ព័ត៌មានទាន់ហេតុការណ៍៖

ដំណើរទស្សនកិច្ចរបស់លោកដូណាល់ ត្រាំទៅកាន់ហ្វំាងឡង់នឹងរងការធ្វើបាតុកម្មប្រឆាំង

ចែករំលែក៖

ពលរដ្ឋហ្វាំងឡង់មួយចំនួនបានរៀប ចំក្បួនបាតុកម្ម ស្វាគមន៍ជំនួបកំពូលរវាង លោកត្រាំ នឹងលោកពូទីន នៅថ្ងៃទី១៦ ខែកក្កដានេះ ។ ក្រុមបាតុករប្រឆាំងនឹង មហាអំណាចយោធាពិភពលោកទាំងពីរ ដែលបានធ្វើឲ្យពិភពលោកគ្មានសន្តិភាព ។

នៅពេលនេះដែរ ប្រធានាធិបតីអាមេរិក ទីបំផុតបានធ្វើដំណើរទៅដល់ទីក្រុងហែលស៊ីនគី នៃប្រទេសហ្វាំងឡង់ហើយ ដើម្បីត្រៀមខ្លួនបើកកិច្ចប្រជុំផ្លូវការជាលើក ដំបូង ជាមួយប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន នៅចំពោះមុខភាពតានតឹងជាច្រើន ហើយក្នុងនោះក៏មានក្រុមបាតុករ ដែល កំពុងរៀបចំសម្តែងការប្រឆាំងចំពោះជំនួបកំពូលនេះផងដែរ។

ដោយធ្វើដំណើរដោយផ្ទាល់ចេញពីស្កុតឡែន នៅក្រោយការបំពេញទស្សនកិច្ចជិតមួយសប្តាហ៍នៅចក្រភពអង់គ្លេស លោក ត្រាំ នឹងបើកកិច្ចពិភាក្សាជាមួយលោក ពូទីន នៅថ្ងៃចន្ទសប្តាហ៍នេះ តាមរយៈការប្រើប្រាស់អ្នកបកប្រែសុទ្ធសាធ ហើយ មេដឹកនាំប្រទេសទាំងពីរ នឹងធ្វើសន្និសីទសារព័ត៌មានរួមគ្នាមួយ ដើម្បីប្រកាសអំពីលទ្ធផលនៃកិច្ចប្រជុំនេះ។ លោក ពូទីន ក៏នឹងទៅដល់ក្រុងហែលស៊ីនគី នាពេល ឆាប់ៗនេះផងដែរ។

គួរជម្រាបថា កិច្ចប្រជុំខាងលើនឹងត្រូវ ធ្វើឡើង នៅចំពោះមុខភាពតានតឹងរវាង រុស្ស៊ី នឹងប្រទេសលោកខាងលិចទៅលើ បញ្ហាទាក់ទិននឹងប្រទេសអុីរ៉ង់ ស៊ីរី និង តំបន់គ្រីមៀ ព្រមទាំងការទាស់ទែងគ្នារវាងសហរដ្ឋអាមេរិក នឹងសម្ពន្ធមិត្តរបស់ខ្លួន ជុំវិញវិស័យពាណិជ្ជកម្ម និងការពារជាតិ។ ម៉្យាងវិញទៀត កាលពីប៉ុន្មានថ្ងៃមុន រដ្ឋអាជ្ញា ពិសេសអាមេរិក ទើបតែបានចោទប្រកាន់មន្រ្តីរុស្ស៊ី ១២រូប អំពីការលូកលាន់ចូលកិច្ចការបោះឆ្នោតអាមេរិកកាលពីឆ្នាំ២០១៦ ប៉ុណ្ណោះ ដែលឈានឲ្យមានការអំពាវនាវលុបចោលជំនួបនេះថែមទៀត។

នៅក្នុងឱកាសនៃការបើកកិច្ចប្រជុំកំពូលរវាងលោក ត្រាំ នឹងលោក ពូទីន សន្តិសុខត្រូវបានរឹតបន្តឹងជាខ្លាំង ខណៈដែលការធ្វើបាតុកម្មត្រូវគ្រោងរៀបចំឡើង ដើម្បី ប្រឆាំងនឹងកិច្ចប្រជុំ ក៏ដូចជាប្រឆាំងនឹងលោកប្រធានាធិបតីអាមេរិកផ្ទាល់តែម្តង៕ ម៉ែវ សាធី


ចែករំលែក៖