ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរស្រុកកោះញែកឃុបឃិត​ទិញ លក់ដីព្រៃបង្កឲ្យមានបទល្មើស

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ ប៉ុន្មានថ្ងៃចុងក្រោយនេះមានលេចឮព័ត៌មាន​ស្តីពីការកាប់បំផ្លាញព្រៃឈើនៅតំបន់របៀងដែនជម្រកសត្វព្រៃភ្នំព្រេច ស្ថិតក្នុងស្រុកកោះញែក និងមួយផ្នែកជាប់ស្រុក​លំផាត់ ខេត្តរតនគិរី ។ ការកាប់បំផ្លាញឈូសឆាយព្រៃ​ដែលមានទ្រង់ទ្រាយធំ​អស់រយៈពេលជាង២ខែមកនេះ មានទំហំប្រហែល១ពាន់ហិកតា ។ ប្រជាសហគមន៍នៅក្នុងតំបន់នោះអះអាងថា ដោយសារតែការទិញ លក់ដីព្រៃ មានការទទួលស្គាល់ពីអាជ្ញាធរស្រុកកោះញែក ទើបមន្ត្រីជំនាញ​មិនហ៊ានប៉ះពាល់ ។ នៅពេលដែលរឿងនេះ​ត្រូវបាន​បែកធ្លាយ​ក្រុមមន្ត្រីជំនាញ និង​អាជ្ញាធរដែនដីរុញដាក់គ្នាទៅវិញទៅមក ។

ប្រភពពីប្រជាសហគមន៍ភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក បានឲ្យដឹងថា គេឃើញគ្រឿងចក្រធុនធំជាច្រើន​កំពុងធ្វើសកម្មភាព​នៅ​ត្រង់ចំណុចអូរតាំហច ស្ថិតក្នុងភូមិរយ៉លើ និងតំបន់ត្រពាំងតាទូត, ត្រពាំងទឹកល្អក់ ស្ថិតក្នុងភូមិរវាត់…​បានធ្វើសកម្មភាពឈូសឆាយដីព្រៃ​​ និងកន្លែងខ្លះកំពុងអារផ្តួលដើមឈើ​ បើទោះបីជា​គេដឹងថា ដីនៅតំបន់នោះជាព្រៃឈើ​បម្រុងទុករបស់រដ្ឋក៏ដោយ ។ ប្រជាសហគមន៍និយាយថា សកម្មភាពនៃការឈូសឆាយកាប់បំផ្លាញ​ដោយសារតែមានចរន្តនៃការទិញ លក់ដីព្រៃនៅតំបន់នោះ ហើយអាជ្ញាធរស្រុក គឺជាអ្នក​ឃុបឃិត​ ឬទទួលស្គាល់ការទិញ លក់ ។

លោក ស៊ិន វណ្ណវុឌ្ឍ អភិបាលស្រុកកោះញែកនិយាយថា «ជុំវិញរឿងដីព្រៃ​ដែលថា មានគេឈូសឆាយនោះ ខ្ញុំមិនបានដឹងទេ ពីព្រោះខ្ញុំទើបមកកាន់ស្រុកកោះញែកថ្មី» ។ យ៉ាងណាក៏ដោយ សកម្មភាព​នៃការកាប់បំផ្លាញ​ និងឈូសឆាយដីព្រៃ​បានកើតឡើងនៅពេលដែលលោកស៊ិន វណ្ណវុឌ្ឍ កំពុងកាន់តំណែងសព្វថ្ងៃនេះ ។ ប៉ុន្តែការ​ទិញ លក់ ក្រោមអំណាចអភិបាលស្រុកដែលទើបចូលកាន់តំណែងថ្មី ឬជំនាន់អភិបាលស្រុកចាស់យ៉ាងណានោះ គេមិនអាចដឹងបានឡើយ ។

បើទោះបីជា​តំបន់នោះស្ថិតក្រោមដែនសមត្ថកិច្ច​របស់​មន្ទីរបរិស្ថានក៏ដោយ ប៉ុន្តែ​ការចុះហត្ថលេខាលើការទិញ-លក់ដីមិនបានឲ្យមានការដឹងឮដល់មន្ត្រីបរិស្ថាននោះឡើយ ។ មន្ត្រីដែនជម្រកសត្វ​ព្រៃភ្នំព្រេចមួយរូបនិយាយថា ដីតំបន់នោះ​លំបាកគ្រប់គ្រង​ ក៏ព្រោះតែ​មានការប្រទាញប្រទង់គ្នា ។ ប៉ុន្តែ​យ៉ាងណាក៏ដោយ ការឈូសឆាយដីព្រៃ​ដោយ​សារតែមានការទិញ-លក់តៗគ្នា ហើយការទិញ លក់នោះទៀតសោត មានការទទួលស្គាល់ពីអាជ្ញាធរដែនដីរហូតដល់​ថ្នាក់ស្រុកឯណោះ ។ យ៉ាងណាក៏ដោយ លោកស្នើឲ្យអាជ្ញាធរថ្នាក់ខេត្ត​ចាត់វិធានការ​ចំពោះ​អ្នកដែលចុះតែទទួលស្គាល់​ការទិញ​ លក់ នេះ ។

សកម្មភាពនៃការឈូសឆាយដីព្រៃ​បាននិងកំពុងធ្វើ​ឲ្យ​មានការចាប់អារម្មណ៍ខ្លាំងពី​ក្រុមអង្គការសង្គមស៊ីវិល ។ គេកំពុងរង់ចាំមើលថា តើអាជ្ញាធរខេត្តមណ្ឌលគិរីអាចចាត់វិធានការយ៉ាងណាចំពោះមន្ត្រីក្រោមដែនសមត្ថកិច្ចរបស់ខ្លួន(អាជ្ញាធស្រុក) ដែលជាដើមភ្លើងនាំឲ្យមានការឈូសឆាយដីព្រៃនេះ ។ ប្រសិនបើគ្មានការទទួលស្គាល់ពី​អាជ្ញាធរនោះទេ ក៏គ្មានចរន្តនៃការទិញ-លក់អ្វីដែរ ហើយបើគ្មានការទិញ-លក់ ក៏គ្មានការកាប់បំផ្លាញ​ និង​ឈូសឆាយនោះដែរ ៕ ហេង សូរិយា


ចែករំលែក៖