ភ្នំពេញ៖ អ្នកច្នៃម៉ូតអន្តរជាតិ ល្បីឈ្មោះ លោក Remy Hou គ្រោងនឹងនាំតារាបង្ហាញម៉ូតជនជាតិខ្មែរមួយរូបដើម្បីចេញទៅចូលរួមព្រឹត្តិការណ៍បង្ហាញម៉ូតអន្តរជាតិដ៏ធំមួយនៅសហរដ្ឋអាមេរិក។ លោកថាលោកចង់ឲ្យនារីខ្មែរមានមុខលើឆាកអន្តរជាតិ ដោយស្លៀកសម្លៀកបំពាក់ដែលលោកបានច្នៃដោយផ្ទាល់ដៃ។
លោក Remy Hou ដែលជាកូនខ្មែរធំធាត់នៅលើទឹកដីនៃសហរដ្ឋអាមេរិក ធ្លាប់បានធ្វើឲ្យស្គាល់រួចមកហើយតាមរយៈការចូលរួមបង្កើតព្រឹត្តិការណ៍អស្ចារ្យជាច្រើននៅកម្ពុជា។ លោកបានទម្លាយថានៅថ្ងៃទី១២ខែតុលាខាងមុខនេះលោកនឹងដឹកនាំតារាខ្មែរកញ្ញា ម៉ាយ៉ា ធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមព្រឹត្តិការណ៍បង្ហាញម៉ូតដ៏ធំមួយនៅទីនោះ។លោកថាកម្មវិធីនេះនឹងធ្វើឡើងនៅទីក្រុង Huston ដែលនាងមានអ្នកបង្ហាញម៉ូត និងអ្នកច្នៃម៉ូតមកពី៥ប្រទេសចូលរួមមានប្រទេសឥណ្ឌា, អារ៉ាប់, ប៉ាគ្គីស្ថាន សហរដ្ឋអាមេរិក, និងកម្ពុជា។
អ្នកច្នៃម៉ូត និងផលិតកម្មវិធីរូបនេះលើកឡើងដែរថានេះគឺជាការលើកកម្ពស់តម្លៃនារីខ្មែរដែលអាចមានសមត្ថភាពទេពកោសល្យ រូបរាងស្រស់សោភា នៅលើឆាកអន្តរជាតិ និងដើម្បីឲ្យពិភពលោកកាន់តែស្គាល់ពីតម្លៃ និងសមត្ថភាពរបស់នារីខ្មែរ។ លោក Remy Hou បញ្ជាក់ថាកន្លងមកលោកធ្លាប់បានបង្កើតព្រឹត្តិការណ៍បង្ហាញម៉ូតអន្តរជាតិជាច្រើនលើករួចមកហើយនៅសហរដ្ឋអាមេរិក ប៉ុន្តែនេះគឺជាលើកទី១ដែលលោកបាននាំតារាបង្ហាញម៉ូតខ្មែរចេញទៅបង្ហាញម៉ូតជាផ្លូវការនៅទីនោះដែលជាក្តីស្រម៉ៃរបស់លោកជាយូរឆ្នាំមកហើយ។ លោកបានត្រៀមទាំងម៉ូតសម្លៀកបំពាក់ ស្បែកជើងនឹងគ្រឿងអលង្ការជាច្រើនដែលច្នៃដោយគំនិតកូនខ្មែរទៅបង្ហាញនៅលើឆាកអន្តរជាតិផងដែរ។
លោករំពឹងថាព្រឹត្តិការណ៍បង្ហាញម៉ូតនៅខែតុលាខាងមុខនេះនឹងទទួលបានការគាំទ្រច្រើនពីមហាជន ហើយព្រឹត្តិការណ៍នេះក៏លោកជឿជាក់ដែរថានឹងអាចជួយលើកកម្ពស់មុខមាត់សិល្បៈជាតិ និងភាពច្នៃប្រឌិតរបស់កូនខ្មែរនៅលើឆាកអន្តរជាតិផងដែរ។
គួរបញ្ជាក់ដែរថា លោក Remy Hou គឺជាអ្នកច្នៃម៉ូតល្បីឈ្មោះម្នាក់ដែលលោកចាប់ផ្តើមការងារច្នៃម៉ូតផ្នែកសម្លៀកបំពាក់ចាប់តាំងពីឆ្នាំ២០០៨ និងម៉ូតស្បែកជើងចាប់តាំងពីឆ្នាំ២០១០។ លោកក៏ធ្លាប់បានរចនាស្បែកជើងឲ្យតារាចម្រៀងអន្តរជាតិដ៏ល្បីឈ្មោះមួយរូបផងដែរ ដែលកន្លងមកលោកក៏ធ្លាប់ធ្វើការស្រាវជ្រាវ និងសិក្សាស្វែងយល់អំពីការរចនាស្បែកជើង និងសម្លៀកបំពាក់នៅកម្ពុជាអស់ជាយ៉ូផងដែរ៕ វឌ្ឍនា