ព័ត៌មានទាន់ហេតុការណ៍៖

ចិនថ្កោលទោសសហរដ្ឋអាមេរិកថា មិនចេះទទួលខុសត្រូវ ចេះតែទម្លាក់កំហុសទៅឲ្យគេ

ចែករំលែក៖

ចិនបានរិះគន់អាមេរិកថា មិនចេះ ទទួលខុសត្រូវ ដោយចេះតែទម្លាក់កំហុសទៅឲ្យគេគ្មានហេតុផល បន្ទាប់ពីប្រធានា ធិបតីដូណាល់ ត្រាំ បានទម្លាក់កំហុសទៅឲ្យទីក្រុងប៉េកាំងថាបានធ្វើឲ្យទំនាក់ទំនង រវាងទីក្រុងវ៉ាស៊ីនតោន នឹងទីក្រុងព្យុងយ៉ាង ជួបផលលំបាក។

កាលពីថ្ងៃទី ៣០ខែសីហា ប្រធានាធិប តីដូណាល់ ត្រាំ «ចាក់មួយកាំបិត»ទៅលើ ចិន តាមរយៈការរិះគន់ថាទីក្រុងប៉េកាំង បានបំផ្លាញការខិតខំបង្កើនទំនាក់ទំនងល្អ រវាងអាមេរិក នឹងកូរ៉េខាងជើង ។ ការលើកឡើងរបស់លោកត្រាំក្នុងពេលដែលមានការថ្កោលទោស ពីមជ្ឈដ្ឋាននានា ពីភាពយឺតយ៉ាវនៅក្នុងដំណើរការរំសាយអាវុធ បរមាណូនៅកូរ៉េខាងជើង។

នៅលើបណ្តាញសង្គម Twitter នា ពេលកន្លងមក លោកត្រាំបានបញ្ជាក់ថា ពេលនេះមិនមានមូលហេតុអ្វីដែលលោកត្រូវចំណាយប្រាក់ជាច្រើនទៅលើសកម្មភាពធ្វើសមយុទ្ធជាមួយកូរ៉េខាងត្បូង ធ្វើឲ្យ ភាគីកូរ៉េខាងជើង ខឹងសម្បានាំឲ្យបាត់បង់ទំនុកចិត្តនោះឡើយ។

ចិន បានថ្កោលទោស លោកត្រាំ ថា មិនទទួលខុសត្រូវ ហើយទម្លាក់កំហុស ទៅឲ្យគេ ដោយគ្មានហេតុផលសមស្រប ។ អ្នកនាំពាក្យក្រសួងការបរទេសចិន បាន បញ្ជាក់ថា ដើម្បីដោះស្រាយបញ្ហាខាងលើអាមេរិកគួរតែសម្លឹងមើលខ្លួនឯងឲ្យបាន ច្បាស់ ជាជាងទម្លាក់កំហុសទៅឲ្យអ្នក ដទៃ។

សារព័ត៌មាន Global Times របស់ចិន បានផ្សាយនូវអត្ថបទវិភាគមួយថា « ទីក្រុងវ៉ាស៊ីនតោនត្រូវតែទទួលខុសត្រូវ ចំពោះ ភាពជាប់គាំង ក្នុងកិច្ចពិភាក្សាជាមួយកូរ៉េខាងជើង»។ សារព័ត៌មានខាងលើក៏បានលើកឡើងពីការវិភាគរបស់ ប្រធានាធិបតី អាមេរិកដូណាល់ ត្រាំ ថាចិនមិនបានជួយដល់ដំណើរការរំសាយអាវុធបរមាណូដូចកាលពីមុន ដោយសារតែចិនមានវិវាទក្នុង វិស័យពាណិជ្ជកម្មជាមួយអាមេរិក។

