ព័ត៌មានទាន់ហេតុការណ៍៖

ថៃនឹងផ្តល់សញ្ជាតិដល់សមាជិក៤រូបនៃក្រុមកីឡាទើបរំដោះចេញពីរូងភ្នំ

ចែករំលែក៖

រដ្ឋាភិបាលថៃ នឹងផ្តល់សញ្ជាតិដល់កីឡាករ៣នាក់ និងគ្រូបង្វឹកម្នាក់ ក្នុងក្រុមកីឡា «ជ្រូកព្រៃ» ដែលទើបតែរំដោះចេញពីរូងភ្នំថាំលួង។ សារព័ត៌មាន The Guardian បានដកស្រង់សម្តីលោក Venus Rirsuk ប្រធាននាយកដ្ឋានចុះឈ្មោះនៃក្រសួងមហាផ្ទៃថៃកាលពីថ្ងៃទី១២ ខែកក្កដា បានបញ្ជាក់ថា ស្ថានប័ននេះអាចនឹងផ្តល់សញ្ជាតិដល់សមាជិក៤នាក់ក្នុងក្រុមកីឡាករខាងលើ ក្នុងនោះមានគ្រូបង្វឹក Ekapol Chantawong និងកីឡាករកុមារ៣នាក់ ដែលមានឈ្មោះ Pornchai Kamluang, Adul Sam-on, Mongkhol Boonpiam។

លោក Sirsuk បញ្ជាក់ថា «ពេលនេះ យើងកំពុងតែត្រួតពិនិត្យទៅលើលិខិតស្នាម នៃអ្នកទាំងនោះ តើកើតនៅក្នុងប្រទេសថៃ ឬក៏មានឪពុកម្តាយរស់នៅក្នុងប្រទេសថៃ ឬជាជនជាតិថៃ»។ គ្រូបង្វឹក និងកីឡាករ៣រូប រស់នៅតំបន់ជាប់ព្រំដែន មីយ៉ានម៉ា។ តាមផ្លូវច្បាប់ អ្នកទាំង៤គ្មានសញ្ជាតិថៃ ហើយមិនត្រូវបានចាត់ទុកជាពលរដ្ឋថៃនោះដែរ។

គ្រូ និងសិស្សទាំង៤នាក់ ស្ថិតនៅក្នុងចំណោមពលរដ្ឋរាប់សិបពាន់នាក់ គ្មានសញ្ជាតិថៃ រស់នៅក្នុងប្រទេសថៃ ដោយមិនអាចរៀនបានខ្ពស់ ឬក៏រៀបការស្របច្បាប់នោះឡើយ។

កីឡាករ Adul Sam-on ចេះនិយាយភាសាអង់គ្លេសយ៉ាងស្ទាត់ជំនាញ បានចាកចេញពីស្រុកកំណើតតាំងពីអាយុ៦ឆ្នាំ ដោយសារតែអំពើហិង្សា សង្គ្រាមស៊ីវិល ក៏ដូចជាគេចពីគ្រឿងញៀននៅមីយ៉ានម៉ា។ ឪពុកម្តាយ Adul Sam-on បានលួចលាក់បញ្ជូនកូនមកកាន់ប្រទេសថៃ ដោយសង្ឃឹមថា បានរៀនសូត្រត្រឹមត្រូវជួយឲ្យកូនមានអនាគតល្អជាងនេះ។ បងប្អូនរបស់ Adul Sam-on មិនមានអ្នកណាម្នាក់ចេះអក្សនោះឡើយ។

ការរំដោះធំបំផុតក្នុងឆាកជីវិត Adul Sam-on គឺនៅថ្ងៃ១១ ខែកក្កដា ឆ្នាំ២០១៨ ពេលកីឡាករ១១នាក់ និងគ្រូងបង្វឹកម្នាក់ជាប់នៅក្នុងរូងភ្នំរយៈពេល២សប្តាហ៍ គ្របដណ្តប់ដោយភាពងងិត និងទឹកលិច។ នៅពេលដែលអ្នកជំនាញមុជទឹករកឃើញក្រុមកីឡាករកាលពីថ្ងៃទី២ ខែកក្កដា Adul Sam-on គឺជាមនុស្សតែម្នាក់គត់ ដែលអាចនិយាយភាសាអង់គ្លេសបានជាមួយអ្នករកឃើញជនជាតិអង់គ្លេស និងជាអ្នកបកប្រែដល់មិតភក្តិរួមក្រុម។ កុមារ Adul Sam-on ជាជនជាតិភាគតិច Wa អាចនិយាយបានដល់ទៅ៤ភាសា ក្នុងនោះមានភាសាអង់គ្លេស ថៃ មីយ៉ានម៉ា និងចិន។ ប៉ុន្តែកុមារ Adul Sam-on មិនមែនជាកុមារមកពីក្រុមជនជាតិភាគតិចនៅថៃនៅឡើយ គឺជាជនអន្តោប្រវេសន៍ខុសច្បាប់នៅថៃ។

