ព័ត៌មានទាន់ហេតុការណ៍៖

ពិភពលោករួមគ្នាធ្វើសកម្មភាពដើម្បីមនុស្សធម៌ដោយគ្មានអាមេរិក

ចែករំលែក៖

ក្រោយពេលអាមេរិកបានសម្រេចចិត្តដកខ្លួនចេញពីស្ថានប័នធំៗរបស់អង្គការសហប្រជាជាតិ ក្នុងនោះមានអង្គការ UNESCO អង្គការសិទ្ធិមនុស្សអន្តរជាតិ និងកាត់បន្ថយជំនួយដល់អង្គការសហប្រជាជាតិទៀតផង ។ មិនតែប៉ុណ្ណោះអាមេរិកបាន ដកខ្លួនចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីអាកាសធាតុ និងសកម្មភាពជាច្រើនផ្សេងទៀតធ្វើឲ្យពិភពលោកបាត់បង់ទំនុកចិត្តលើអាមេរិក ។

កន្លងមកថ្មីៗ អង្គការសហប្រជាជាតិបានសម្រេចបង្កើត កតិកាសញ្ញាសកល មួយស្តីអំពី ជនអន្តោប្រវេសន៍នៅលើពិភព​លោក ដោយមានប្រទេស ១៩២ចូលរួម លើកលែងតែអាមេរិក ប៉ុណ្ណោះ។ នេះគឺជា លើកទីមួយហើយ ដែលអង្គការសហ ប្រជាជាតិ បានសម្រេចចរចាបានជោគ ជ័យ ដើម្បីតាក់តែងអត្ថបទកតិកាសញ្ញានេះ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈម នៃការធ្វើចំណាកស្រុករបស់ជនអន្តោ ប្រវេសន៍ ក៏ដូចជាជនភៀសខ្លួន ដែលកាន់ តែធ្ងន់ធ្ងរទៅៗ ទូទាំងពិភពលោក។ បញ្ហាជនអន្តោប្រវេសន៍ គឺជាបញ្ហារួមរបស់ សកលលោក ដោយត្រូវតែដោះស្រាយ តាមរយៈគោលនយោបាយរួមរបស់សកលលោកដែរ។

មុននឹងឈានមកដល់ដំណាក់កាល នេះ វាមិនមែនជារឿងងាយស្រួលទេ ដែលអង្គការសហប្រជាជាតិ អាចអូស ទាញប្រទេសទាំង១៩២ ឲ្យរួមគ្នាទទួល យកអត្ថបទរួម នៃកតិកាសញ្ញាសកល ស្តីពីជនអន្តោប្រវេសន៍នេះ។ ការចរចាគ្នា ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ស្តីពីបញ្ហាជនអន្តោប្រវេសន៍នេះ វាគឺជា រឿងដ៏សែនលំបាក ដូចអូសឫស្សីបញ្ច្រាស ចុងដូច្នេះដែរ។ ប្រទេសទាំងអស់ តែង ចាត់ទុកបញ្ហាជនភៀសខ្លួន បញ្ហាជនអន្តោ ប្រវេសន៍ គឺជាបញ្ហារបស់គេដាច់ដោយឡែករៀងៗខ្លួន ហើយដែលវាស្ថិតនៅក្នុងដែន អធិបតេយ្យរបស់គេម្នាក់ៗ។

