ព័ត៌មានទាន់ហេតុការណ៍៖

ក្នុងពេលប្រឈមមុខតានតឹងជាមួយអាមេរិក អ៊ីរ៉ង់បង្ហាញមីស៊ីលថ្មី មានសមត្ថភាពខ្ពស់ បញ្ចៀស ការចាប់បានពីប្រព័ន្ធរ៉ាដា

ចែករំលែក៖

តើអ៊ីរ៉ង់កំពុងតែឌឺដង បញ្ឆេះអាមេរិកឲ្យកាន់តែក្តៅខ្លាំងឬ? ក្នុងពេលដែលអាមេរិកបង្កើនការដាក់ទណ្ឌកម្ម អ៊ីរ៉ង់បែរជាបង្ហាញមីស៊ីលថ្មី មានសមត្ថភាពវាយប្រហារទៅលើគោលដៅខ្ពស់ និងអាច បញ្ចៀសការចាប់បានពីប្រព័ន្ធរ៉ាដាគ្រប់ប្រភេទទៀតផង ។
ប្រព័ន្ធមីស៊ីលថ្មីដែលផលិតដោយបច្ចេកវិទ្យាអ៊ីរ៉ង់ ជាប្រភេទ Fateh ជាប្រភេទមីស៊ីលបំបាំងកាយថ្មី ត្រូវបានកម្លាំងទាហានអ៊ីរ៉ង់ដាក់បង្ហាញជាសាធារណៈ នៅថ្ងៃទី១៣ ខែសីហា ។ លោក Amir Hatami  រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីរ៉ង់បាន បញ្ជាក់ថា កាំជ្រួចមីស៊ីលថ្មីនេះ អាចវាយប្រហារចំគោលដៅខ្ពស់ ដោយគ្មាន អ្វីមករំខានឡើយ ហើយប្រព័ន្ធរ៉ាដា ក៏មិនអាចចាប់បានទៀត ។
លោកAmir Hatami បានបញ្ជាក់ថា «ដូចអ្វីដែលយើងបានសន្យា គឺមិនផ្អាក់ការខិតខំបង្កើនសមត្ថភាព មីស៊ីលការពារនោះឡើយ ហើយការខិតខំរបស់យើងគឺរីកចំរើនជារៀងរាល់ថ្ងៃ»។
កាលពីថ្ងៃទី១០ ខែសីហា អ៊ីរ៉ង់ក៏បានបាញ់សាកល្បងមីស៊ីលប្រឆាំង នាវាចម្បាំង រយៈចម្ងាយខ្លី ក្នុងពេលធ្វើសមយុទ្ធ នៅឈូងសមុទ្រ Hormuz ។
ការបង្ហាញមីស៊ីលជាបន្តបន្ទាប់របស់អ៊ីរ៉ង់កើតឡើង ក្រោយពេលដែលទីក្រុងវ៉ាស៊ីនតោន បានសម្រេចដាក់ទណ្ឌកម្ម ទៅលើអ៊ីរ៉ង់ ។ មិនតែប៉ុណ្ណោះអាមេរិក បានហាមប្រាមប្រទេសផ្សេងទៀត ឲ្យឈប់ទំនាក់ទំនងពាណិជ្ជកម្មជាមួយអ៊ីរ៉ង់  ពិសេសគឺវិស័យប្រេង ។
រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីរ៉ង់ បានប្រកាសថា កម្មវិធីអភីវឌ្ឍន៍បរមាណូរបស់អ៊ីរ៉ង់គឺមិនអាចយកមកពិភាក្សាសនោះឡើយ ហើយអ៊ីរ៉ង់ក៏មិនផ្អាក់កម្មវិធីនេះដែរ ក៏ដូចជាមិនអនុញ្ញាតឲ្យមានការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងអ៊ីរ៉ង់។
បច្ចុប្បន្នអ៊ីរ៉ង់មានមីស៊ីល រយៈចម្ងាយខ្លី ប្រមាណ ១០០០ដើម   ក្នុងនោះមានមីស៊ីល Shahab -3 បាញ់បានចម្ងាយ ២០០០គីឡូម៉ែត្រ ដែលអាចបាញ់ដល់ទឹកដីអីស្រាអែល ៕ ម៉ែវ សាធី

ចែករំលែក៖