ភ្នំពេញៈ ជនជាតិវៀតណាមចំនួន១២នាក់ ក្នុងនោះ៧នាក់ប្រើបករាស់ឯកសារក្លែងក្លាយ ត្រូវបានសមត្ថកិច្ចចម្រុះចាប់ខ្លួនបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃពាក់ព័ន្ធករណីចូលមកស្នាក់នៅ និងធ្វើការខុសច្បាប់ក្នុងប្រទេសកម្ពុជា ។
យុទ្ធនាការចុះអនុវត្តនីតិវិធីច្បាប់អន្តោប្រវេសន៍ឲ្យមានប្រសិទ្ធភាពនេះធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ តំបន់និគមន៍ជនវៀតណាមស្នាក់នៅ និងធ្វើការក្នុងសិប្បកម្មអាឈើរ ហាងការហ្វេ ទីតាំងលក់អេតចាយ ផ្ទះសំណាក់ និងផ្ទះជួល ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ដឹកនាំដោយលោកអ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃសហការការជាមួយកម្លាំងសមត្ថកិច្ចមូលដ្ឋាន និងមានការសម្របសម្រួលពីលោកសៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។
លោកកឹម រតនា អធិការរងទទួលកាងារអន្តោប្រវេសន៍នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដែលចូលរួមសហការក្នុងប្រតិបត្តិការនេះបានឲ្យដឹងថា បន្ទាប់ពីទទួលបានពត៍មានកម្លាំចម្រុះបានបើកយុទ្ធនាការចុះមកទីតាំងដែលក្រុមជនជាតិវៀតណាមចូលមកស្នាក់នៅ និងធ្វើការខុសច្បាប់នៅតាមហាងការហ្វេ សិប្បកម្មកែច្នៃឈើ ផ្ទះជួល និងទីតាំទិញលក់អេតចាយ ។ ជាលទ្ធផលកម្លាំចម្រុះឃាត់ខ្លួនចំនួន១២នាក់ ក្នុងនោះ៧នាក់ប្រើប្រាស់ឯកសារក្លែងក្លាយ បន្ទាប់មកជនអន្តោប្រវេសន៍ទាំង១២នាក់ត្រូវបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃដើម្បីបំពេញបែបបទបញ្ជូនខ្លួនជនអន្តោប្រវេសន៍ទាំង១២នាក់ទៅប្រទេសដើមវិញ ៕សណ្តោស