមិនដឹងចំនួនប៉ុន្មានគ្រឿងនោះទេ ពេលដែលវាចាប់ផ្តើមលិចចុះទឹកយ៉ាងតក់ក្រហល់ ។ មន្រ្តីក្រសួងដឹកជញ្ជូនម្នាក់បានប្រាប់រ៉យទ័រថា សាឡាងនេះ បានទៅដល់ជិតច្រាំងហើយ ហើយប្រធាននាវឹកបានបើកបញ្ជាឲ្យទៅប៉ះនឹងថ្មប៉ប្រះទឹក ប្រឹងប្រែងដើម្បីកិច្ចការជួយសង្គ្រោះ។

រូបភាពទូរទស្សន៍កាលពីថ្ងៃអង្គារបានបង្ហាញថា អ្នកដំណើរច្រើននាក់បានទំជាប់នៅពាក់កណ្តាលសាឡាង ដែលកំពុងស្ទូច ។ អ្នកដំណើរខ្លះទៀតលោតចុះទឹក ដោយមានពាក់អាវការពារកុំឲ្យលិចទឹកផងដែរ ។

ប្រទេសឥណ្ឌូនេស៊ីរងការលិចសាឡាងជារឿយៗ ដោយសារតែច្បាប់ស្តីអំពីសុវត្ថិភាពជាមូលដ្ឋានក្នុងការដឹកជញ្ជូនប្រទេសនេះ​ត្រូវបានបំពាន ហើយសាឡាងភាគច្រើនផ្ទុកលើសទម្ងន់ ខុសក្បួនកំណត់ ។

បន្ទាប់ពីការលិចសាឡាងមួយគ្រឿងកាលពីខែមុន បណ្តាលឲ្យស្លាប់មនុស្សច្រើនបំផុត ក្នុងរយៈពេលជិតមួយទសវត្សរ៍មិនដែលជួបប្រទះនោះ កិច្ចប្រឹងប្រែងស្វែងរកជនរងគ្រោះ និងជួយសង្គ្រោះបានប្រើពេលរហូតដល់ពីរសប្តាហ៍ នៅទីតាំងជម្រៅទឹករហូត៤៥០ម៉ែត្រ ។ បញ្ហាបច្ចេកទេស និងការប្រឈមឧបសគ្គដទៃទៀតបានបង្ខំឱ្យក្រុមជួយសង្គ្រោះបោះបង់ចោលការស្វែងរកអ្នកដែលបាត់ខ្លួន ៕ ថាច់ យ៉ាត

 


ចែករំលែក៖