អង្គការសហប្រជាជាតិនៅតែបង្ហាញពីក្តីបារម្ភ ពីសកម្មភាពវាយប្រហារភេរវកម្ម បង្កឡើយដោយក្រុម IS កាន់តែខ្លាំង ឡើង នៅក្នុងទឹកដីស៊ីរី និងអីរ៉ងខណៈដែលក្រុមភេរវកម្ម បានលាក់ខ្លួន បន្លំជាមួយពលរដ្ឋស្លូតត្រង់ រស់នៅក្នុងប្រទេសទាំងនោះ ។ ក្តីបារម្ភកាន់តែខ្លាំងកើតឡើងក្រោយពេលឃ្លាំងអាវុធ របស់ក្រុម IS បានផ្ទះ សម្លាប់មនុស្សជាច្រើននាពេលកន្លងមក។
ប្រភពព័ត៌មានបានឲ្យដឹង ថា អាចនឹងមានឃ្លាំងអាវុធក្រុមភេរវកម្ម IS ជាច្រើននៅក្នុងប្រទេសស៊ីរី ដោយឃ្លាំងអាវុធទាំងនោះលាក់ទុកនៅក្នុងផ្ទះពលរដ្ឋធម្មតា ពិបាកនៅក្នុងការស្វែងរក។
តាមរបាយការរបស់អង្គការសហប្រជាជាតិ ដែលបានប្រកាស នៅថ្ងៃទី ១៤ខែសីហានេះថា បច្ចុប្បន្ន នៅមានខ្មាន់កាំភ្លើងក្រុមIS ប្រមាណ២ ម៉ឺនទៅ៣ ម៉ឺននាក់ លាក់ខ្លួននៅក្នុងប្រទេសអ៊ីរ៉ាក់និងស៊ីរី បើទោះបីក្រុមនេះបានបរាជ័យ បាត់បង់ទឹកដីដែលពួកគេធ្លាប់គ្រប់គ្រងក្តី។
របាយការណ៍របស់អង្គការសហប្រជាជាតិ បានបញ្ចាក់ថាសមាជិកក្រុមIS ប្រមាណជិត ៣ ម៉ឺននាក់បានចែកគ្នាស្មើរនៅក្នុងប្រទេសទាំងពីរ ក្នុងនោះមានទាំងខ្មាន់កាំភ្លើងភេរវកម្មមកពីបរទេសរាប់ពាន់នាក់ផងដែរ ។ ក្រៅពីនេះនៅមានខ្មាន់កាំភ្លើងពី ៣០០០-៤០០០នាក់ នៅក្នុងប្រទេសស៊ីរី ទទួលខុសត្រូវក្នុងការរៀបចំវាយប្រហារឆ្លើងព្រំដែន នៅក្នុងទឹកដីអាហ្វហ្គានិស្ថាន។
តាមតួលេខរបស់អង្គការសហប្រជាជាតិ ក្រុម IS បានបាត់បង់ទីតាំងគ្រប់គ្រង ស្ទើតែទាំងស្រុង ពិសេសគឺក្រោយពេលដែល បានបាត់បង់តំបន់គ្រប់គ្រងចុងក្រោយរបស់ពួកគេនៅទីក្រុង Mosul ប្រទេសអ៊ីរ៉ាក់ និងទីក្រុង Raqqa ប្រទេសស៊ីរី។ ប៉ុន្តែក្រុមភេរវកម្មខាងលើនៅតែបន្តបើកការវាយប្រហារ ទៅលើទីតាំងនៅក្នុងប្រទេសស៊ីរី ។ ទទឹមនឹងនោះ ក្រុមIS នៅមានទីតាំងសម្ងាត់ជាច្រើន ក្នុងទឹកដីស៊ីរី។ក្រៅពីនេះ នៅមានឃ្លាំងគ្រាប់ អាវុធជាច្រើនដែលបានលាក់ទុកនៅក្នុងផ្ទះប្រជាជន ដើម្បីធ្វើសកម្មភាពនៅពេលខាងមុខ៕ ម៉ែវ សាធី