ព័ត៌មានទាន់ហេតុការណ៍៖

ទោះរងការរិះគន់យ៉ាងខ្លាំងក្តី តែប្រធានាធិបតីដូណាល់ ត្រាំ នៅតែទទួលបានការគាំទ្រកើនឡើង

ចែករំលែក៖

ក្រោយកិច្ចប្រជុំអាមេរិក-រុស្ស៊ី នៅ ទីក្រុង Helsinki កាលពីថ្ងៃទី១៦ខែកក្កដា មានការរិះគន់ប្រធានាធិបតីដូណាល់ ត្រាំ យ៉ាងច្រើនមិនធ្លាប់មានពីមុនមក ប៉ុន្តែតាម លទ្ធផលនៃការស្រាវជ្រាវ ស្ទង់មតិគឺមាន អ្នកគាំទ្រកើនឡើង។

សារព័ត៌មាន Fox News insider បាន ផ្សាយថា ប្រព័ន្ធផ្សព្វផ្សាយកំពុងតែ ខ្វាយខ្វល់ដោយសារតែការគាំទ្រលោកត្រាំ បានកើនឡើងក្រោយកិច្ចប្រជុំ នៅ Helsinki ។ ការស្ទង់មតិថ្មីបំផុតរបស់ Wall Street Journal និង NBC News បានផ្សាយ ថា ចំនួនអ្នកគាំទ្រ លោកត្រាំស្ថិតនៅកម្រិត ៤៥ភាគរយ គឺកើនឡើង ១ភាគរយចាប់ តាំងពីខែមិថុនាមក ហើយក៏ជាចំនួនខ្ពស់បំផុតចាប់តាំងពីលោកឡើងកាន់តំណែងជាប្រធានាធិបតីមកទលពេលនេះ។

អ្នករៀបចំការស្ទង់មតិ Fred Yang បានបញ្ជាក់ថា កិត្តិយសរបស់លោកត្រាំ កើនឡើង ដោយសារតែប្រព័ន្ធផ្សព្វផ្សាយវាយប្រហារលោកខ្លាំងពេក ។ នៅពេល ដែលរងការរិះគន់ថ្កោលទោសកាន់តែខ្លាំង លោកក៏កាន់តែទទួលបានការគាំទ្រខ្ពស់ ។

ពាក់ព័ន្ធនឹងជំនួបជាមួយលោកពូទីន នាពេលកន្លងមក ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានសរសេរនៅលើបណ្តាញសង្គមរបស់លោកថា ជំនួបប្រព្រឹត្តទៅ ដោយជោគជ័យ ហើយលោកមានគម្រោង ជួបលោកពូទីននៅសេតវិមាន ជាលើក ទីពីរផងដែរ។

កិច្ចប្រជុំជាផ្លូវការលើកដំបូងរវាងលោក ដូណាល់ត្រាំ នឹងលោក វ្ល៉ាឌីមៀរ ពូទីន បានប្រព្រឹត្តនៅទីក្រុងហែលស៊ីនគី ប្រទេសហ្វាំងឡង់ កាលពីថ្ងៃទី១៦ ខែកក្កដា កន្លងទៅនេះ មានអ្នកសារព័ត៌ មានចូលរួមចំនួន ១,៥០០នាក់ មកពីជាង ៦០ប្រទេស។ កិច្ចជំនួបនេះក្នុងរូបភាព មួយទល់មួយ ដែលគ្រោងនឹងរៀបចំឡើង រយៈពេល៩០នាទី តែត្រូវបានពន្យាររហូតដល់ជាងពីរម៉ោង។

នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា បន្ទាប់ ពីកិច្ចប្រជុំនោះមេដឹកនាំទាំងពីរបានលើកឡើងពីសារសំខាន់ នៃកិច្ចប្រជុំកំពូលនេះ។ ទោះជាយ៉ាងនេះក្តី កិច្ចជំនួបលើកនេះ បែរ ជាត្រូវបានគេមើលឃើញថា គឺជាការចាប់ផ្តើមនូវភាពស្មុគស្មាញកាន់តែខ្លាំង ក្នុងការស្តារទំនាក់ទំនងរវាងអាមេរិក នឹងរុស្ស៊ីឡើងវិញជាជាងការស្តារទំនាក់ទំនងទ្វេភាគីហេតុផលដោយសារភាពខ្វែងគំនិតគ្នារវាង ប្រទេសជាបងធំទាំងពីរ លើបញ្ហាស្នូល មួយចំនួន។

មុនពេលចាប់ផ្ដើមកិច្ចប្រជុំកំពូលនេះ បណ្តាប្រទេសលោកខាងលិចជាសម្ពន្ធមិត្តអាមេរិក មានក្តីបារម្ភខ្លាចថា លោក ត្រាំ អាចឈានដល់ការសម្រេចបាននូវកិច្ច ព្រមព្រៀងបែបឯកជនជាមួយលោក ពូទីន ដោយការបិទភ្នែកក្នុងរឿងរុស្ស៊ីជ្រៀតជ្រែកអ៊ុយក្រែន ជាថ្នូរនឹងការធ្វើសម្បទានរបស់ រុស្ស៊ីដល់អាមេរិក ពាក់ព័ន្ធបញ្ហាតំបន់ មជ្ឈិមបូព៌ា។

ខណៈដែលមេដឹកនាំទាំងពីរព្យាយាមចែករំលែកផលប្រយោជន៍រួមគ្នាស្រប ពេលដែលពួកគេបន្តភាពរឹងមានះក្នុងការ រក្សាការខ្វែងគំនិតគ្នា ក្នុងអំឡុងពេល សន្ទនាស្តីពីស៊ីរី និងអ៊ុយក្រែននោះ លោក ត្រាំ ហាក់ព្យាយាមខណ្ឌចែកព្រំដែនជា មួយលោក ពូទីន ដើម្បីគេចចេញពីការ ចោទប្រកាន់ថា លោកបាន «គុបគិតជា មួយរុស្ស៊ី» ។

សូមរំឭកបន្តិចថាកាលពីថ្ងៃទី១៣ ខែ កក្កដាកន្លងទៅនេះ ក្រសួងយុត្តិធម៌សហ រដ្ឋអាមេរិក បានប្រកាសពីការកាត់ទោស​មន្ត្រីរុស្ស៊ី ពាក់ព័ន្ធនឹងការលូកដៃក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦កន្លងទៅ ក្នុងបំណងដាក់សម្ពាធលើសន្ទនារវាងមេដឹកនាំទាំងពីរ និងបង្ខំឱ្យលោក ត្រាំ ដាក់សម្ពាធកាន់តែខ្លាំងលើប្រទេសរុស្ស៊ី។

លោក ត្រាំ ធ្លាប់ត្រូវបានគេទទួលស្គាល់ ថា ជាបុគ្គលដែលងាយក្រឡាស់សម្ដីភ្លាមៗ ហើយកិច្ចជំនួបជាមួយលោក ពូទីន លើកនេះកាន់តែធ្វើឲ្យលោកក្លាយជាបុគ្គល ដែលពិបាកផ្ញើទំនុកចិត្តខ្លំាងបំផុត បន្ទាប់ពីការផ្លាស់ប្តូរឥរិយាបថភ្លាមៗ ពាក់ព័ន្ធនឹងការចោទប្រកាន់ទៅលើប្រទេសរុស្ស៊ី លូកដៃក្នុងការបោះឆ្នោតនៅអាមេរិក។

ជាក់ស្តែងក្នុងឱកាសដំបូងឡើយ លោក ត្រាំ បានចេញមុខគាំទ្ររុស្ស៊ី ដោយលោក បញ្ជាក់ច្បាស់ៗថា «ប្រធានាធិបតីរុស្ស៊ី លោក ពូទីន និយាយថា មិនមែនរុស្ស៊ី នោះទេ ហើយខ្ញុំក៏មើលមិនឃើញថា មានភស្ដុតាង ឬហេតុផលណាមួយថា រុស្ស៊ីជាអ្នកធ្វើវានោះដែរ»។

