សង្គ្រាមពាណិជ្ជកម្ម តាមរយៈ ការដំឡើងពន្ធសងសឹកគ្នារវាងអាមេរិកនឹងចិន ដែលបានអនុវត្ត នៅថ្ងៃទី ៦ខែកក្កដា ពេលនេះបានបញ្ចេញនូវប្រសិទ្ធភាពរបស់វាហើយ ។ សណ្តែកសៀងអាមេរិក បាន រងផលប៉ះពាល់យ៉ាងខ្លាំងដោយចិនបាន ដំឡើពន្ធនាំចូលខ្ពស់។ ពេលនេះ កសិករ និងក្រុមហ៊ុននាំចេញសណ្តែកសៀងរបស់អាមេរិក កំពុងរងផលប៉ះពាល់ ដោយការ ឆ្លើយតបទៅនឹង ការយកពន្ធរបស់អាមេ រិក។
កាលពីថ្ងៃទី ៦ខែកក្កដាកន្លងមក អាមេរិកបានកំណត់យកពន្ធនាំចូល២៥ភាគរយ ចំពោះផលិតផលចិន ដែលមានតម្លៃសរុប៣៤ពាន់លានដុល្លារអាមេរិក។ ជាការឆ្លើយ តប ចិនក៏យកពន្ធនាំចូលក្នុងកម្រិតស្មើគ្នានេះ ចំពោះផលិតផលអាមេរិកភ្លាមៗដែរ។ បើយោងតាមមជ្ឈមណ្ឌលជាតិព័ត៌មានគ្រាប់ធញ្ញជាតិ និងប្រេងចិន បានបញ្ជាក់ថា យកពន្ធនាំចូល២៥ភាគរយទៅលើសណ្តែកសៀងអាមេរិក និងបង្កើនថ្លៃនាំចូលសណ្តែកសៀងនេះប្រហែល១២០ដុល្លារក្នុង១ តោន ពោលគឺថ្លៃជាង៤៥ដុល្លារ បើធៀប នឹងសណ្តែកសៀងប្រេស៊ីល។
លោក វ៉ាង លែវវៃ អ្នកវិភាគជាន់ខ្ពស់នៅមជ្ឈមណ្ឌលជាតិព័ត៌មានគ្រាប់ធញ្ញជាតិ និងប្រេងចិន បានថ្លែងថា «វានឹងនាំឱ្យសណ្តែកសៀងអាមេរិកលែងមានប្រៀប ក្នុងទីផ្សារប្រទេសចិនទៀតហើយ។ តាម ពិតទៅ ក្រុមហ៊ុនចិន បានកាត់បន្ថយការនាំចូលសណ្តែកសៀងពីអាមេរិក តាំងពី ខែមិថុនាមកម្ល៉េះ។ ទិន្នន័យរបស់យើង បង្ហាញថា ក្នុងអំឡុង៣សប្តាហ៍ មុនថ្ងៃទី ២៨ ខែមិថុនា ចិនមិនមានការទិញសណ្តែកសៀងថ្មីពីអាមេរិកនោះទេ។ តែផ្ទុយទៅ វិញ ចិនបានកាត់បន្ថយការនាំចូលរហូត ដល់ទៅ៦១៥,០០០តោនឯណោះ»។
នៅអាមេរិកកាលពីឆ្នាំមុន មានគេដាំ សណ្តែកសៀងប្រហែល៣៦,២៤០ ,០០០ហិកតា…ជាចំនួនច្រើនបំផុត លំដាប់ទី២ ក្នុងប្រវត្តិសាស្ត្ររបស់អាមេរិក ដោយគេរំពឹងថា នឹងទទួលបានទិន្នផល ជាង១២១លានតោន។
ចិន គឺជាទីផ្សារនាំចេញសណ្តែកសៀងធំបំផុតរបស់អាមេរិក។ ក្នុងឆ្នាំ២០១៧ ចិនបានចំណាយប្រាក់អស់១៤ពាន់លានដុល្លារ ដើម្បីទិញសណ្តែកសៀងអាមេរិក ហើយជិត១ភាគ៣នៃសណ្តែកសៀងសរុបដែលផលិតនៅអាមេរិក គឺទុកសម្រាប់យក មកលក់ឱ្យចិន។