សារព័ត៌មានចិនបានផ្សាយថា ក្រោយ កិច្ចប្រជុំកំពូលអាមេរិក-កូរ៉េខាងជើង នៅ សិង្ហបុរី ទីក្រុងព្យុងយ៉ាង បានអនុវត្តតាមសេចក្តីប្រកាសពីការរំសាយអាវុធបរមាណូដោយស្មោះ ហើយបានបំផ្លាញទីតាំងសាកល្បងបរមាណូ Punggyeri និងរុះរើទីតាំង សាកល្បង មីស៊ីល ក៏ដូចជា ប្រគល់ធាតុទាហានអាមេរិកដែលបានស្លាប់នៅក្នុង​សង្គ្រាមឧបទ្វីបផងដែរ។ ប៉ុន្តែ ទីក្រុង វ៉ាស៊ីនតោន មិនមានសកម្មភាពណាមួយដែលឲ្យស័ក្តិសមទៅនឹងអ្វីដែលកូរ៉េខាងជើង បានធ្វើនោះឡើយ ដោយបន្តដាក់ ទណ្ឌកម្មបន្ថែមទៀត។

នៅប៉ុន្មានថ្ងៃក្រោយប្រកាសលុបចោលដំណើរទស្សនកិច្ចរបស់ប្រមុខការបរទេសអាមេរិកទៅកាន់កូរ៉េខាងជើង លោក ដូណាល់ ត្រាំ បានត្រលប់មកនិយាយសាជាថ្មីពីសំណុំរឿងនុយក្លេអ៊ែរកូរ៉េខាងជើង។ ដូចមុន លោកបាននិយាយចោទ ប្រទេសចិនថា ជាអ្នកធ្វើឲ្យស្មុគស្មាញ ក្នុងសំណុំរឿងកូរ៉េខាងជើង។

ក្រុមអ្នកឯកទេសបានលើកឡើងថា គ្មានហេតុផលណាមួយដែលត្រូវបន្ទោសចិននោះឡើយ ប៉ុន្តែបើមិនបន្ទោសចិន តើឲ្យទៅបន្ទោសអ្នកណា? ចិនជាភាគី មួយ ដែលលោកដូណាល់ ត្រាំ ងាយនឹង​រកហេតុផលសមស្របជាងគេ ដើម្បីដាក់ បន្ទុក ទម្លាក់កំហុស នៅពេលការចរចាស្តីពីសំណុំរឿងនុយក្លេអ៊ែររបស់កូរ៉េខាងជើង ជាប់គាំង។ ទី១ អ្នកណាក៏ដឹងថា ចិន ជាសម្ពន្ធមិត្តសំខាន់របស់កូរ៉េខាងជើង។ តាមសារTwitter របស់លោកដូណាល់ ត្រាំ ចិនមិនបានចូលរួមជួយដាក់សម្ពាធឲ្យកូរ៉េខាងជើងលះបង់ចោលសកម្មភាពផលិតអាវុធនុយក្លេអ៊ែរនោះទេ។ ផ្ទុយទៅវិញ បើតាមសាររបស់លោកដូណាល់ ត្រាំ ចិនគឺនៅតែបន្តផ្តល់ជំនួយដ៏មហាសាលដល់កូរ៉េខាងជើង ដូចជា លុយ ប្រេង ជី និង ទំនិញសព្វសារពើ ដែលបានជួយឲ្យកូរ៉េខាងជើងរស់យ៉ាងរំភើយ មិនខ្វល់នឹងការដាក់ ទណ្ឌកម្មសេដ្ឋកិច្ច ឬដាក់សម្ពាធពីអាមេរិក និងសហគមន៍អន្តរជាតិឡើយ។

តាមហេតុផលទី២ របស់លោកដូណាល់ ត្រាំ ចិនបានយកជើងរាទឹក ក្នុងការចរចាទៅកាត់រំសាយចោលអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង ព្រោះថា ចិនមិនសប្បាយចិត្ត នឹងការដែលអាមេរិកបានដំឡើងពន្ធលើ ទំនិញចិន នាំចូលទៅអាមេរិក។ នៅក្នុង សារTwitter កាលពីថ្ងៃពុធកន្លងទៅ លោក ដូណាល់ ត្រាំបានបញ្ជាក់ហើយថា ផ្នែក មួយនៃបញ្ហាកូរ៉េខាងជើង គឺបណ្តាលមកពីជម្លោះពាណិជ្ជកម្មជាមួយចិននេះឯង។