ប៉ុន្តែបន្ទាប់ពីធ្វើដំណើរទៅដល់ទីក្រុងវ៉ាស៊ីនតោនវិញភ្លាម លោក ត្រាំ បាន ក្រឡាស់សម្ដី ហើយថាលោកមានការ ភ័ន្តច្រឡំ ពោលគឺចង់មានន័យថា លោក មើលមិនឃើញហេតុផល ថាតើហេតុអ្វី បានជារុស្ស៊ី មិនមែនជាអ្នកលូកដៃចូលកិច្ចការបោះឆ្នោតអាមេរិកនោះទេ។ លោក ត្រាំ បញ្ជាក់យ៉ាងខ្លីដូច្នេះថា «ខ្ញុំទទួលស្គាល់ការសន្និដ្ឋានរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកដែលថា រុស្ស៊ីជាអ្នកលូកលាន់ចូលក្នុងកិច្ចការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦»។

រហូតមកទល់ពេលនេះមិនទាន់មាន ភស្តុតាងណាបង្ហាញថា លោក Trump បានឈ្នះការបោះឆ្នោតដោយការធ្វើសហប្រតិបត្ដិការជាមួយរុស្ស៊ីទេ។ ប៉ុន្តែទោះ ជាយ៉ាងនេះក្តី ប្រជាពលរដ្ឋអាមេរិកភាគច្រើនជឿជាក់ថា រុស្ស៊ី ពិតបានលូកដៃចូល ក្នុងការបោះឆ្នោត។

ការលើកឡើងជាលើកដំបូងរបស់ លោក ដែលបដិសេធថា រុស្ស៊ីមិនបានពាក់ព័ន្ធនឹងរឿងនេះហាក់មានន័យថា លោក ត្រាំ កំពុងក្បត់សម្ដីនិងជាតិសាសន៍ខ្លួនឯងបាត់ទៅហើយ។ ក្រៅពីការធ្វើឲ្យមនុស្សបាត់បង់ទំនុកចិត្តលើរូបលោកហើយនោះ វាក៏អាចបំបាក់ប្រជាប្រិយភាពគណបក្សសាធារណរដ្ឋ ដែលអាចនឹងរងការភ័ន្ត ច្រឡំទៅថ្ងៃអនាគត។

ដោយការពិនិត្យតាមដានទៅលើលទ្ធផលនៃកិច្ចប្រជុំលើកនេះ អ្នកឈ្នះដ៏ធំ បំផុត គឺលោក ពូទីន។ ជាក់ស្តែងកិច្ចប្រជុំកំពូលនេះបានចាប់ផ្តើម បន្ទាប់ពីពិធីបិទការប្រកួតបាល់ទាត់ពិភពលោក ដែលត្រូវបានរៀបចំដោយប្រទេសរុស្ស៊ី ហើយទើប តែបញ្ចប់ទៅដោយជោគជ័យ ជាមួយនឹង ការរៀបចំយ៉ាងរលូន។ ជាមួយនឹងរូបភាពដ៏ស្ងប់ស្ងាត់រឹងមាំ និងភាពចាស់ទុំរបស់ លោក ពូទីន ត្រូវបានគេចាប់ផ្តើមកត់សម្គាល់ជាថ្មី ស្របពេលដែលលោក ត្រាំ បែរជា បង្ហាញភាពក្រឡិចក្រឡុចរបស់លោកទៅវិញ។ និយាយពីកិច្ចការអន្តរជាតិ អាច និយាយថា មេដឹកនាំទាំងពីរជាអ្នកឈ្នះ ដូចគ្នា ប៉ុន្តែបើនិយាយពីរឿងក្នុងស្រុក និងក្នុងកែវភ្នែកប្រជាពលរដ្ឋអាមេរិក លោក ត្រាំ គឺជាអ្នកចាញ់យ៉ាងអាម៉ាស់បំផុត៕ ម៉ែវ សាធី


ចែករំលែក៖