ព័ត៌មានទាន់ហេតុការណ៍៖

ពិភពលោកមិនអនុញ្ញាតឲ្យអាមេរិកវាយប្រហារអីុរ៉ង់ឡើយ

ចែករំលែក៖

កន្លងមកមានការបែកធ្លាយព័ត៌មានថា អាមេរិកក្រោមការដឹកនាំរបស់ប្រធានាធិបតីដូណាល់ត្រាំ បានឡើងគម្រោងផ្តួលរំលំ របបដឹកនាំ នៅអីុរ៉ង់ ។ ទាំងនោះហើយ បានជាអាមេរិក សម្រេចដកខ្លួនចេញពីកិច្ចព្រមព្រៀងបរមាណូ និង បង្កើនទណ្ឌកម្ម ទៅលើប្រទេសនេះ ។

នៅពេលថ្មីៗនេះក៏មានការបែកធ្លាយ ព័ត៌មានថា អាមេរិកបានឡើងគម្រោងកម្ទេចមូលដ្ឋាននុយក្លេអ៊ែរអីុរ៉ង់ នៅខែសីហាខាង មុខនេះ ។ ប៉ុន្តែគម្រោងវាយប្រហារនោះត្រូវបានប្រទេសជាសម្ពន្ធមិត្តទាត់ចោល ។ ការដែលមិនមានសម្ពន្ធមិត្តគាំទ្រ អាមេរិក ក៏មិនហានធ្វើអ្វីតែម្នាក់ឯងនោះ។ ជាក់ស្តែងដូចជាការវាយប្រហារក្រុមភេរវកម្មនៅក្នុងប្រទេសស៊ីរីជាដើម អាមេរិកបានកៀរគរ សម្ពន្ធមិត្តជាច្រើនឲ្យចូលរួមទើបអាច សម្រេចចាប់ផ្តើមវាយប្រហារ ។

សារព័ត៌មាន ABC ដោយផ្អែកលើប្រភពពីមន្ត្រីរដ្ឋាភិបាលអូស្ត្រាលី បានរាយ ការណ៍ថា សហរដ្ឋអាមេរិកទំនងជាអាច នឹងបើកការវាយប្រហារលើទីតាំងនុយក្លេអ៊ែររបស់អុីរ៉ង់ នៅខែសីហាខាងមុខនេះ។ ប៉ុន្តែសេចក្ដីរាយការណ៍នេះត្រូវបានច្រានចោល ដោយនាយករដ្ឋមន្ត្រីអូស្ត្រាលី។

យោងតាម ABC បានបញ្ជាក់ថា ប្រព័ន្ធ ការពារអូស្ត្រាលី រួមទាំងទីភ្នាក់ស៊ើបការណ៍សម្ងាត់អង់គ្លេស ក៏អាចនឹងចូលរួមក្នុងការជួយកំណត់គោលដៅ វាយប្រហារ នៅលើទឹកដីអុីរ៉ង់ផងដែរ។ តែយ៉ាងណា ក៏ដោយ នៅថ្ងៃសុក្រកន្លងមកនេះនាយក រដ្ឋមន្ត្រីអូស្ត្រាលីលោក ម៉ាល់ខូម ធើនប៊ូល (Malcolm Turnbull) បានចេញមុខអះ អាងថាគ្មានហេតុផលណាមួយ ដែលឱ្យ លោកជឿថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បញ្ជាឱ្យកងទ័ពអាមេរិកបើកការវាយប្រហារលើអុីរ៉ង់នោះទេ។

«នៅថ្ងៃនេះខ្ញុំបានឃើញសេចក្ដីរាយការណ៍មួយ នៅលើកញ្ចក់ទូរទស្សន៍ ABC ដែលបញ្ជាក់ថា ទទួលបានពីមន្ត្រីកំពូល អូស្រ្តាលី… ប៉ុន្តែវាគ្រាន់តែជាពាក្យចចាមអារ៉ាម និងជាការទទួលបានប្រភពមិន បញ្ចេញឈ្មោះតែប៉ុណ្ណោះ»។ នេះជាការ គូសបញ្ជាក់របស់លោក Malcolm Turnbull។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែ កក្កដា លោក ដូណាល់ ត្រាំ បានព្រមាន អុីរ៉ង់កុំឱ្យគំរាមសហរដ្ឋអាមេរិកតទៅទៀត បើចង់សុខខ្លួន ហើយការព្រមាននេះទៀត សោត គឺកើតមានឡើងក្រោយប្រធានាធិបតីអុីរ៉ង់លោក ហាស្សាន់ រូហានី ព្រមានថាសង្រ្គាមជាមួយអុីរ៉ង់គឺជាមេនៃសង្រ្គាម ទាំងអស់ ដូច្នេះទីក្រុងវ៉ាស៊ីនតោន មិនគួរ លេងជាមួយកន្ទុយតោនោះទេ។

កន្លងមកថ្មីៗមេទ័ពអីុរ៉ង់ លោកQassem Soleimani បាននិយាយថា ប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ បានប្រើប្រាស់ ភាសានិយាយស្ដីដូចជា «អ្នកនៅក្នុងវង់ ល្បែងស៊ីសង»។ មិនតែប៉ុណ្ណោះមេបញ្ជាការរូបនេះក៏បានព្រមានដែរថា បើសិនជាសហរដ្ឋអាមេរិកបើកការវាយប្រហារណាមួយលើអុីរ៉ង់ នោះអុីរ៉ង់នឹងបំផ្លាញគ្រប់យ៉ាងដែលសហរដ្ឋអាមេរិកកំពុងមាន។

