ព័ត៌មានទាន់ហេតុការណ៍៖

មាន់គក​បារាំង​ឡើង​ទៅ​កៅអី​វគ្គ​ផ្តាច់​ព្រ័ត្រ​ដោយ​រង់​ចាំ​ក្រុម​ឈ្នះ​រវាង​អង់គ្លេស និង​ក្រូអាត

ចែករំលែក៖

មួយ​គ្រាប់​​តែត​ចូល​ទី​របស់​ខ្សែ​ការពារ​ Sumuel Umtiti គ្រប់​គ្រាន់​ជួយ​ឲ្យ​បារាំង​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រ​​បាល់ទាត់​ពិភព​លោក​ឆ្នាំ​២០១៨​នេះ បន្ទាប់​ពី​យក​ឈ្នះ​ក្រុម​ខ្លាំង​បែលហ្ស៊ិក​ដោយ​លទ្ធផល​ ១-០។​

ក្រុម​ជម្រើស​ជាតិ​បែលហ្ស៊ិក​បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ខ្លាំង​​សម្រាប់​រយៈ​ពេល​៤៥​នាទី​ដំបូង​ដែល​ធ្វើ​ឲ្យ​ជម្រើស​ជាតិ​បារាំង​​បុក​ពោះ​មិន​ស្ទើរ​ទេ។ បែលហ្ស៊ិក​ទទួល​បាន​ឱកាស​ស៊ុត​​ជា​ច្រើន​លើក​​ដែរ​​ ប៉ុន្តែ​ការពារ​បារាំង​រឹង​មាំ​ល្អ។

ចំពោះ​បារាំង​វិញ​ក៏​មិន​បណ្តោយ​ឲ្យ​បែលហ្ស៊ិក​​វាយ​លុក​តាម​អំពើ​ចិត្ត​ដែរ​គឺ​បាន​ព្យាយាម​វាយ​បក​វិញ​ជា​បន្ត​បន្ទាប់​​ដែរ​ ប៉ុន្តែ​ឱកាស​ចំ​គោល​ដៅ​ប៉ុន្មាន​ជើង​ត្រូវ​បាន​អ្នក​ចាំ​ទី​បែលហ្ស៊ិក​សង្គ្រោះ​បាន។ ជា​ពិសេស​ចុង​វគ្គ​ទី​១​ខ្សែ​ការពារ​វ័យ​ក្មេង​បារាំង​ Pavard ក៏​​បាន​ឱកាស​ស៊ុត​ម្នាក់​ឯង​កៀក​សំណាញ់​ទី​ តែ​បះ​ជើង​របស់​អ្នក​ចាំ​ទី Courtois។ វគ្គ​ទី​១​រក្សា​ដោយ​លទ្ធផល​គ្មាន​​គ្រាប់​បាល់​ទម្លាយ​សំណាញ់​ទី​គ្នា។

ពេល​ខ្សែការពារ Sumuel Umtiti លោត​តែត​ចូល​ទី​

ដោយ​​ឡែក​ការ​ប្រកួត​នៅ​វគ្គ​ទី​២​ អ្វី​ៗ​បាន​ប្រែ​ប្រួល​ បន្ទាប់​ពី​បារាំង​រក​គ្រាប់​បាល់​បាន​នាំ​មុខ ១-០ ដោយ​​​ខ្សែការពារ Sumuel Umtiti លោត​តែត​ចូល​ទី​បាន​សម្រេច​នៅ​នាទី​៥១។ បន្ទាប់​ពី​​នាំ​មុខ១​គ្រាប់​ហើយ បារាំង​បាន​ប្រើ​ប្រព័ន្ធ​ការពារ​រារាំង​បាន​យ៉ាង​ល្អ​ដោយ​មិន​បណ្តោយ​​ឲ្យ​​បែលហ្ស៊ិក​​វាយសម្រុក​ និង​អូស​បាល់​ចូល​តំបន់​គ្រោះ​ថ្នាក់​​ងាយ​ៗ​ដូច​កាល​វគ្គ​ទី​១​ឡើយ​ជាពិសេសខ្សែ​បម្រើ​ពូកែ​អូស​បាល់ Hazard។

ទោះ​បី​ជា​យ៉ាង​រយៈ​ប្រហែល​ជា​១០​នាទី​ចុង​ក្រោយ បែលហ្ស៊ិក​បាន​វាយ​សម្រុក​ខ្លាំង​ ប៉ុន្មាន​គ្មាន​សំណាង​រក​គ្រាប់​បាល់​បាន​ឡើយ​ដោយ​​របាំង​ការពារ​របស់​បារំាង​ពិត​ជា​ក្រាស់។ ទី​បំផុត​ការ​ប្រកួត​នេះ​មាន​​គ្រាប់​បាល់​តែ​១​គត់​ដែល​ជួយ​ឲ្យ​មាន់គក​បារាំង​ឡើង​ទៅ​កៅអី​វគ្គ​ផ្តាច់​ព្រ័ត្រ​ដោយ​រង់​ចាំ​ក្រុម​ឈ្នះ​រវាង​អង់គ្លេស និង​ក្រូអាត៕

 


ចែករំលែក៖