ភ្នំពេញ៖ ពិតជាកោតសរសើរអំពីសណ្តាចិត្តដ៏ល្អរបស់តារាសម្តែង សិរីវិទ្យា ដែលបានធ្វឲ្យរឿងមួយគឺការប្រមូលសម្លៀកបំពាក់ ដែលលោកបានប្រើប្រាស់រួចលក់ឡៃឡុងនិងបានបរិច្ចាកលុយ ដែលលក់បានទៅឲ្យស្ត្រីរងគ្រោះដោយសារទឹកអាស៊ីដ ដែលគួរឲ្យអាសូរម្នាក់ ។
តារាសម្តែង និងចម្រៀង សិរីវិទ្យា បានអះអាងថា ដើមឡើយលោកពិតជាមានបំណងបញ្ចេញសម្លៀកបំពាក់ ដែលលោកធ្លាប់បានស្លៀករូច ដែលនៅថ្មីអាចស្លៀកពាក់បានដើម្បីប្រកាសលក់នៅលើហ្វេសប៊ុក ដោយថវិការនោះលោកក៏បានប្រកាសដែរថា នឹងយកលុយទាំងអស់សម្រាប់ធ្វើជាការងារមនុស្សធម៌ ។ ប៉ុន្តែក្រោយពីលោកបានឃើញអំពីស្ថានភាពដ៏គួរឲ្យអាណិតរបស់ស្រី ដែលរងគ្រោះដោយទឹកអាស៊ីត និងមានមុខរបរចាក់កន្សែងលក់ ត្រូវបានគេធ្វើការផ្សព្វផ្សាយលើបណ្តាញទំនាក់ទំនងFacebook លោកក៏បានធ្វើការទាក់ទងដើម្បីជួបស្រ្តីនោះផ្ទាល់ ។
លោកថា ក្រោយជួបផ្ទាល់លោកកាន់តែអាណិតក្រោយពីបានយល់ពីស្ថានភាព ដែលរស់នៅក្នុងភាពពិការភ្នែក រូបរាងរងដោយទឹកអាស៊ីដស្ទើមើលពុំយល់ ហើយរកស៊ីចាកកន្សែង ដែលចាក់ចំនួន២ថ្ងៃទើបចាក់បានមួយ ។ លោកថាទោះជាពិការ និងស្ថិតក្នុងជីវភាពខ្វះខាតប៉ុន្តែគាត់តស៊ូខ្លាំងទើបលោកមានបំណងជួយទៅដល់ស្ត្រីរូបនេះ ។ លោកថាបើទោះបីជាការចូលរួមចំណែកនេះមិនធំធេង ប៉ុន្តែលោកសប្បាយចិត្តនឹងធ្វើ និងមានបំណងឲ្យប្រជាពលរដ្ឋខ្មែរបន្តនូវការចែករំលែកសេចក្តីស្រលាញ់ ជួយគ្នាទៅតាមលទ្ធភាព ដែលអាចធ្វើទៅបានទៅកាន់អ្នកក្រីក្រ ខ្វះទីពឹងក្នុងនាមជាខ្មែរដូចគ្នា ។
ទោះជាយ៉ាងណាតារាសម្តែងរូបនេះបានបញ្ជាក់ថា សកម្មភាពសប្បុរសធម៌ ដែលលោកធ្លាប់បានជួយ និងចូលរួមកន្លងមកមិនមែនលោកចង់បានប្រជាប្រិយភាព ឬភាពលេចធ្លោរណាមួយនោះទេ គឺលោកចង់ឲ្យប្រជាជនខ្មែរបន្តជួយឈឺឆ្អាលពីសុខទុក្ខគ្នា ហើយក៏ផ្តើមចេញពីមនុស្សក្នុងសង្គមតែមួយនេះឯង៕ វឌ្ឍណា