សកម្មភាពរបស់ប្រធានាធិបតីទួរគី លោក អីដូហ្គាន បានធ្វើឲ្យពលរដ្ឋ កាន់ តែបាត់បង់ទំនុកចិត្ត នៅពេលដែលលោក បានសម្រេចជ្រើសរើស កូនប្រសារបស់ ខ្លួនឲ្យកាន់តំណែងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ។
កាលពីថ្ងៃទី ៩ខែកក្កដា ប្រធានាធិប តីទួរគី បានចាប់ផ្តើមអាណត្តិថ្មីរបស់លោក ក្នុងតំណែងជាប្រធានាធិបតីមានរយៈពេល ៥ឆ្នាំ។ លោកទទួលបានសិទ្ធិអំណាចខ្លាំងជាងមុនតាមរយៈរដ្ឋធម្មនុញ្ញកែប្រែថ្មី ។ប៉ុន្តែរដ្ឋាភិបាលរបស់លោកនឹងប្រឈមមុខជាមួយបញ្ហាជាច្រើន នៅខាងមុខ ពិសេស គឺការបាត់បង់ទំនុកចិត្តពីពលរដ្ឋ។
តាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅព្រឹកថ្ងៃអង្គារ ទី១០ ខែកក្កដា ឆ្នាំ ២០១៨នេះថា ប្រធានាធិបតីទួរគី លោក រីស៊ីប តាយយីប អឺដូហ្គាន (Recep Tayyip Erdogan) បានតែងតាំងកូនប្រសាប្រុស របស់លោកឈ្មោះ ប៊ឺរ៉ាត អាល់បាយរ៉ាក់ (Berat Albayrak) ជារដ្ឋមន្ត្រីហិរញ្ញវត្ថុទួរគីថ្មី បន្ទាប់ពីលោកចូលស្បថកាន់តំណែង ជាប្រធានាធិបតីសម្រាប់អាណត្តិថ្មី៥ឆ្នាំ ទៅមុខទៀត។
លោក Berat Albayrak ធ្លាប់កាន់ តំណែងជារដ្ឋមន្ត្រីថាមពលកាលពីឆ្នាំ ២០១៥ ហើយការតែងតាំងរូបលោក ត្រូវ បានក្រុមអ្នកប្រឆាំងនឹងលោក អឺដូហ្កាន់ ចោទថាជាការពង្រឹងអំណាចនៅក្នុងជួរ រដ្ឋាភិបាលថ្មី ដែលប្រធានាធិបតីមានសិទ្ធិ លើសលប់ ក្នុងការតែងតាំងគណៈរដ្ឋមន្ត្រី និងរហូតដល់រំលាយសភា អនុលោមតាម រដ្ឋធម្មនុញ្ញថ្មី ដែលត្រូវបានធ្វើវិសោធនកម្មកក្រោយរដ្ឋប្រហារមិនបានសម្រេចកាលពីឆ្នាំ២០១៦។
គួរជម្រាបថា លោក អឺដូហ្កាន់ បានស្បថឡើងកាន់តំណែងជាប្រធានាធិបតីសម្រាប់ អាណត្តិថ្មី នៅថ្ងៃចន្ទសប្ដាហ៍នេះ បន្ទាប់ ពីលោក បានឈ្នះនៅក្នុងការបោះឆ្នោត សកលកាលពីខែមិថុនាកន្លងទៅ។ លោក បានសន្យាថា នឹងដឹកនាំប្រទេសទួរគីឆ្ពោះទៅរកភាពរីកចម្រើន ជាមួយប្រព័ន្ធដឹកនាំ ថ្មី ដែលក្រុមអ្នកប្រឆាំងសម្ដែងការព្រួយ បារម្ភថា នឹងបំផ្លាញដល់លទ្ធិប្រជាធិបតេយ្យ៕ ម៉ែវ សាធី