លោក Nilos Toskas រដ្ឋមន្ត្រីក្រសួង ការពារជនស៊ីវិលក្រិកបានបញ្ជាក់ថា នៅពេលនេះមានភស្តុតាងសំខាន់ៗជាច្រើន បង្ហាញឲ្យឃើញថា ភ្លើងឆេះព្រៃសម្លាប់ មនុស្ស ដល់ទៅ៨៣នាក់ នៅជិតទីក្រុង អាថែនប្រទេសក្រិក គឺចាប់ផ្តើមឡើង ដោយចេតនា។
សារព័ត៌មាន BBC បានផ្សាយថា គ្រោះអគ្គិភ័យចាប់ផ្តើមឆាបឆេះនៅថ្ងៃទី ២៣ ខែកក្កដា ហើយរាលដាលយ៉ាងឆាប់ រហ័សទៅកាន់បណ្តាភូមិនៅឆ្នេរសមុទ្រ ដែលជាតំបន់ទេសចរណ៍ដ៏ល្បី។ គ្រោះ អគ្គិភ័យនោះបានសម្លាប់មនុស្សដល់ទៅ៨៣នាក់និង រងរបួសជាច្រើន ។នៅពេល នេះមានពលរដ្ឋ ៦០នាក់កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យនៅឡើយ ។ក្រៅពីនេះនៅមានរាប់សិបនាក់ទៀតបាត់ខ្លួនមិនទាន់រកឃើញនៅឡើយទេ។
ជនរងគ្រោះភាគច្រើនត្រូវបានរកឃើញនៅតំបន់ភ្នំស្ថិតនៅស្រុក Mati ជាប់ឆ្នេរ សមុទ្រជាតំបន់រងគ្រោះខ្លាំងបំផុត ដោយ ភ្លើងឆេះព្រៃ។ លោក Nikos Toskas បានបញ្ជាក់នៅក្នុងសន្និសីទកាសែតថា «យើងមានតម្រុយសំខាន់ៗជាច្រើនបង្ហាញឲ្យឃើញថា គ្រោះថ្នាក់ខាងលើ អាចមានចេតនានៅក្នុងការបង្កឲ្យមានអគ្គិភ័យឡោម ព័ទ្ធ។ លោកបានឲ្យដឹងថា ប៉ូលិសបាន សួរចម្លើយ ដោយទទួលបាននូវព័ត៌មាន សំខាន់។
ប៉ូលិសបានបើកការស្រាវជ្រាវ ថាតើ អណ្តាតភ្លើងឆាបឆេះបានដោយវិធីណា ពី៣កន្លែងផ្សេងគ្នា ក្នុងពេលតែមួយ ហើយ ក្នុងថ្ងៃតែមួយមាន អណ្តាតភ្លើងឆាបឆេះនៅតំបន់ភាគខាងលិច ទីក្រុងអាតែន ។
ទទឹមនឹងនោះ ជាមួយគ្នានោះដែរ លោក Vagelis Bournos មន្ត្រីជាន់ខ្ពស់នៅក្នុងតំបន់ក៏បានទទួលស្គាល់ថា គ្រោះអគ្គិភ័យខាងលើ បង្កឡើងដោយមនុស្ស ក៏ដូចជាប្រព័ន្ធ ប្រកាសអាសន្នទន់ខ្សោយ ព្រមទាំងសហការធ្វើសកម្មភាពមិនបានល្អ ទើប ឈាន ដល់ សោកនាដកម្មលើសពីការស្មាន។ មួយវិញទៀតពលរដ្ឋមិនសហការ ស្តាប់តាមបទបញ្ចជាឲ្យជម្លៀសទៅកាន់តំបន់សុវត្ថិភាព ដោយពលរដ្ឋសម្រេចនៅការពារផ្ទះ របស់ខ្លួន។
អាជ្ញាធរក្រិកបានប្រកាសកាន់ទុក្ខរយៈពេល ៣ថ្ងៃ ខណៈចំនួនអ្នកស្លាប់ដោយសារភ្លើងឆេះព្រៃនៅឯតំបន់ Attica ស្ថិតនៅក្បែរទីក្រុងអាថែនបានកើនឡើងជា បន្តបន្ទាប់។ ភ្លើងឆេះព្រៃបានកើតឡើង តាំងតែពីរសៀលថ្ងៃចន្ទមកម៉្លេះ ដោយវា បានបង្ខំឱ្យមនុស្សរាប់ពាន់ អ្នកត្រូវបង្ខំចិត្តចាកចេញពីផ្ទះសម្បែងរបស់ខ្លួន ព្រមទាំងបំផ្លាញទ្រព្យសម្បត្តិអស់ជាច្រើនផងដែរ។ មួយវិញទៀតអាជ្ញាធរក្រិក បានក្រើនរំលឹក ឱ្យប្រជាជននៅ ក្បែរតំបន់រងគ្រោះមាន ការប្រុងប្រយ័ត្នខ្ពស់ ដោយហេតុថា សីតុណ្ហភាពបានកើនដល់ ៤០អង្សាសេ ស្របពេលក្រុមអ្នកពន្លត់ អគ្គិភ័យរាប់រយនាក់កំពុងតស៊ូប្រយុទ្ធ នឹងភ្លើងឆេះព្រៃដ៏ អាក្រក់បំផុត នៅក្នុងប្រទេសក្រិកអស់ រយៈពេលរាប់ទសវត្សរ៍មកនេះ។
