គ្រោះទឹកជំនន់បណ្តាលមកពីភ្លៀង ធ្លាក់ខ្លាំងវាយប្រហារ តំបន់ភាគខាងកើត ប្រទេសចិន បំផ្លាញយ៉ាងដំណំ មកទល់ ពេលនេះ មានអ្នកស្លាប់ ដោយគ្រោះទឹក ជំនន់កើនឡើង១៤នាក់ ហើយ និងបំផ្លាញទ្រព្យសម្បត្តិគិតជាទឹកប្រាក់ ប្រមាណជិត១,៥ពាន់លានដុល្លារអាមេរិក។
សារព័ត៌មាន Channel News Asia នៅថៃ្ងទី២៧ខែសីហាបានផ្សាយថា គ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរដែលបង្កឡើងដោយព្យុះទីហ្វុង និងព្យុះត្រូពិច នៅខេត្តសានទុង (Shandong) ភាគខាងកើតប្រទេសចិន បានផ្តាច់ជីវិតមនុស្ស ១៤នាក់ ហើយបង្កការខាតបង់ផ្នែកសេដ្ឋកិច្ចសម្រាប់ខែនេះប្រមាណ ១.៤៧ពាន់លានដុល្លារ។
ជុំវិញគ្រោះមហន្តរាយដ៏អាក្រក់នេះ អាជ្ញាធរខេត្ត Shandong ត្រូវបានប្រជាជន ស្តីបន្ទោសថា ពុំមានសមត្ថភាពចាត់វិធានការឆ្លើយតបបានរហ័សគ្រប់គ្រាន់ ចំពោះការព្រមានពីគ្រោះទឹកជំនន់ និងបរាជ័យ ក្នុងការបង្ហូរទឹកចេញពីទំនប់ទឹកឲ្យទាន់ពេលវេលា។ ជារៀងរាល់ឆ្នាំនៅអំឡុងប៉ុន្មានខែនេះ ប្រទេសចិនតែងត្រូវធ្វើការជម្លៀស ខ្លួនប្រជាជនរាប់សែននាក់នៅតាមតំបន់នានា ដែលងាយនឹងរងគ្រោះទឹកជំនន់ ព្រមទាំងប្រើប្រាស់បណ្តាញទំនប់ទឹកដ៏ទូលំ ទូលាយរបស់ខ្លួន ដើម្បីព្យាយាមគ្រប់គ្រងកម្ពស់ទឹក។
គួរជម្រាបថា កាលពីខែកក្កដាកន្លងទៅ ទន្លេរហូតដល់ ២៤១ខ្សែ នៅក្នុងខេត្តចំនួន ២៤ បានជន់លិច និងបានបណ្តាលឲ្យ ខាតបង់សេដ្ឋកិច្ចចិនជិត៤ពាន់លានដុល្លារ៕ ម៉ែវ សាធី