ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីយោធាមីយ៉ាន់ម៉ា អាចប្រឈមនឹងបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ

ចែករំលែក៖

ក្រោយលទ្ធផលស្រាវជ្រាវអស់រយៈ ពេលជាច្រើនខែកន្លងមក អង្គការសហ ប្រជាជាតិ បានចេញរបាយការណ៍ បង្ហាញ ឲ្យឃើញថា មេដឹកនាំយោធាមីយ៉ាន់ម៉ា នឹងត្រូវប្រឈមមុខនឹងការចោទប្រកាន់ ពីបទឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ សម្លាប់ជនជាតិរ៉ូហ៊ីងយ៉ា។

សារព័ត៌មានរ៉យទ័របានដកស្រង់របាយការណ៍ថ្មីបំផុតរបស់អង្គការសហប្រជា ជាតិដែលបាននិយាយថា ថ្នាក់ដឹកនាំយោធាកំពូលៗរបស់មីយ៉ាន់ម៉ា មួយចំនួនគួរតែត្រូវបានស៊ើបអង្កេតពីបទប្រល័យពូជសាសន៍ លើជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ា នៅក្នុង រដ្ឋ Rakhine រួមទាំងបទ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ នៅក្នុងតំបន់ដទៃទៀត។ របាយការណ៍ខាងលើដែលធ្វើឡើងដោយក្រុមអ្នកស៊ើបអង្កេត អ.ស.ប តាមរយៈការសាកសួរសាក្សីរាប់ពាន់នាក់ ក៏បានថ្កោល ទោស យ៉ាងខ្លាំងផងដែរ ចំពោះហិង្សា ប្រឆាំងនឹងជនជាតិរ៉ូហ៊ីងយ៉ា។ ម្យ៉ាងវិញ ទៀត នៅក្នុងរបាយការណ៍ នេះគេឃើញមានឈ្មោះឧត្ដមសេនីយ៍យោធាមីយ៉ាន់ម៉ាកំពូលៗចំនួន៦រូប ក្នុងនោះរួមមានទាំង ប្រមុខកងទ័ព លោក Ming AungHlaing សុទ្ធតែត្រូវបាន ចោទប្រកាន់ថាជាអ្នក ទទួលខុសត្រូវ និងគួរតែត្រូវបានស៊ើបអង្កេតពីបទប្រល័យពូជសាសន៍លើជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ា។

សូមជម្រាបថា របាយការណ៍ខាងលើ នេះ បានចាត់ទុកថារដ្ឋាភិបាលស៊ីវិល របស់លោកស្រី អុងសាន ស៊ូជី បាន បរាជ័យក្នុងការការពារជនស៊ីវិល និង បណ្ដោយឱ្យមានការស្អប់ខ្ពើមចំពោះជនជាតិរ៉ូហ៊ីងយ៉ា។ អំពើហិង្សាលើជនជាតិ រ៉ូហ៊ីងយ៉ា បានផ្ទុះឡើងកាលពី ខែសីហា ឆ្នាំ២០១៧ បន្ទាប់ពីរដ្ឋាភិបាលចោទថា ក្រុមសកម្មប្រយុទ្ធរ៉ូហ៊ីងយ៉ា បាន វាយ ប្រហារលើកងកម្លាំងសន្តិសុខរដ្ឋាភិបាល ដែលត្រូវបានគេរាយការណ៍ថាបានសម្លាប់ រំលោភបំពានផ្លូវភេទ និងបណ្ដេញជន ជាតិរ៉ូហ៊ីងយ៉ាជាង ៧០០,០០០នាក់ ទៅ កាន់ព្រំដែន បង់ក្លាដែស៕ ម៉ែវ សាធី


ចែករំលែក៖