ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែប្រយុទ្ធEmanuele Calaioរបស់ក្លិបParmaជាប់បំរាម២ឆ្នាំពីបទរៀបចំលទ្ធផលប្រកួត

ចែករំលែក៖

កីឡាករ Emanuele Calaioខ្សែប្រយុទ្ធរបស់ក្លិប Parma ត្រូវជាប់បំរាមមិនឲ្យលេងបាល់ទាត់រយៈពេល២ឆ្នាំពីបទរៀបចំលទ្ធផលប្រកួត។

ខ្សែប្រយុទ្ធវ័យ៣៦ឆ្នាំនេះក៏ត្រូវពិន័យជាទឹកប្រាក់ចំនួន២ម៉ឺនអឺរ៉ូ។ ចំណែកក្លិបParma នឹងត្រូវដក៥ពិន្ទុពេលលេងនៅក្នុងក្របខ័ណ្ឌអ៊ីតាលីSerie A រដូវកាលក្រោយនេះ។

Emanuele Calaioត្រូវបានរកឃើញថា បានផ្ញើសារទៅកាន់អតីតមិត្តរួម ក្រុមរបស់ខ្លួននៅក្នុងក្លិប Speziaមុនពេលក្លិបទាំងពីរជួបគ្នានៅថ្ងៃទី១៨ ខែឧសភា។ ក្រោយការប្រកួត ក្រុម Parmaឈ្នះSpezia ដោយលទ្ធផល2-0 ហើយបានឡើងមកលេង នៅក្នុងក្របខ័ណ្ឌកំពូលរបស់អ៊ីតាលីវិញ។

កីឡាករCalaioបានចាកចេញពីក្រុម Speziaមកលេងឲ្យក្រុមParmaនៅក្នុងឆ្នាំ២០១៦។ គាត់បានប្រើប្រាស់WhatsApp ដើម្បីផ្ញើសារទៅកាន់កីឡាករFilippo de Col និង Claudio Terzi របស់ក្រុមSpezia។ ប៉ុន្តែក្លិបParmaបានច្រានចោលការចោទប្រកាន់នោះ ដោយថ្លែងថាសារនោះពុំមានអ្វីមិនប្រក្រតីនោះឡើយ។

គួររំលឹកថា Parmaបានធ្លាក់ទៅដល់ក្របខ័ណ្ឌអ៊ីតាលី Serie D ក្រោយប្រកាសក្ស័យធន តែបានឡើងមកកាន់ Serie A បន្ទាប់ពីឈ្នះកៅអីឡើងមកក្របខ័ណ្ឌបន្ទាប់ រយៈពេល៣ឆ្នាំជាប់គ្នា ៕


ចែករំលែក៖