ភ្លើងឆេះព្រៃនៅអាមេរិក
ចំណែកនៅរដ្ឋកាលីហ្វ័រនីញ៉ាអាមេរិកវិញ អភិបាលរដ្ឋកាលីហ្វ័នីញ៉ាលោក ជើរី ប្រោន (Jerry Brown) បានប្រកាសដាក់តំបន់ចំនួនពីររបស់រដ្ឋ ទៅក្នុងគ្រាអាសន្ន (State of Emergency) នៅភាគខាងត្បូង កាលីហ្វរនីញ៉ា ដោយសារតែការរីករាល ដាលយ៉ាងឆាប់រហ័ស នៃគ្រោះមហន្តរាយ ភ្លើងឆេះព្រៃ ក្នុងរដ្ឋភាគខាងលិចរបស់ សហរដ្ឋអាមេរិកមួយនេះ។
តំបន់ដែលត្រូវលោក Brown ដាក់ ក្រោមគ្រាអាសន្នរួមមាន រីវើសាយដ៍ (Riverside) និង ហ្សាស្តា(Shasta) ដោយ សារតែឥទ្ធិពលនៃភ្លើងឆេះព្រៃ ដែលគេ ដាក់ឈ្មោះឲ្យថា ក្រេនស្តុន (Cranston) និងខារ (Carr) ដែលបានដុតបំផ្លាញ លំនៅឋាន និងសំណង់អគារផ្សេងជាច្រើន ខ្នង ព្រមទាំងបង្កការគំរាមកំហែងដល់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងបង្ខំឲ្យ មានការជម្លៀសមនុស្សថែមទៀត។
គួរជម្រាបថា ភ្លើងឆេះព្រៃ Cranston បានកើតឡើងកាលពីរសៀលថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅភាគខាងលិចអាមេ រិក) នៅជួរភ្នំ សាន់ហ្សាស៊ីនតូ (San Jacinto) ក្នុងតំបន់ Riverside ចម្ងាយ ប្រហែល ១៤៤គីឡូម៉ែត្រ ភាគខាងកើត ក្រុងឡូសអាន់ជេលឡេស (Los Angeles) និងបានឆាបឆេះផ្ទៃដីទំហំជិត ២,០០០ ហិកតា ហើយមកទល់ពេលនេះមានការ ពន្លត់ទប់ស្កាត់មិនដល់ ១០ភាគរយ ឡើយ។ ជាមួយគ្នានេះ ប្រជាជនអាមេរិក ក្នុងតំបន់យ៉ាងតិច ៣,០០០នាក់ ត្រូវបានជម្លៀសខ្លួនចេញពីលំនៅឋានប្រមាណជាង ២,០០០ខ្នង។
ចំណែកឯភ្លើងឆេះព្រៃ Carr បានឆាប ឆេះផ្ទៃដីទំហំជិត ៩,០០០ហិកតា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះនៅតំបន់ Shasta ហើយត្រូវបានក្រុមភ្នាក់ងារពន្លត់អគ្គិភ័យទប់ស្កាត់បានត្រឹម ១០ភាគរយប៉ុណ្ណោះ។ បើតាមលោក Brown កម្រិតសីតុណ្ហភាព ក្តៅខ្លាំង បូករួមជាមួយភាពហួតហែង និង ខ្យល់បក់ខុសប្រក្រតី បានកាន់តែធ្វើឲ្យ មហន្តរាយភ្លើងឆេះព្រៃនេះ រីករាតត្បាត ឡើងយ៉ាងខ្លាំងថែមទៀត៕ ម៉ែវ សាធី