ទីក្រុងប៉េកាំងវិញ បានចាត់ទុកការចោទប្រកាន់របស់អាមេរិកថា ជាការគ្មានការ ទទួលខុសត្រូវ និងមិនទំនងទាល់តែ សោះ។ អ្នកនាំពាក្យរបស់ក្រសួងការបរទេសចិននៅបានអំពាវនាវឲ្យអាមេរិកដើរតួនាទីជាវិជ្ជមាន និងស្ថាបនា ដើម្បីដោះស្រាយ បញ្ហា ដូចដែលចិនធ្វើរហូតមក។ មន្រ្តីនាំពាក្យរបស់ក្រសួងការបរទេសចិននៅបាននិយាយឌឺដងថា ដើម្បីដោះស្រាយបញ្ហា អាមេរិកត្រូវរកមើលកំហុសរបស់ខ្លួនជា មុនសិន មុននឹងជះ ទម្លាក់កំហុសលើអ្នក ដទៃ។

លោកដូណាល់ ត្រាំអាចចេះតែរក លេស ទម្លាក់កំហុសលើចិនបានហើយ ព្រោះថា ចិនជាសម្ពន្ធមិត្តរបស់កូរ៉េខាង ជើង។ ម្យ៉ាងទៀត ចិន ប្រាកដជាមិនជួយអាមេរិកដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើងទេ ព្រោះថា ចិនខឹងនឹងអាមេ​ រិកដែលប្រកាសធ្វើសង្រ្គាមពាណិជ្ជកម្មជាមួយចិន។ ចិនអាចមិនជំរុញលើកទឹក ចិត្តកូរ៉េខាងជើង ប៉ុន្តែមិនអាចដាក់ជើង រាទឹកដូចការចោទប្រកាន់របស់លោក ដូណាល់ ត្រាំនោះទេ។ ចិនដែលមានព្រំ ដែនជាប់ជាមួយ កូរ៉េខាងជើង មិនដែល ចង់ឲ្យប្រទេសជិតខាងរបស់ខ្លួនមានអាវុធនុយក្លេអ៊ែរនោះទេ។ ចិនចង់បានណាស់ ឲ្យកូរ៉េខាងជើង រួចផុតពីទណ្ឌកម្មសេដ្ឋកិច្ច ដែលក្រុមប្រឹក្សាសន្តិសុខ បានដាក់ទៅលើ កូរ៉េខាងជើង ដោយសារកម្មវិធីផលិតអាវុធនុយក្លេអ៊ែររបស់ប្រទេសនេះ។ ចិនតាម ពិតមិនចង់ឲ្យមានផ្ទុះសង្រ្គាមរវាងអាមេរិក នឹងកូរ៉េខាងជើងនោះទេ ព្រោះថា បើមានសង្រ្គាមផ្ទុះនៅឧបទ្វីបកូរ៉េ នោះចិនខ្លាច ណាស់ថា វានឹងអាចប៉ះពាល់ដល់សន្តិសុខ និងសេដ្ឋកិច្ចរបស់ចិន។ ចិននឹងត្រូវទទួលបន្ទុកលំហូរប្រជាជនក្រីក្រកូរ៉េខាងជើង បើសិនរបបកុម្មុយនីស្ត ព្យុងយ៉ាងដួលរលំ ដោយប្រការណាមួយ។

សរុបសេចក្តីមក ចិនគឺមិនអាចទៅយក ជើងរាទឹក ជួយជំរុញ ឲ្យកូរ៉េខាងជើងអាចសម្រេចកម្មវិធីផលិតអាវុធនុយក្លេអ៊ែរ ដូច ការចោទប្រកាន់របស់លោកដូណាល់ ត្រាំ នោះទេ។

តាំងពីដើមមកចិនមិនចង់ឲ្យមានវត្តមានទាហានអាមេរិក នៅក្នុងតំបន់នេះឡើយ ប៉ុន្តែដោយសារតែមានវិវាទជាមួយកូរ៉េខាងជើង ទើប អាមេរិក បញ្ជូនទាហានជាច្រើន មកទីនេះសម្រាប់ទប់ទល់កូរ៉េខាងជើង តែការពិត សំដៅទៅលើប្រទេសចិនឯណោះ វិញទេ ក្នុងគោលនយោបាយឡោមព័ទ្ធឥទ្ធិពលរបស់ចិននៅក្នុងតំបន់៕ ម៉ែវ សាធី


ចែករំលែក៖