ព័ត៌មានទាន់ហេតុការណ៍៖

អង្គការសហប្រជាជាតិកំពុងប្រឈមនឹងវិបត្តិកង្វះថវិកាដើម្បីដំណើរការ

ចែករំលែក៖

ក្រោយពេលលោកត្រាំឡើងកាន់ តំណែងប្រធានាធិបតីអាមេរិក ក៏បាន សម្រេចកាត់បន្ថយប្រាក់ឧបត្ថម្ភដល់អង្គការសហប្រជាជាតិ ដោយអាមេរិកចាត់ទុកថាអង្គការកំពូលមួយនេះធ្វើការគ្មានប្រសិទ្ធភាព ។ ពេលនេះអង្គការសហប្រជាជាតិ កំពុងប្រឈមនូវកង្វះថវិកាយ៉ាងខ្លាំងដើម្បីបន្តដំណើរការ ។

សារព័ត៌មានស៊ីនហួ បានដកស្រង់សម្តី អ្នកនាំពាក្យ អគ្គលេខាធិការ សហប្រជាជាតិនៅថ្ងៃទី២៧ខែកក្កដានេះបានបញ្ជាក់ថា អង្គការសហប្រជាជាតិ(UN)បានជំរុញឱ្យបណ្ដាប្រទេសជាសមាជិកទាំងអស់ បង់ប្រាក់កាតព្វកិច្ចរបស់ខ្លួនក្នុងនាមជាសមាជិក ខណៈអង្គការពិភពលោកមួយនេះ កំពុងប្រឈមមុខនឹងកង្វះថវិកា។

យោងតាមអ្នកនាំពាក្យអគ្គលេខាធិការ UN លោក ស្ទេហ្វិន ឌូហ្សារិច (Stephane Dujarric) ឲ្យដឹងថាមានតែប្រទេសចំនួន១១២ប៉ុណ្ណោះ ក្នុងចំណោម១៩៣ ប្រទេស ដែលជាសមាជិក UN បានបង់ប្រាក់កាត ព្វកិច្ចរបស់ខ្លួនហើយលោកថា បញ្ហាកង្វះថវិកានេះកំពុងកើតឡើងនៅក្នុងឆ្នាំ២០១៨ នេះតែម្តង។

សហរដ្ឋអាមេរិកដែលជាអ្នកផ្ដល់ថវិកាច្រើនជាងគេរបស់ UN មិនបានបង់ប្រាក់កាតព្វកិច្ចរបស់ខ្លួនទៀតឡើយ ប៉ុន្តែលោក Dujarric បាននិយាយថា UN មិនចង់ ចង្អុលម្រាមដៃដាក់ប្រទេសណាមួយនោះទេ ពីព្រោះប្រទេសនីមួយៗមានសារពើ ពន្ធប្រចាំឆ្នាំផ្សេងៗពីគ្នា។

គួរបញ្ជាក់ថា បើតាមលោក Stephane Dujarric កញ្ចប់ថវិកា UN សម្រាប់២០១៨ និង២០១៩ មានប្រហែល ៥,៤ពាន់លាន ដុល្លារ។ រីឯសហរដ្ឋអាមេរិក គឺជាប្រទេសចូលរួមវិភាគទានធំជាងគេបំផុត បន្ទាប់មក ជប៉ុន ចិន អាល្លឺម៉ង់ បារាំង និងអង់គ្លេស ហើយការចូលរួមចំណែករបស់ប្រទេសទាំង៦នេះស្មើនឹងថវិកាច្រើនជាងពាក់កណ្ដាលនៃកញ្ចប់ថវិកា UN៕ ម៉ែវ សាធី


ចែករំលែក៖