ជាងនេះទៅទៀត ប៉ុន្មានឆ្នាំចុងក្រោយ នេះ ជាមួយវិបត្តិជនអន្តោប្រវេសន៍ និង ជនភៀសខ្លួន នៅតាមប្រទេសជាច្រើន បានជួបប្រទះនឹងបញ្ហានយោបាយ ដែល អ្នកនយោបាយឆក់ឱកាសខ្លះ បានលើក ឡើងនូវការឃោសនា ប្រជាភិថុតិ បំភ័យ ប្រជាជន ថាជនអន្តោប្រវេសន៍មកពីស្រុកផ្សេងកំពុងសម្រុកចូលមកក្នុងប្រទេសពួកគេ។ ម៉្លោះហើយ បញ្ហាទាំងអស់នេះ បាន បង្កឲ្យមានឧបសគ្គ ដល់ការព្រមធ្វើសម្ប ទានរួម ដើម្បីស្វែងរកដំណោះស្រាយរួមគ្នា ក្នុងក្របខ័ណ្ឌអន្តរជាតិ ស្តីពីបញ្ហាជនអន្តោ ប្រវេសន៍នេះ។

ប្រមាណ១ឆ្នាំកន្លះមកហើយ ដែលអង្គ ការសហប្រជាជាតិ ក្រោមការសម្រប សម្រួល របស់តំណាងទូតស្វុីស និងតំណាង ទូតមិុចស៊ីកូ ប្រចាំអង្គការសហប្រជាជាតិ ដែលបានដឹកនាំការចរចា ដើម្បីតាក់តែង កតិកាសញ្ញាអន្តរជាតិ មួយនេះឡើង។ ប្រទេស១៩២បានយល់ព្រម ទទួលយក ខ្លឹមសាររួម នៃកតិកាសញ្ញាសកលនេះ លើកលែងតែសហរដ្ឋអាមេរិក មួយទេ ដែលបានដកខ្លួនចេញពីការចរចា តាំងតែពីខែធ្នូចុងឆ្នាំ២០១៧ម៉្លេះ។ សម្រាប់ ពេលនេះ អ្វីៗនៅមិនទាន់ស្ថាពរនៅ ឡើយទេ អត្ថបទចុងក្រោយនៃកតិកា សញ្ញាសកលនេះ នឹងត្រូវអនុម័ត នៅក្នុង មហាសន្និបាតប្រចាំឆ្នាំ របស់អង្គការសហ ប្រជាជាតិ នៅខែធ្នូចុងឆ្នាំ២០១៨ខាង មុខនេះ។

បើតាមការលើកឡើង របស់លោកស្រី Louise Arbour អ្នកតំណាងពិសេសនៃអគ្គលេខាធិការដ្ឋាន ទទួលបន្ទុកកិច្ចការ អន្តោប្រវេសន៍ បានឲ្យដឹងថា កតិកា សញ្ញាសកលនេះ មានដាក់ចុះនូវកម្មវត្ថុ ចំនួន២៣ចំណុច។ ជារួម គឺកតិកាសញ្ញា នេះ ប្រៀបបានដូចជាសៀវភៅណែនាំ ការអនុវត្តមួយដ៏ត្រឹមត្រូវ ដើម្បីគាំពារ ការពារ និងដោះស្រាយ បញ្ហាអន្តោ ប្រវេសន៍របស់សកលលោក។

កតិកាសញ្ញានេះ មានចែងរំលឹកឡើង វិញដល់ប្រទេសហត្ថលេខីទាំងអស់ អំពី គោលការណ៍គ្រឹះធំ នៃការគោរពសិទ្ធិ មនុស្ស និងសិទ្ធិកុមារ។ បន្ថែមពីនេះ អត្ថបទនេះ កំណត់យ៉ាងទូលំទូលាយ អំពីវិស័យ ឬបញ្ហានានា ដែលជាប់ពាក់ព័ន្ធ នៅជុំវិញ និងបញ្ហាអន្តោប្រវេសន៍ តួយ៉ាង ដូចជាការគ្រប់គ្រងទិន្ន័យរួមស្តីពីជនអន្តោប្រវេសន៍ ដើម្បីអាចងាយយល់អំពី ប្រភព នៃបញ្ហា អំពីគោលដៅនៃការធ្វើ ដំណើរ កម្រិតនៃចំនួនលំហូរជាដើម។

