ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានណែនាំ អោយប្រធានគ្រប់គ្រងផ្សារទួលទំពូង និងអភិបាលខណ្ឌចំការមន ត្រូវតែរៀបចំសណ្តាប់ធ្នាប់ ទាំងក្នុង និងក្រៅផ្សារទួលទំពូង អោយបានកាន់តែល្អប្រសើរឡើងថែមទៀត ខណៈផ្សារមួយនេះឃើញថា មិនទាន់មានសណ្តាប់ធ្នាប់ បានល្អប្រសើរឡើង មួយកំរិតទៀត ។
ការណែនាំបែបនេះ ខណៈ លោក ឃួង ស្រេង បានដឹកនាំមន្ត្រីក្រោមឱវាទ និងអភិបាលខណ្ឌចំការមន ចុះពិនិត្យស្ថានភាព ការលក់ដូរ អាជីវករ និងសាកសួរសុខទុក និងពិនិត្យមើលសណ្តាប់ធ្នាប់ សាធារណៈ និងរបៀបរៀបរយ នៅក្នុងផ្សារទួលទំពូងអោយកាន់តែល្អប្រសើឡើង ។ ពិធីចុះពិនិត្យនេះ បានប្រព្រឹត្ដទៅកាលពីថ្ងៃសុក្រ ១៤រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ ។
ក្នុងឱកាសនោះ លោក ឃួង ស្រេង បានបញ្ជាអោយលោកចំរើន សុខលីម ប្រធានគ្រប់គ្រង ផ្សារទួលទំពូងត្រូវរៀបចំសណ្តាប់ធ្នាប់សាធារណៈខាងក្នុងផ្សារអោយបានល្អ ពោល គឺត្រូវបើកផ្លូវអោយបានធំទូលាយបន្ដិច ។
ដោយឡែកនៅខាងក្រៅបរិវេនផ្សារវិញ លោក ឃួង ស្រេង ក៏បានជំរុញឲ្យលោកព្រំ សំខាន់ អភិបាលខណ្ឌចំការមន រៀបចំសណ្តាប់ធ្នាប់នៅតាមមុខផ្ទះជុំវិញផ្សារ ពិសេសគឺការជំរុញឲ្យកាត់ទម្លាក់ខ្សែភ្លើង ខ្សែកាបដែល មានសភាពរញ៉េរញ៉ៃ នៅតាមបង្គោលភ្លើងចេញ ដើម្បីឲ្យនៅបរិវេន ជុំវិញផ្សារមានសោភណ្ឌភាព និងសណ្តាប់ធ្នាប់សាធារណៈកាន់តែល្អប្រសើរ ។
លោកចំរើន សុខលីម បានឲ្យដឹងដែរថា៖ ផ្សារទួលទំពូងមានតូបលក់ដូរចំនួន១៣៧៤តូប ហើយតូបលក់ដូរភាគច្រើន គឺលក់វត្ថុអនុស្សាវរីយដែលមានរចនាបទខ្មែរបុរាណ លក់គ្រឿង បន្លាស់ម៉ូតូ រួម និងតូបលក់ខោអាវមួយចំនួនផងដែរ។ ចំពោះបញ្ហាសណ្តាប់ធ្នាប់បរបៀបរៀបរយនៅក្នុង និងក្រៅផ្សារ គណៈកម្មការផ្សារបានរៀបចំបានល្អមួយកំរិតហើយ ក្នុងនោះ ក្នុងមួយសប្តាហ៍យើងក៏បានបាញ់ទឹកលាងផ្សារចំនួន២ដងជាប្រចាំផងដែរ ៕ សំរិត