ព័ត៌មានទាន់ហេតុការណ៍៖

សង្គ្រាមនៅស៊ីរីកើនកម្តៅ អ.ស.បកោះប្រជុំជាបន្ទាន់

ចែករំលែក៖

កម្លាំងទាហានស៊ីរី បានបង្កើនការវាយប្រហារទៅលើក្រុមប្រឆាំង បង្ខំឲ្យពលរដ្ឋ ជិត៣សែននាក់ភៀសខ្លួនទៅកាន់តំបន់ សុវត្ថិភាពទាំងក្តីអស់សង្ឃឹមដោយសារតែព្រំដែន បានបិទជិតមិនអាចចេញទៅប្រទេសជិតខាងបានឡើយ។

អង្គការសហប្រជាជាតិសម្រេចកោះប្រជុំជាបន្ទាន់នៅថ្ងៃទី៥ ខែកក្កដា ដើម្បីពិភាក្សាស្តីពីសង្គ្រាមនៅភាគខាងត្បូងស៊ីរី ។ វិបត្តិមនុស្សធម៌នៅស៊ីរីកាន់តែខ្លាំងឡើង ក្រោយពេលមានពលរដ្ឋ២៧០.០០០នាក់ ភៀសខ្លួនតែមិនអាចចាកចេញពីប្រទេសបានដោយសារតែព្រំដែនបិទទ្វារ មិនអាចភៀសខ្លួនដល់តំបន់មានសុវត្ថិភាព។

ព្រំដែនប្រទេស ហ្ស៊កដង់ និងអីុស្រា អែល នៅតែបន្តបិទទ្វារ ទប់ស្កាត់ជនភៀសខ្លួនស៊ីរីចូលទៅប្រទេសរបស់ខ្លួន ក្នុងពេលពលរដ្ឋ២៧១.០០០នាក់ចាកចេញពីផ្ទះសម្បែងទៅបោះជំរំនៅក្បែរព្រំដែនប្រទេសទាំងពីរ ។

រយៈពេលជាងពីរសប្តាហ៍កន្លងមក កម្លាំងទាហានស៊ីរី បានបើកការវាយប្រហារជាទ្រង់ទ្រាយធំនៅតំបន់ Daraa ដើម្បី ដណ្តើមសិទ្ធិគ្រប់គ្រងនៅទីនោះ។ តំបន់ នេះ មានសារសំខាន់យ៉ាងខ្លាំងដោយនៅជាប់ព្រំដែនប្រទេសហ្ស៊កដង់ និងតំបន់ ខ្ពង់រាប ហ្គោឡែនប្រទេសអីុស្រាអែល ដែលរដ្ឋាភិបាលអីុស្រាអែល យកធ្វើជាខែលដើម្បីបើកការវាយប្រហារតាមដែន អាកាសទៅលើទីតាំងយោធាស៊ីរី។

នៅពេលនេះក្រុមប្រឆាំងនៅស៊ីរី មិនចុះសម្រុងនឹងគ្នាឡើយពាក់ព័ន្ធនឹងសំណើ របស់រុស្ស៊ី ឲ្យស្រុកមួយចំនួនដល់រដ្ឋាភិ​បាលស៊ីរីគ្រប់គ្រងវិញ។ ប្រធានាធិបតី ស៊ីរីលោក អាសាដ បញ្ជាក់ថា យុទ្ធនាការវាយប្រហារខាងលើគឺសំដៅទៅលើក្រុមភេរវកម្មប៉ុណ្ណោះ ។

តាមអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី SOHR បានបញ្ជាក់ថា មានពលរដ្ឋស៊ីរី រាប់សិបពាន់នាក់ស្ថិតនៅខេត្ត Deraa ត្រូវ ភៀសខ្លួនរកកន្លែងសុវត្ថិភាព ក្រោយពេល មានពលរដ្ឋ ជាង១២០នាក់ស្លាប់ ។ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនបានជំរុញឲ្យប្រទេស ហ្ស៊ក ដង់ បើកទ្វារព្រំដែន ឲ្យពលរដ្ឋស៊ីរីភៀស ខ្លួនចូលទៅកាន់ទីនោះដើម្បីសុវត្ថិភាព។

ប្រទេសហ្ស៊កដង់មានពលរដ្ឋស៊ីរីភៀស ខ្លួននៅទីនោះរហូតដល់ទៅ៦៣០.០០០ នាក់ ទើបធ្វើឲ្យប្រទេសនេះត្រូវបិទព្រំដែន ទប់ស្កាត់ពលរដ្ឋភៀសខ្លួនទៅកាន់ទីនោះជាបន្តទៀត ។

ក្នុងពេលជាមួយគ្នានេះ អីុស្រាអែល ដែលជាប្រទេសគ្មានទំនាក់ទំនងការបរទេសជាមួយស៊ីរី ក៏ដូចជាគ្មានពាក់ព័ន្ធនឹងគោលនយោបាយជនភៀសខ្លួនណាមួយនោះ ក៏បានផ្តល់ជំនួយ សុខាភិបាលនិងមនុស្សធម៌ដល់ពលរដ្ឋស៊ីរីដែលកំពុងរស់នៅតាមព្រំដែន ។

សង្គ្រាមស៊ីវិល អូសបន្លាយរយៈពេល៧ឆ្នាំកន្លងមកនៅក្នុងប្រទេសស៊ីរីបង្កឲ្យ មានវិបត្តិជនភៀសខ្លួន ទ្រង់ទ្រាយធំបំផុតនៅក្នុងប្រវត្តិសាស្ត្រ ។ ពលរដ្ឋស៊ីរីជាង ២២លាននាក់បានចាកចេញពីផ្ទះសម្បែង ក្នុងនោះមាន៦លាននាក់បានភៀសខ្លួនទៅក្រៅប្រទេស៕ ម៉ែវ សាធី


ចែករំលែក៖