ព័ត៌មានទាន់ហេតុការណ៍៖

ស្រឡាញ់គណបក្សប្រជាជនពេក នាយកណ្តុរ និងនាយឆ្អឹងមិនខ្លាចលះបង់

ចែករំលែក៖

ភ្នំពេញ៖ តារាកំប្លែងប្រុសពីររូប គឺ នាយកណ្តុរ និងនាយឆ្អឹងបានបង្ហាញទំហំក្តីស្រឡាញ់ពេញចិត្តខ្លាំងចំពោះគណបក្សប្រជាជនកម្ពុជា ពិសេសការគោរពស្រឡាញ់គាំទ្រសម្តេចតេជោហ៊ុន សែន តាមរយៈការលះបង់ហ៊ានសាក់ឈ្មោះសម្តេចនៅលើខ្លួន រួមទាំងការចំណាយពេលរកជាងច្នៃសក់ឲ្យមានសណ្ឋានរូបជាគណបក្សប្រជាជនកម្ពុជា ។

ជិតដល់ថ្ងៃកំណត់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ តារាកំប្លែងនាយឆ្អឹងបានបង្ហាញពីក្តីស្រឡាញ់របស់ខ្លួន ចំពោះគណបក្សប្រជាជនកម្ពុជា ដោយការច្នៃម៉ូតសក់ របស់ខ្លួនជាស្លាកសញ្ញា និងលេខសម្គាល់លេខរៀងទី២០នៅលើសន្លឹកឆ្នោត ។

នាយឆ្អឹងបានឲ្យដឹងថា ខ្ញុំជ្រកម្លប់ណា ខ្ញុំត្រូវតែថែរក្សា និងការពារម្លប់នោះចឹងហើយ ។ នាយឆ្អឹងថា លោក គឺ ជាអ្នកគាំទ្រ និងស្មោះស្ម័គ្រចំពោះគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោហ៊ុន សែនជាប្រមុខដឹកនាំពោល គឺ ដូចទៅនឹងមហាជនទូទៅដែរដ្បិតប្រទេសកម្ពុជាបានដើរដល់សព្វថ្ងៃនេះ គឺ ជាស្នាដៃដ៏ធំធេងក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ហើយកម្ពុជាពិតជាត្រូវការមេដឹកនាំដ៏ឈ្លាសវៃដូចសម្តេចតេជោដើម្បីបន្តទទួលបានគ្រប់យ៉ាងពិសេសការអភិវឌ្ឍ ឥតឈប់ឈរលើគ្រប់វិស័យបែបនេះ ។

បើនិយាយពីឈ្មោះរបស់នាយកណ្តុរវិញ បានធ្វើរឿងមួយ ដែលកម្រមានសិល្បកររូបណាធ្វើកន្លងមក ដោយថ្មីៗនេះលោកបានសាក់ឈ្មោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានៅនឹងដៃរបស់លោកតែម្តង ។ ទន្ទឹមគ្នានេះអាចនិយាយបានថានាយកណ្តុរបានគោរពស្រឡាញ់សម្តេចយ៉ាងខ្លាំងទើបសម្រេចចិត្តសាក់ឈ្មោះសម្តេចលើដៃបែបនេះ ។

នាយកណ្តុរ ដោយភ្ជាប់ជាមួយនឹងសារថាលោកសាក់ឈ្មោះសម្ដេចតេជោ ហ៊ុន សែន ដោយក្ដីគោរពស្រឡាញ់ពេញបេះដូង ។ មានទស្សនិកជន ក៏ដូចជាអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមិនតិចទេ ដែលបានកោតសរសើរនាយកណ្តុរថាលោកជាពលរដ្ឋល្អគោរពគាំទ្រថ្នាក់ដឹកនាំ ដោយមិនគិតបានការឈឺចាប់ពេល ដែលសាក់៕ វឌ្ឍនា


ចែករំលែក៖