គ្មានលិខិតស្នាម គ្មានលិខិតឆ្លងដែន កីឡាករ Adul Sam-on និងមិត្តភក្តិ រួមទាំងគ្រូបង្វឹកមិនអាចទៅកាន់ទីលានប្រគួត លំដាប់ពិភពលោក Old Traffort តាមការអញ្ជើញរបស់ក្លិប Man utd ។

ប្រធានគ្រូបង្វឹក Nopparat Khanthavong បាននិយាយទៅកាន់សារព័ត៌មាន AFP ថា«ការទទួលបានសញ្ជាតិថៃ គឺជាក្តីប្រាថ្នាធំបំផុត នៃកុមារទាំងនោះ។ ពួកគាត់ជួបនៅឧបស័គ្គជាច្រើន នៅពេលដែលទៅលេងបាល់នៅតាមបណ្តាខេត្ត។ មិនតែប៉ុណ្ណោះ កុមារទាំងនោះមិនអាចក្លាយទៅជាកីឡាករអាជីពបានឡើយ ដោយគ្មានសញ្ជាតិ»។

តាមរបាយការណ៍របស់អង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនបានបញ្ជាក់ថា បច្ចុប្បន្ននៅថៃមានមនុស្សជាង៤៣០.០០០នាក់រស់នៅខុសច្បាប់។ ប៉ុន្តែអង្គការសិទ្ធិមនុស្សបញ្ជាក់ថា មានពលរដ្ឋដល់ទៅ៣លាននាក់ ដែលរស់នៅខុសច្បាប់ក្នុងប្រទេសថៃ។ នៅលើពិភពលោក មានពលរដ្ឋជាង១០លាននាក់ ដែលមិនទទួលបានសិទ្ធិសញ្ជាតិនៅតាមបណ្តាប្រទេសជុំវិញពិភពលោក ក្នុងនោះមាន៤០ភាគរយ ស្ថិតនៅតំបន់អាស៊ី។

ក្រោយពេលឆ្លងចូលទឹកដីថៃ កាលពី៨ឆ្នាំមុន Adul Sam-on ត្រូវបានឪពុកម្តាយផ្ញើរទុកនៅក្នុងព្រះវិហារ ក្នុងតំបន់ Mae Sai ឲ្យអាចារ្យនៅព្រះវិហារជួយមើលថែ។ តំបន់ជនជាតិវ៉ា នៅមីយ៉ានម៉ា គឺជាកន្លែងវាយប្រហារគ្នារវាងរដ្ឋាភិបាល នឹងក្រុមបះបោរនៅមីយ៉ានម៉ា។

ប្រធានគ្រូបង្វឹក Nopparat Khanthavong បានបញ្ជាក់ថា «ក្រុមកុមារដែលមិនទទួលស្គាល់ ជាជនអន្តោប្រវេសន៍ស្របច្បាប់ តែងតែមានស្មារតីលេចធ្លោជាងគេ បើប្រៀបធៀបនឹងមិតភក្តិ ក្នុងសាលា និងក្នុងក្រុមកីឡាករ។

កុមារ និងគ្រូបង្វឹកទាំង៤នាក់នៅក្នុងក្រុមជ្រូកព្រៃ គឺសមទៅនឹងការរត់ភៀសខ្លួននៅតាមព្រំដែន ដោយថ្ងៃនេះ ត្រូវភៀសខ្លួនទៅមីយ៉ានម៉ា ថ្ងៃស្អែកត្រូវត្រឡប់មកថៃវិញ ដើម្បីប្រគួតបាលទាត់។ កុមារ Adul Sam-on ជាសិស្សពូកែជាងគេនៅក្នុងសាលារៀន Ban Wiang Phan ទាំងវិស័យកីឡា និងការសិក្សាជួយឲ្យកុមារមិនត្រូវបង់ថ្លៃសាលា និងទទួលបានអាហារថ្ងៃត្រង់ទៀត។

នៅរសៀលថ្ងៃទី២៣ ខែមិថុនា ដូចជាសព្វដង ក្រុមកីឡាករជ្រូកព្រៃដែលចូលចិត្តជិះកង់កម្សាន្ត ផ្សងព្រេង ហើយទីបំផុតក៏ចូលទៅជាប់គាំក្នុងរូបភ្នំដោយសារតែភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់បិទផ្លូវចេញចូល។ ដោយសារតែធ្លាប់លាក់ខ្លួននៅក្នុងព្រៃ អត់អាហារ ក្រុមកីឡាករដែលជាជនភៀសខ្លួន បានជួយដល់ក្រុមទាំងមូល នូវវិធីសាស្ត្រការពារ ស៊ូទ្រាំ និងការអត់អាហារ ភាពងងិត តាមរយៈការធ្វើសមាធិជាដើម។ អាចនិយាយបានថា ការផ្សងព្រេងខាងលើ បានធ្វើឲ្យវាសនារបស់ពួកគាត់មានការប្រែប្រួល ធ្វើឲ្យពិភពលោកទាំងមូលស្គាល់ច្បាស់ពីក្រុមកីឡាករ ជ្រូកព្រៃ ពិសេសគឺជនអន្តោប្រវេសខុសច្បាប់តែម្តង៕ ម៉ែវ សាធី


ចែករំលែក៖