ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់កើនឡើង៣៥នាក់ក្នុងគ្រោះថ្នាក់បាក់ស្ពានអាកាសនៅអ៊ីតាលី

ចែករំលែក៖

យ៉ាងហោចណាស់មានមនុស្ស៣៥នាក់ស្លាប់ និង របួសជាច្រើននាក់ និងបាត់ខ្លួនក្នុងគំនរបាក់បែក ក្រោយហេតុការណ៍បាក់ស្ពានអាកាសនៅទីក្រុង Genoa ភាគខាងជើង ប្រទេសអ៊ីតាលី។

តាមការប្រកាសថ្មីបំផុតរបស់មន្ត្រីក្នុងតំបន់បានឲ្យដឹងថា មានអ្នកស្លាប់៣៥នាក់ និងបាត់ខ្លួនជាច្រើន ។ ចំនួនអ្នកស្លាប់នឹងកើនឡើងខ្ពស់ជាបន្តទៀត ដោយសារតែមានអ្នកបាត់ខ្លួនកប់នៅក្រោម ស្ពានបាក់ ។ ក្រុមជួយសង្គ្រោះប្រមាណ២០០នាក់ បានខិតខំធ្វើការទាំងយប់ដើម្បីស្វែងរកអ្នកជាប់ខាងក្នុង។

ក្រៅពីខិតខំស្វែងរកជនរងគ្រោះ មន្ត្រីក្នុងតំបន់បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ពីការបែកធ្លាយសារធាតុហ្គាស ដោយសារតែទីតាំងស្ពានបាក់ខាងលើ នៅជិតរោងចក្រហ្គាស តែម្តង។

ចំនួនអ្នកស្លាប់នឹងកើនឡើងជាបន្តបន្ទាប់ដោយសារតែនៅពេលបាក់ស្ពាន រថយន្តជាច្រើនកំពុងតែធ្វើដំណើរ នៅលើស្ពាន ក៏ដូចជានៅក្រោមស្ពាន ។ នាយករដ្ឋមន្ត្រី អ៊ីតាលី លោក Giuseppe Gonte បានទៅកាន់ទីក្រុង Genoa នៅរសៀលថ្ងៃទី១៤ ខែសីហា ដើម្បីបញ្ជាសកម្មភាពជួយសង្គ្រោះ ។ ក្នុងពេលជាមួយគ្នានោះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អ៊ីតាលី លោក Matteo Salvina បានប្រកាសថា រដ្ឋាភិបាល នឹងបញ្ជូនអ្នកដែលទទួលខុសត្រូវស្ពានខាងលើ មកទទួលទោសមុខច្បាប់ ។

នៅពេលនេះដែរ មូលហេតុបណ្តាលឲ្យបាក់ស្ពានកំពុងតែវិភាគ ។ តាមសារព័ត៌មានអ៊ីតាលី នៅមុនហេតុការណ៍គ្រោះថ្នាក់ស្ពានខាងលើ មានសញ្ញាមិនល្អ ហើយបានព្រមានតាំងពីឆ្នាំ២០១៦ នៅពេលដែល សាស្ត្រាចារ្យ សំណង់មកពីមហាវិទ្យាល័យ Genoa លោក Antonio Brencich បានព្រមានថាស្ពាន Morandi មានចំណុចមួយចំនួន ខុសប្រក្រតី ពិសេសគឺបេតុង បង្គោលស្ពាន។ ប៉ុន្តែការព្រមានខាងលើត្រូវបានមើលរំលង មិនតែប៉ុណ្ណោះ មន្ត្រីក្នុងតំបន់បានចំណាយប្រាក់ ក្នុងការជួសជុល ថែរក្សាស្ពាននេះមានតម្លៃច្រើនជាង ការសាងសង់ថ្មីទៅទៀត។

មេដឹកនាំប្រទេសជាច្រើននៅក្នុងតំបន់អឺរ៉ុប ក្នុងនោះមាន ប្រធានាធិបតីបារាំង អធិការបតីអាល្លឺម៉ង់ បានបង្ហាញពីកិច្ចសហការជាមួយរដ្ឋាភិបាល និងពលរដ្ឋអ៊ីតាលី ក្នុងការជួយដល់ប្រទេសនេះ ក្រោយហេតុការណ៍បាក់ស្ពានដ៏រន្ធត់មួយនេះ ៕


ចែករំលែក៖