បន្ទាប់មកទៀត កតិកាសញ្ញានេះក៏ មានកំណត់អំពីកម្មវត្ថុធំៗ ទាក់ទិននឹងការរៀបចំទទួលជនអន្តោប្រវេសន៍ មិនថា នៅតាម ប្រទេសជាគោលដៅចុងក្រោយ ឬនៅតាមប្រទេសឆ្លងកាត់ រហូតដល់កម្ម វត្ថុ នៃការផ្តល់ជូននូវសេវាសង្គម ដូចជា ផ្នែកសុខភាព ជួយផ្តល់ប្រឹក្សាច្បាប់ជាដើម ឲ្យដល់ជនអន្តោប្រវេសន៍ម្នាក់ៗ។

ចំណុច ឬកម្មវត្ថុទាំងអស់នេះពីមុនមកមិនមានអ្វីកំណត់ឲ្យមានជាលក្ខណៈបទដ្ឋានរួម ទូទាំងសកលលោកទេ។ ក៏ប៉ុន្តែ គួរបញ្ជាក់ដែរថា អត្ថបទកតិកាសញ្ញា សកលនេះ មិនមានតម្លៃចាប់បង្ខំទេ។ ពោលគឺប្រទេសហត្ថលេខីទាំងអស់ គ្មាន កាតព្វកិច្ចគោរពទេ។ ក៏ប៉ុន្តែ វាជាការគូស វាសផ្លូវដើររួមមួយ ដែលប្រទេសទាំងអស់ បានព្រមព្រៀងគ្នាដាក់ចុះ និងសរសេរវា ឡើង នៅក្នុងកតិកាសញ្ញានេះ។

តែយ៉ាងណាក៏ដោយ ក៏មិនមែនមាន ន័យថា អត្ថបទកតិកាសញ្ញានេះ ល្អឥត ខ្ចោះនោះដែរ។ យ៉ាងណាមិញ អង្គការ សិទ្ធិមនុស្សមួយចំនួនបានសម្ដែងការខកបំណងខ្លះដែរ ចំពោះកតិកាសញ្ញានេះ ដែលបានកំណត់ថា អាជ្ញាធរប្រទេស នីមួយៗ អាចសម្រេចឃុំខ្លួនបណ្តោះ អាសន្ន កុមារដែលជាជនអន្តោប្រវេសន៍ បាន បើសិនជាគ្មានជម្រើសណាផ្សេង ទៀត។ អង្គការសង្គមស៊ីវិល បានអំពាវនាវឲ្យមានការកែប្រែដើម្បីហាមឃាត់ទាំងស្រុងតែម្តង នូវការឃុំខ្លួនជនអន្តោប្រវេសន៍ជា កុមារ។ តែយ៉ាងណាក៏ដោយ ក្រុមការងារ ចរចា បានលើកឡើងថា គោលការណ៍នៃ ការចរចា គឺស្ថិតនៅលើការព្រមព្រៀង ស្រុះស្រួលទាំងអស់គ្នា។ ចំណែកបញ្ហាឃុំឃាំងជនអន្តោប្រវេសន៍ជាអនីតិជននេះ គឺ ប្រទេសគ្រប់ភាគី ភាគច្រើនមិនព្រមហាមឃាត់ទាំងស្រុងនោះទេ។

ទាំងនោះជាការបង្ហាញពីសមគ្គីភាព រវាង ប្រទេសជុំវិញពិភពលោក ដើម្បីជួយ ដល់មនុស្សជាតិ ដែលមានវាសនាអភ័ព្វ​ដោយសារតែ អំពើហិង្សា សង្គ្រាមស៊ីវិល បម្រែប្រួលអាកាសធាតុធ្វើឲ្យមានពលរដ្ឋរាប់សិបលាននាក់នៅលើពិភពលោក ត្រូវជម្លៀសខ្លួនទៅកាន់តំបន់មានសុវត្ថិភាព ៕ ម៉ែវ សាធី


ចែករំលែក៖