លោក Soleimani ធ្វើការកត់សម្គាល់ បែបនេះ នៅក្នុងសុន្ទរកថាមួយថ្លែងទៅ កាន់កងទ័ពអុីរ៉ង់។ ថ្លែងនាឱកាសនោះ មេបញ្ជាការកងទ័ពពិសេសអុីរ៉ង់រូបនេះបាន គូសបញ្ជាក់យ៉ាងដូច្នេះថា «យើងនៅក្បែរ អ្នក (សហរដ្ឋអាមេរិក) ជាកន្លែងដែលអ្នកមិនអាចនឹងស្មានដល់។ សាកមើលទៅ យើងបានត្រៀមខ្លួនរួចហើយ… បើអ្នកហ៊ាន តែផ្ដើមសង្រ្គាមណាមួយ នោះយើងនឹង បញ្ចប់សង្រ្គាមនេះ។ អ្នក ដឹងយ៉ាងច្បាស់ ថា សង្រ្គាមនេះនឹងបំផ្លាញអ្វីគ្រប់យ៉ាង ដែលអ្នកកំពុងមាន»។

គួរជម្រាបថា ភាពតានតឹងរវាងអុីរ៉ង់ នឹងសហរដ្ឋអាមេរិកបានផ្ទុះឡើងបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន ព្រមានដាក់ទណ្ឌកម្ម សេដ្ឋកិច្ច លើវិស័យប្រេងអុីរ៉ង់ តាមរយៈ ការប្រមូលផ្ដុំសម្ពន្ធមិត្តរបស់ខ្លួន កុំឱ្យ ទិញប្រេងពីអុីរ៉ង់។

ជាមួយគ្នានេះសង្គ្រាមពាក្យសម្តីរវាងប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ នឹង ប្រធានាធិបតីអុីរ៉ង់ ក៏មានសភាពក្តៅគគុក ដែរ។ លោក ដូណាល់ ត្រាំ ថា អុីរ៉ង់នឹង ទទួលរងផលលំបាកទុក្ខវេទនាមិនធ្លាប់មាន បើចង់សាកជាមួយអាមេរិក។ នេះជា ចម្លើយនឹងការព្រមានរបស់លោក រូហានី ដែលបានព្រលយពាក្យថា កុំចង់លេង កន្ទុយតោ។

លោក ដូណាល់ ត្រាំ សរសេរតាម Twitter ថា «កុំចង់មកគំរាមកំហែងអាមេ រិកឲ្យសោះ បើមិនដូច្នេះទេ អ្នកឯងនឹង ទទួលផលវិបាកដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ យើងអាមេរិក! យើង មិនមែនជាប្រទេសដែលចាំតែឈរស្តាប់ពាក្យសម្តីប្រមាថសម្លាប់ និងការគំរាម កំហែងយ៉ាងហិង្សាបានទេ»។ នេះជាចម្លើយរបស់ប្រមុខរដ្ឋអាមេរិក តបទៅនឹងការ ព្រមានរបស់ប្រធានាធិបតីអុីរ៉ង់ កាលពី ថ្ងៃសៅរ៍ ទី២១ ខែកក្កដា កន្លងទៅ។ លោកប្រធានាធិបតីអុីរ៉ង់ ហាស្សាន់ រូហានី បានព្រមានតាមកាសែតក្នុងស្រុករបស់ខ្លួនថា «បើអាមេរិកចង់បានសុខសាន្តជាសន្តិភាពជាមួយអុីរ៉ង់ នោះគឺនឹងមានសន្តិភាព គ្រប់គ្នា តែបើអាមេរិកចង់ធ្វើសង្គ្រាមជា មួយអុីរ៉ង់ នេះគឺជាប្រភពនៃសង្គ្រាមគ្រប់ ទីកន្លែង។ ហេតុនេះ កុំចង់លេងកន្ទុយ តោ»។

សូមជ្រៀបថា អាមេរិកនិងអុីរ៉ង់ រឹងរឹតតែឈ្លោះពាក្យសម្តីគ្នាខ្លាំង នៅក្នុង អាណត្តិការងាររបស់លោក ត្រាំ។ អាមេរិក បានសម្រេចដកខ្លួន ដើរចេញពីកិច្ចព្រមព្រៀងរបស់អង្គការសហប្រជាជាតិ ស្តីពី គម្រោងថាមពលនុយក្លែអ៊ែរអុីរ៉ង់ ហើយ កាលពីចុងឆ្នាំ២០១៧កន្លងទៅនេះ គឺនៅពេលដែលមានចលនាបាតុកម្មនៅទូទាំងប្រទេសអុីរ៉ង់, លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសជំរុញឲ្យពលរដ្ឋអុីរ៉ង់ងើបឈរ នាំគ្នាផ្លាស់ប្តូររបដឹកនាំអុីរ៉ង់ទៀតផង។ មិនតែប៉ុណ្ណោះ អាមេរិករបស់ លោក ត្រាំ បានដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាបន្តបន្ទាប់លើអុីរ៉ង់ ហើយថែមទាំងបាន អំពាវនាវឲ្យប្រទេសដទៃ ឈប់ ទិញប្រេង ពីអុីរ៉ង់ថែមទៀត។

ទាំងនេះ គឺជាការមិនអាចទទួលយក បានទាល់តែសោះ សម្រាប់ថ្នាក់ដឹកនាំអុីរ៉ង់ ហើយកាលពីថ្ងៃសៅរ៍កន្លងទៅដែរ ថ្នាក់ដឹក នាំកំពូលអុីរ៉ង់ បានលើកឡើងថា ការចរចា ឬការចុះហត្ថលេខាអ្វីណាក៏ដោយ ជាមួយ អាមេរិក គឺជារឿងមិនបានការឡើយ៕ ម៉ែវ សាធី


ចែករំលែក៖