សារព័ត៌មានស៊ីរី SANA បានផ្សាយថា អីុស្រាអែលបានបើកការវាយប្រហារទៅលើទីតាំង ទាហានអាកាសរបស់ស៊ីរី នៅភាគខាងជើង ខេត្តអាឡែប៉ូ បង្កឲ្យមាន ការខូចខាតជាច្រើន ។
ការវាយប្រហារខាងលើកើតឡើងប៉ុន្មានម៉ោងមុនកិច្ចប្រជុំកំពូលអាមេរិក-រុស្ស៊ី ហើយប្រធានបទនៅក្នុងកិច្ចពិភាក្សារបស់ប្រទេសមហាអំណាចយោធាទាំងពីរ គឺ សន្តិភាពនៅក្នុងប្រទេសស៊ីរី។
អីុស្រាអែលតែងតែជំរុញឲ្យ រុស្ស៊ីបណ្តេញកម្លាំងដែលជិតស្និទ្ធនឹងអីុរ៉ង់ចេញពីស៊ីរី។ ជាមួយគ្នានោះរុស្ស៊ីក៏បានយល់ ព្រម ជំរុញឲ្យអីុរ៉ង់ ដកទាហានចេញពីតំបន់ ខ្ពង់រាប ហ្គោឡែន ។
មន្ត្រីនៅក្នុងតំបន់បានឲ្យដឹងថា សកម្ម ភាពវាយប្រហាររបស់អីុស្រាអែល គឺមាន គោលដៅ គាំទ្រដល់កម្លាំងក្រុមបះបោរ ក្នុងពេលដែលទាហានរដ្ឋាភិបាលស៊ីរី កំពុងតែឆ្ពោះទៅមុខដណ្តើមបានទីតាំងគ្រប់គ្រងជាច្រើនមកវិញ។ មកទល់ពេលនេះភាគី អីុស្រាអែល មិនទាន់វិភាគអ្វីជុំវិញបញ្ហាខាងលើនៅឡើយ។ មន្ត្រីយោធាអីុស្រាអែលបានបញ្ជាក់ថាបានវាប្រហារទៅលើទីតាំងទាហានអាកាស T-4 របស់ស៊ីរី ដោយកាំ ជ្រួចមីស៊ីល។
ក្នុងពេលជាមួយគ្នានេះ ទីក្រុង Tel Aviv បញ្ជាក់ថា ការវាយប្រហារខាងលើ គឺដើម្បីការពារ ដែនអធិបតេយ្យរបស់ អីុស្រាអែល ។ រដ្ឋាភិបាលស៊ីរីបានចាត់ទុក អីុស្រាអែល គឺជាឧបករណ៍របស់បណ្តា ប្រទេសលោកខាងលិច ក្នុងគោលដៅផ្តួលរំលំរដ្ឋាភិបាលស៊ីរី ។
អីុស្រាអែលតែងតែបើកការវាយប្រហារទៅលើទីតាំងនានានៅក្នុងប្រទេសស៊ីរី ដោយ ចោទប្រកាន់ថាជាទីកន្លែងលាក់ខ្លួន របស់ក្រុមហេសប៊ូឡហ៍ និងអីុរ៉ង់ ដើម្បី វាយប្រហារទៅលើប្រទេសអីុស្រាអែល ។ កម្លាំងទាហានអីុរ៉ង់ គឺជាគោលដៅនៅ ក្នុងការវាយប្រហារ របស់អីុស្រាអែល៕ ម៉ែវ សាធី