នៅថ្ងៃទី១៤ ខែសីហា ចិនបានថ្កោលទោសយ៉ាងខ្លាំង ដល់អាមេរិក ដែលបានសម្តៅទៅលើប្រទេសចិន នៅក្នុងច្បាប់ការពារជាតិថ្មីរបស់អាមេរិកដែលប្រធានាធិបតីត្រាំង ទើបតែចុះហត្ថលេខា។ ការថ្កោលទោសរបស់ចិនកើតឡើង ក្រោយពេលប្រទេសដែលមានសេដ្ឋកិច្ចលំដាប់កំពូលទាំងពីរ ប្រឈមមុខក្នុងវិស័យពាណិជ្ជកម្ម គឺការតម្លើងពន្ធដាក់គ្នាទៅវិញទៅមក។
នៅថ្ងៃទី១៤ ខែសីហានេះ លោកត្រាំ បានចុះហត្ថលេខាលើច្បាប់ផ្តល់សិទ្ធិ ចំណាយសម្រាប់ការពារជាតិ ដែលមានតម្លៃ ៧១៦ពាន់លានដុល្លារសម្រាប់ឆ្នាំ២០១៩។នៅក្នុងច្បាប់នោះបានឲ្យកាត់បន្ថយ កិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន ធំៗរបស់ចិនចំនួនពីរគឺក្រុមហ៊ុនទូរគមនាគមន៍ ZTE និងក្រុមហ៊ុន Huawei ។
រដ្ឋាភិបាលចិនបានបង្ហាញការសោកស្ដាយ និងជំទាស់យ៉ាងខ្លាំងចំពោះការអនុម័តច្បាប់ ស្ដីពីកញ្ចប់ថវិកាយោធាឆ្នាំ២០១៩ ឬគេស្គាល់ជាអក្សរកាត់ថា NDAA របស់សហរដ្ឋអាមេរិក ដែលចំណុចមួយចំនួនមានភាពអវិជ្ជមានមកលើចិន ជាពិសេសគឺចំណុចចែងពី ការធ្វើទំនាក់ទំនាក់ជាមួយកោះតៃវ៉ាន់។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃអង្គារនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លូ កាង (Lu Kang) បានគូសបញ្ជាក់ដូច្នេះថា «ភាគីចិនបានបង្ហាញជាច្រើនលើកមកហើយ ពីគោលជំហររបស់ខ្លួនលើបញ្ហានេះ… ហើយយើងពិតជាសោកស្ដាយ និងជំទាស់យ៉ាង ខ្លាំងចំពោះសហរដ្ឋអាមេរិក ដែលមិនបានអើពើទាល់តែសោះនឹងការជំទាស់របស់ទីក្រុងប៉េកាំង ជុំវិញការអនុម័តច្បាប់ (NDAA) ដែលចំណុចមួយចំនួននៃច្បាប់នេះមានភាពអវិជ្ជមានលើចិន»។
គួរបញ្ជាក់ថា ច្បាប់កញ្ចប់ថវិកាយោធា NDAA ប្រមាណ ៧១៦ពាន់លានដុល្លារ ត្រូវបានប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ចុះហត្ថលេខានៅថ្ងៃចន្ទសប្ដាហ៍នេះ ហើយវាក៏នឹងត្រូវប្រើប្រាស់ផងដែរក្នុងការចំណាយលើវិស័យយោធា និងរួមបញ្ចូលទាំងការត្រួតពិនិត្យឡើងវិញ លើកិច្ចសន្យានាពេលកន្លងមករវាងរដ្ឋាភិបាលអាមេរិកជាមួយក្រុមហ៊ុនចិន ZTE និងក្រុមហ៊ុន Huawei។
សេចក្ដីព្រាងច្បាប់ខាងលើដែលបានក្លាយជាច្បាប់ តាមរយៈការចុះហត្ថលេខារបស់លោក ដូណាល់ ត្រាំ ត្រូវបានក្រុមអ្នកតំណាង រាស្ត្រអាមេរិកមួយចំនួនចង់ប្រើប្រាស់វា ដើម្បីដាក់ទណ្ឌកម្មលើក្រុមហ៊ុន ZTE ជាការពិន័យដោយចោទថា ក្រុមហ៊ុនចិនមួយនេះបានលួចលាក់លក់ផលិតផលរបស់ខ្លួនដោយខុសច្បាប់ឱ្យកូរ៉េខាងជើង និងអ៊ីរ៉ង់។ លើសពីនេះទៅទៀត មេដឹកនាំទីភ្នាក់ងារស៊ើបការណ៍សំងាត់អាមេរិក ក៏បានអះអាងដែរថា ពួកគេមានការព្រួយបារម្ភជាខ្លាំងខ្លាចក្រែងក្រុមហ៊ុន ZTE និងក្រុមហ៊ុន Huawei ក៏ដូចជាក្រុមហ៊ុនចិនមួយចំនួនទៀត លួចស៊ើបការណ៍ ឬផ្ដល់ព័ត៌មានសំងាត់ទាក់ទិននឹងបច្ចេកវិទ្យាអាមេរិកឱ្យរដ្ឋាភិបាល និងគណបក្សកុម្មុយនីស្ដចិន៕ ម៉ែវ សាធី