លោក ឆឹង គ័រឈាំង សាស្ត្រាចារ្យ សាកលវិទ្យាល័យសេដ្ឋកិច្ចនិងគ្រប់គ្រង តុងជឺ ថ្លែងថា «ក្នុងស្ថានភាពនេះ ការនាំចេញ សណ្តែកសៀងរបស់អាមេរិក មកកាន់ ប្រទេសចិន នឹងត្រូវចុះថយ។ នេះក៏ដោយ សារតែគេពឹងផ្អែក ទៅលើទិន្នផលដែល បានមកពីតំបន់អាមេរិកខាងត្បូង និង តម្លៃសណ្តែកសៀង ដែលផ្អែកលើទីផ្សារ អន្តរជាតិ»។
អ្នកជំនាញជនជាតិចិន និយាយថា ចិនអាចដោះស្រាយការធ្លាក់ចុះនៃការនាំចូលសណ្តែកសៀងនេះបាន ហើយក្រសួង កសិកម្មចិន និងមន្ទីរពាក់ព័ន្ធ កំពុងស្វែង រកដំណោះស្រាយ ដើម្បីកាត់បន្ថយការ ពឹងផ្អែករបស់ចិន ទៅលើសណ្តែកសៀង ដែលនាំចូល។
លោក វ៉ាង លែវវៃ អ្នកវិភាគជាន់ខ្ពស់នៅមជ្ឈមណ្ឌលជាតិព័ត៌មានគ្រាប់ធញ្ញជាតិ និងប្រេងចិន បានថ្លែងថា «យើងអាចកាត់បន្ថយតម្រូវការសណ្តែកសៀងបាន ដោយកែតម្រូវចំនួនសណ្តែកសៀងសម្រាប់ចិញ្ចឹមសត្វ។ តាមរយៈការកែតម្រូវការផ្គត់ផ្គង់ និងបរិមាណ យើងអាចធានាបានថា នឹង មានតុល្យភាពនៅក្នុងទីផ្សារ។ យើងជឿ ជាក់ថា ក្នុងអំឡុងពេល១ឆ្នាំទៅ២ឆ្នាំខាងមុខ យើងអាចបំពេញចន្លោះប្រហោងនេះ ដែលកើតចេញពីអវត្តមាននៃសណ្តែកសៀងអាមេរិក»។
អ្នកជំនាញនិយាយថា ចិនរួមចំណែក ៨៥ភាគរយ ក្នុងកំណើនពាណិជ្ជកម្ម សណ្តែកសៀងក្នុងពិភពលោក អស់រយៈ ពេលជាង២០ឆ្នាំមកហើយ ហើយប្រទេស កាន់តែច្រើន នឹងទទួលបានផលប្រយោជន៍ ពីការដែលចិនត្រូវការសណ្តែកសៀង បន្ថែម។
លោក លី គ័រសៀង អ្នកស្រាវជ្រាវ បណ្ឌិតសភាវិទ្យាសាស្ត្រសង្គមចិន បាន ថ្លែងថា «ដោយថ្លៃចំណាយ ថ្លៃធានារ៉ាប់រង និងថ្លៃដឹកជញ្ជូនសណ្តែកសៀងអាមេរិកកើនឡើង ក្រោយពីមានការយកពន្ធនាំ ចូលបន្ថែមនេះ យើងនឹងបង្កើនការនាំចូលសណ្តែកសៀងពីតំបន់អាស៊ី និងបណ្តា ប្រទេសផ្សេងទៀតវិញ ហើយវានឹងជំរុញ ឱ្យប្រទេសទាំងនេះ បង្កើនការដាំសណ្តែកសៀងរបស់ពួកគេជាមិនខាន»៕ ម៉ែវ សាធី