ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បានស្លាប់ភ្លាមៗ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍លើផ្លូវទឹក រវាងកាណូតបុកកាណូត

ចែករំលែក៖

ខេត្តសៀមរាប៖ កាណូត២គ្រឿងបានបុកគ្នាពេញទំហឹងបណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១៩និង០៥ នាទី ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ នៅលើផ្ទៃទឹកក្នុងស្ទឹងសង្កែ ស្ថិតក្នុងភូមិទ្រាយ ឃុំពោធិ៍ទ្រាយ ស្រុកពួក ខេត្តសៀមរាប ។

អធិការនគរបាលស្រុកពួក លោកវរសេនីយ៍ឯក ទេព ពុំសែន បានឲ្យដឹងថា បុរសដែលបានស្លាប់ក្នុងហេតុការណ៍នោះមាន ឈ្មោះសុខ ខេន អាយុ៤១ឆ្នាំ (ស្លាប់) នៅភូមិទ្រាយ ឃុំពោធិទ្រាយ ស្រុកពួក ខេត្តសៀមរាប ។

លោកបានបន្ដថា ករណីនេះគឺមានកាណូតម៉ាកCNC ប្រភេទស្មាច់ ពណ៌ស្លាទុំ បណ្តោយប្រវែង៥,៩០ម៉ែត្រ ម៉ាស៊ីនម៉ាកហ៊ីណូតា ១៨សេស បើកបរដោយឈ្មោះ មាន ភុត ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិទ្រាយ ឃុំពោធិទ្រាយ បានដឹកឈ្មោះ ប៉ែន ភីរុន ភេទប្រុស អាយុ២២ឆ្នាំនៅភូមិជាមួយគ្នា បើកបរទិសដៅពីត្បូងទៅជើង ហើយបានបុកនឹងកាណូតម៉ាកCCC ប្រភេទស្មាច់ ពណ៌ស្លាទុំ បណ្តោយប្រវែង៦,១០ម៉ែត្រ ម៉ាស៊ីនម៉ាកហ៊ីណូតា ១៨សេស បើកបរដោយឈ្មោះសុខ ខេន ភេទប្រុស អាយុ៤១ឆ្នាំ នៅភូមិទ្រាយ ឃុំពោធិទ្រាយ ដឹកកូនឈ្មោះសុខ ចិត្រា ភេទប្រុស អាយុ១១ឆ្នាំ បើកបរទិសដៅពីជើងទៅត្បូង ។

មូលហេតុ គឺអ្នកបើកបរកាណូតទាំង២ បានបើកបរក្នុងល្បឿនលឿន និងគ្មានភ្លើងបំភ្លឺ ទើបបង្កហេតុបែបនេះ ។ ក្រោយពេលកើតហេតុ កម្លាំងផ្នែកជំនាញបានចុះវាស់វែងកន្លែងកើតហេតុ ប្រមូលវត្ថុតាង និងកត់កំណត់ហេតុនិងសុំគោលការណ៍ឃាត់ខ្លួនអ្នកបើកបរកាណូតបង្ក រីឯសាកសពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី


ចែករំលែក៖