ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានក្រុមការងារថ្នាក់ពង្រឹងឃុំដូង ដឹកនាំក្រុមការងារ គណបក្សប្រជាជន ចុះជួបសំណេះសំណាលនិងថ្លែងអំណរគុណដល់ប្រជាពលរដ្ឋនៅឃុំដូងស្រុករមាសហែកក្រោយបោះឆ្នោត​ជូនគណបក្សប្រជាជន ទទួលជ័យជម្នះ ភ្លូកទឹកភ្លូកដី

ចែករំលែក៖

ខេត្តស្វាយរៀង: លោក ហុង វិណុល អនុប្រធានក្រុមការងារថ្នាក់ពង្រឹងស្រុករមាសហែក និងជាប្រធានថ្នាក់ពង្រឹងឃុំដូង នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ បានដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាល និងថ្លែងអំណរគុណ ដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាឃុំដូង ស្រុករមាសហែក ប្រមាណជាង១ពាន់នាក់ ស្ថិតនៅក្នុងវត្តជាធាច ។

ក្នុងឱកាសនោះ លោកហុង វិណុល ប្រធានថ្នាក់ពង្រឹងឃុំដូង បានផ្ដាំផ្ញើ សាកសួរសុខទុក្ខ និងនឹករលឹក យ៉ាងខ្លាំង ពីសំណាក់លោក សៅ សុខា អនុប្រធានថ្នាក់ពង្រឹងខេត្តស្វាយរៀង និងជាប្រធានថ្នាក់ពង្រឹងស្រុករមាសហែក ដល់ដល់បងប្អូនប្រជាពលរដ្ឋ សមាជិក សមាជិការបក្សទាំងអស់ និងថ្លែងអំណរគុណ  ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងឃុំដូង ឈ្នះយ៉ាងច្រើនភ្លូកទឹកភ្លូកដី ហើយក៏សូមឱ្យសមាជិកសមាជិកា បន្តគាំទ្រគណបក្សប្រជាជនកម្ពុជា គ្រប់អាណត្តិបន្តទៀត ជាពិសេសគាំទ្រសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី ។

លោក ហុង វិណុល បានប្រាប់សមាជិកបក្សថា គណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជម្នះហើយ យុទ្ធនាការដេកផ្ទះ ឈ្នះឯង ម្រាមដៃស្អាតរបស់ក្រុមអតីតគណបក្សប្រឆាំង ត្រូវបរាជ័យទាំងស្រុង ។

លោក ក៏ បានបញ្ជាក់ប្រាប់សមាជិកបក្សទៀតថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦នេះ មានប្រជាពលរដ្ឋទៅបោះឆ្នោតជាង៨៣ភាគរយ ដូច្នេះការបោះឆ្នោតនេះបានបង្ហាញថា ប្រជាពលរដ្ឋមិនបានជឿតាមការញុះញង់របស់ក្រុមអគតិមួយចំនួននោះឡើយ គឺពួកយើងម្នាក់ៗបានបំពេញកាតព្វកិច្ចជាពលរដ្ឋ ហើយបានបោះឆ្នោតជូនគណបក្សប្រជាជន តួយ៉ាងដូចជាខេត្តស្វាយរៀង គណបក្សប្រជាជនយើងទទួលបាន៥អាសនៈ លើ៥អាសនៈ ។

បន្ទាប់មកលោកក៏បានបន្តទៀតថា ចាប់ពេលនេះតទៅនៅអាណត្តិទី៦រាជរដ្ឋាភិបាល និងបន្តការងារអភិវឌ្ឍប្រទេស ឱ្យមានភាពរីកចម្រើនគ្រប់វិស័យ ជាពិសេសផ្តោតសំខាន់ទៅលើវិស័យទឹក ភ្លើង ផ្លូវ ធនធានមនុស្ស មួយវិញទៀតបង្កើនការវិនិយោគបន្ថែមទៀតដើម្បីស្រូបយកកម្មករ កម្មការិនីឱ្យមានការងារធ្វើកាន់តែច្រើនឡើង ក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋផងដែរ ៕ យឹម សុថាន

 

 

 


ចែករំលែក៖